នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃអាទិត្យ ទី២៩ ខែមិថុនា បាននិយាយថាសង្រ្គាម១២ថ្ងៃជាមួយអ៊ីរ៉ង់បានបង្កើតឱកាស សម្រាប់អ៉ីស្រាអែល ជាពិសេសគឺបើកផ្លូវឆ្ពោះទៅរកការដោះលែងចំណាប់ខ្មាំងនៅសេសសល់ដែលកំពុងជាប់ឃុំក្នុងតំបន់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
អ៉ីស្រាអែលបានឱ្យដឹងថានៅមានចំណាប់ខ្មាំងប្រហែល៥០នាក់ កំពុងជាប់ឃុំក្នុងតំបន់ហ្កាហ្សា ហើយការលើកឡើងខាងលើរបស់លោក Netanyahu ធ្វើឡើងក្នុងថ្ងៃតែមួយដែល តុលាការមួយក្នុងទីក្រុងហ្ស៊េរុយសាឡិម បានសម្រេចលើកពេលសវនាការជំនុំជម្រះលើសំណុំរឿងពុករលួយរបស់នាយករដ្ឋមន្ត្រីអ៉ីស្រាអែលរូបនេះដែលដំបូងឡើយគ្រោងនឹង ធ្វើឡើងដើមសប្ដាហ៍នេះ។
តុលាការកាលពីថ្ងៃអាទិត្យ បានទទួលយកសំណើរបស់លោក Netanyahu ដែលទាមទារឱ្យពន្យារពេលសវនាការ ក្រោមហេតុផលការទូត និងសន្តិសុខ ក្រោយលោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យតុលាការអ៉ីស្រាអែលលុបចោលសវនាការប្រឆាំងលោក Netanyahu។
គួរបញ្ជាក់ថា ប្រធានសេនាធិការយោធាអ៉ីស្រាអែល លោកឧត្តមសេនីយ៍ Eyal Zamir កាលពីថ្ងៃសុក្រសប្ដាហ៍មុន ក៏បានលើកឡើងដែរថាសង្រ្គាមជាមួយអ៉ីរ៉ង់ដែលបានបិទបញ្ចប់ កាលពីថ្ងៃទី២៤ ខែមិថុនា អាចនឹងជួយជំរុញកម្មវត្ថុរបស់អ៉ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាសគាំទ្រដោយអ៉ីរ៉ង់ក្នុងតំបន់ហ្កាហ្សា។ វិទ្យុជាតិអ៉ីស្រាអែលវិញ បាននិយាយថា គណៈរដ្ឋមន្ត្រីសន្តិសុខអ៉ីស្រាអែល បានបើកកិច្ចប្រជុំមួយកាលពីល្ងាចថ្ងៃអាទិត្យ ហើយនឹងជួបប្រជុំគ្នាម្ដងទៀតនៅថ្ងៃចន្ទសប្ដាហ៍នេះ ខណៈរដ្ឋមន្ត្រីកិច្ចការយុទ្ធសាស្ត្ររបស់ អ៉ីស្រាអែល លោក Ron Dermer ជាមនុស្សជំនិតម្នាក់របស់លោក Netanyahu ត្រូវបានរំពឹងថាធ្វើដំណើរទៅកាន់សេតវិមានដើម្បីចូលរួមក្នុងកិច្ចពិភាក្សាស្ដីពីអ៉ីរ៉ង់ និងហ្កាហ្សា នៅថ្ងៃចន្ទសប្ដាហ៍នេះ៕
