ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ បានបង្ហាញពីវីដេអូកម្មវិធីមួយមានឈ្មោះថា “ស្វ័យវិជ្ជាអក្ខរកម្មមេឌា” ដែលជាប្រព័ន្ធផ្ញើសារស្វ័យប្រវត្តិដើម្បីស្វែងយល់ពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន។ ក្រសួងបញ្ជាក់នៅលើផេករបស់ខ្លួនថា Chatbotនេះ ត្រូវបានអភិវឌ្ឍឡើងដោយនាយកដ្ឋានបរិវត្តកម្មឌីជីថលនៃក្រសួងអប់រំ ក្រោមការគាំទ្រដោយអង្គការ DW Akademie។
ក្រសួងអប់រំបានពន្យល់អំពី “ស្វ័យវិជ្ជាអក្ខរកម្មមេឌា” ថា ជាកម្មវិធីដែលត្រូវបានអភិវឌ្ឍឡើងដើម្បី៖ ១.លើកកម្ពស់កម្មវិធីស្វ័យសិក្សា តាមរយៈការផ្តល់ជូននូវមេរៀន ឯកសារ វីដេអូ រូបភាព សំណួរចម្លើយ និងព័ត៌មានសំខាន់ជុំវិញចំណេះដឹងស្ដីពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន។ ២.លើកកម្ពស់កម្មវិធីអប់រំបែបឌីជីថល បង្កើនភាពងាយស្រួលដល់ការសិក្សាស្រាវជ្រាវ ដែលអាចប្រើប្រាស់បានគ្រប់ពេលវេលា គ្រប់ទីកន្លែង និងមានភាពបត់បែន។ ៣.កសាងជំនាញភាពជាពលរដ្ឋឌីជីថល អភិវឌ្ឍការគិតបែបត្រិះរិះពិចារណា ការវាយតម្លៃ និងទប់ស្កាត់ការបោកបញ្ឆោតដោយសារព័ត៌មានមិនពិត។ ៤.ជំនួយគ្រូបង្រៀន លើកកម្ពស់ការចូលរួមរបស់សិស្សក្នុងកម្មវិធីសិក្សា ប្រកបដោយប្រសិទ្ធភាព វាស់ស្ទង់កម្រិតនៃការចេះដឹង និងបំណិនផ្នែកអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន។
សូមជម្រាបបន្ថែមថា ប្រព័ន្ធផ្ញើសារស្វ័យប្រវត្តិតាមតេលេក្រាម “ស្វ័យវិជ្ជាអក្ខរកម្មមេឌា” ជាប្រព័ន្ធឌីជីថលប្រកបដោយអត្ថប្រយោជន៍ ដែលគ្រូបង្រៀន និងសិស្សានុសិស្សគួរប្រើប្រាស់ដើម្បីលើកកម្ពស់កម្មវិធីស្វ័យសិក្សាស្ដីពីអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ទាញយកប្រយោជន៍ បង្កើនចំណេះដឹង កាត់បន្ថយហានិភ័យ ការពារសុវត្ថិភាពលើបណ្ដាញអ៊ីនធឺណិត ប្រើប្រាស់បណ្ដាញសង្គមប្រកបដោយប្រសិទ្ធភាព ឆ្លាតវៃ និងការទទួលខុសត្រូវ ព្រមទាំងជំនាញភាពជាពលរដ្ឋឌីជីថល។ កម្មវិធីនេះ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា ដាក់ឱ្យប្រើប្រាស់តាមពីឆ្នាំ២០២៤មកម្ល៉េះ៕






