ក្រោមការធ្វើបត្យាប័នរវាងរដ្ឋាភិបាលប្រទេសទាំងពីរ ដែលជាការអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទ «គំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោស»។
អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន បានឱ្យដឹងថា អតីតឧកញ៉ា ហេង សិទ្ធី ត្រូវបានបញ្ជូនមកកម្ពុជា គឺអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ ដែលបានចោទប្រកាន់ពីបទ «គំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោស» ប្រព្រឹត្តនៅប្រទេសកម្ពុជា ក្នុងខែ វិច្ឆិកា ឆ្នាំ២០២៤ ។ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាម បញ្ញត្តិមាត្រា៣៧២ និងមាត្រា ៣៧៤ នៃក្រមព្រហ្មទណ្ឌ។
លោកបានបន្ថែមថា ការចាប់បញ្ជូនមកកម្ពុជា គឺក្រោមការធ្វើបត្យាប័នរវាងរដ្ឋាភិបាលប្រទេសទាំងពីរ តាមសំណើរបស់ INTERPOL កម្ពុជា អគ្គលេខាធិការដ្ឋាននគរបាលអន្តរជាតិបានចេញនិវេទន៍ក្រហម ជូនដំណឹងដល់បណ្តាប្រទេសជាសមាជិកដើម្បីផ្តល់កិច្ចសហការស្វែងរកនិងឃាត់ខ្លួនបុគ្គល ហេង សិទ្ធី ប្រគល់ជូនអាជ្ញាធរកម្ពុជាដើម្បីបន្តនីតិវិធី។
ផ្អែកលើនិវេទន៍ក្រហមរបស់កម្ពុជា INTERPOL ទីក្រុងម៉ូស្គូប្រទេសរុស្ស៊ី បានឃាត់ខ្លួនបុគ្គល ហេង សិទ្ធី នៅថ្ងៃ១៣ មករា ២០២៥ ប្រហែលម៉ោង១៩:០០នាទី ម៉ោងនៅកម្ពុជានៅចំណុចស្ថានីយ៍រថភ្លើង នៃទី ក្រុង St. Petersburg ក្នុងគោលបំណងធ្វើដំណើរទៅទីក្រុងម៉ូស្គូ។
លោក ឆាយ គឹមខឿន បញ្ជាក់ថា អនុលោមតាមច្បាប់ប្រទេសរុស្ស៊ី និងច្បាប់ស្តីពីបត្យាប័នរវាង ព្រះរាជាណា ចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី ក្រសួងមហាផ្ទៃដែលមានអគ្គស្នងការដ្ឋាននគរបាលជាតិជាសេនាធិការ បានជូន ព័ត៌មានទៅក្រសួងយុត្តិធម៌ ដែលមានសមត្ថកិច្ចជាអាជ្ញាធរកណ្តាល និងក្រសួងការបរទេស និងសហប្រតិបត្តិ ការអន្តរជាតិ រួមទាំងស្ថានទូត រុស្ស៊ីប្រចាំកម្ពុជា ដើម្បីបំពេញបែបបទស្នើសុំធ្វើបត្យាប័នបុគ្គលត្រូវចោទ ហេង សិទ្ធី យកមកជំនុំជម្រះទោសតាមនីតិវិធីច្បាប់នៃព្រះរាជាណាចក្រកម្ពុជា៕

