កម្លាំងអាវុធហត្ថខេត្តព្រៃវែង បង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ២នាក់រួមនឹងគ្រឿងញៀនជិត៤គីឡូក្រាម នៅស្រុកពាមរក៍

​ព្រៃវែង៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តព្រៃវែង បង្ក្រាបនិងឃាត់ខ្លួនរួមនឹងគ្រឿងញៀនជិត៤គីឡូក្រាម និងដកហូតបាន​ឧបករណ៍ ហើយ​និង​សម្ភារ​ជាច្រើន​ទៀត នៅស្រុកពាមរក៍ ខេត្តព្រៃវែង។

​បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រៃវែងកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្តព្រៃវែង នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥។

យោងតាម​សមត្ថកិច្ច​បានឲ្យដឹងថាការបង្ក្រាបនេះបានដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឈួន គីមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង និងមានការសម្របសម្រួលពីលោក គុជ គីមឡុង ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តព្រៃវែងនៅវេលាម៉ោង ១៦ និង៣០នាទី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពាមរក៍ ដឹកនាំដោយលោកវរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានចុះបង្រ្កាបបទល្មើសគ្រឿងញៀន ចំណុចមុខសាលាឃុំអ្នកលឿង ស្ថិតនៅភូមិអ្នកលឿង ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង។​

ប្រភពបានបន្តទៀតថាក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ឈ្មោះ ឃុន សីហា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិសន្លូង ឃុំសន្លូង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងឈ្មោះ ឌុច ចន្តា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល និងដកវត្ថុតាង​។

សមត្ថកិច្ច​បានឲ្យដឹងទៀតថា​តាមចម្លើយសារភាពរបស់ ឈ្មោះ ឌុច ចន្តា ចំពោះថ្នាំញៀននេះគឺរូបគេបានទិញពីឈ្មោះ យួន រស់នៅស្រុកលើកដែក ខេត្តកណ្តាល បន្ទាប់មកដោយមានការសម្របសម្រួលនីតិវិធីពី លោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តព្រៃវែង និងលោក ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង បានសុំពន្លាតដែនសមត្ថកិច្ចសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកលើកដែក ខេត្តកណ្តាល ឃាត់ខ្លួនបានជនសង្ស័យចំនួន០១នាក់ទៀត ឈ្មោះង្វៀង យុំាងឌឹក ហៅ យួន ភេទប្រុសអាយុ២១ឆ្នាំ ជនជាតិវៀតណាមរស់នៅភួមិកំពង់ចំលង ឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្តកណ្តាល វត្ថុតាងដកហូតបាន​សារធាតុគ្រឿងញៀនទម្ងន់ ជាង៣,៦​គីឡូក្រាម ​រួមទាំងវត្ថុតាងផ្សេងទៀត៕