ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានផ្ដល់អនុសាសន៍ឱ្យសមាគមធ្វើវិសោធនកម្មលក្ខន្តិកៈសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីបញ្ចូលនិវត្តជនទូទៅដែលជាមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ចូលក្នុងក្របខណ្ឌសមាគមអតីតយុទ្ធជន។ ជាមួយគ្នានេះ សម្ដេចតេជោក៏បានណែនាំឱ្យពិចារណាពិនិត្យក្នុងការផ្លាស់ប្ដូរឈ្មោះបន្ថែមទៀត ដើម្បីមានវិសាលភាពគ្របដណ្ដប់ទៅលើការគ្រប់គ្រងនិវត្តជន ទាំងមន្ត្រីរាជការស៊ីវិល និងកម្លាំងប្រដាប់អាវុធ។
អនុសាសន៍ដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ នៅវិមាន៧មករា ក្នុងឱកាសសម្ដេចអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារព័ត៌មានផ្សព្វផ្សាយរបស់សមាគមអតីតយុទ្ធជនកម្ពុជា (C.V.A)។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា កិច្ចប្រជុំនេះមានគោលដៅសំខាន់ គឺ ដោះស្រាយនូវបញ្ហាប្រឈមនានារបស់សមាគមអតីតយុទ្ធជនកម្ពុជា ដែលបានកើតឡើងនាពេលកន្លងមក និងដាក់ទិសដៅការងារបន្តទៀតសម្រាប់សមាគមអនុវត្តបន្ត។
ក្នុងកិច្ចប្រជុំនោះ សម្ដេចតេជោ ហ៊ុន សែន បានរៀបចំឱ្យដំណើរការនៃក្រុមព័ត៌មានរបស់សមាគមអតីតយុទ្ធជនកម្ពុជា ដោយដាក់ឲ្យដំណើរការផ្លូវការនូវបណ្ដាញសង្គមរបស់សមាគមអតីតយុទ្ធជនកម្ពុជា ដែលមានដូចជា Facebook, Telegram ,Youtube, និង TikTok ជាដើម។
ទន្ទឹមគ្នានេះ សម្ដេចតេជោក៏បានលើកឡើងនូវចំណុចស្នូលសំខាន់ៗទាក់ទងទៅនឹងការធ្វើវិសោធនកម្មលក្ខន្តិកៈសមាគមអតីតយុទ្ធជនកម្ពុជាផងដែរ។ ដោយសម្ដេចផ្ដល់អនុសាសន៍ឱ្យមានការរៀបចំដើម្បីឈានទៅដល់ការធ្វើវិសោធនកម្មលក្ខន្តិកៈអតីតយុទ្ធជនកម្ពុជា សំដៅធ្វើយ៉ាងណាឈានទៅដល់ការគ្រប់គ្រង និងជួយជ្រោមជ្រែងបន្ថែមទៀតដល់និវត្តជនទូទៅដោយមិនចំពោះតែអតីតយុទ្ធជនដូចកន្លងមកទេ។
គួរបញ្ជាក់ជូនដែរថា អនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាពេលនេះក្នុងគោលដៅដើម្បីគ្រប់គ្រងទៅលើដំណើរការនៃនិវត្តជនទូទៅ និងការយកចិត្តទុកដាក់ជ្រោមជ្រែងឧបត្ថម្ភតាមការពិនិត្យឃើញជាក់ស្ដែងទៅលើនិវត្តជនទាំងអស់ដោយមិនចំពោះតែមន្ត្រីអតីតយុទ្ធជននោះទេ៕


