ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥នេះ បានបង្ហាញពីឆានែលតេឡេក្រាមផ្លូវការរបស់ខ្លួន ដើម្បីឱ្យសាធារណជន និងសិស្សានុសិស្សទទួលបានព័ត៌មានសំខាន់ថ្មីៗជុំវិញវិស័យអប់រំ ក៏ដូចជាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥។
ក្រសួងអប់រំបានឱ្យដឹងតាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា ដើម្បីទទួលបានព័ត៌មានសំខាន់ថ្មីៗជុំវិញវិស័យអប់រំ និងការប្រឡងបាក់ឌុប សម័យប្រឡង៖ ១៨ សីហា ២០២៥ សូមចុចនូវតំណភ្ជាប់តេឡេក្រាមដែលក្រសួងបានដាក់នៅលើផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួន(https://t.me/moeysnews, https://linktr.ee/moeyscambodia #telegram #BacII2025)។
គួរបញ្ជាក់ជូនដែរថា ឆ្នាំ២០២៥នេះការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវក្រសួងអប់រំសម្រេចបង្ខិតពេលមកប្រឡងនៅថ្ងៃទី១៨-១៩ ខែសីហា ឆ្នាំ២០២៥ ជំនួសខែតុលាវិញ។
ចំពោះការបង្ខិតពេលនេះ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ បានពន្យល់ថា ដើម្បីទុកឱកាសដល់បេក្ខជនអាចមានពេលវេលាដាក់ពាក្យ ឬអាហារូបករណ៍ទៅរៀននៅបរទេសបាន។
សូមរម្លឹកថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ០៨ តុលា ២០២៤ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៣៧.០៤០នាក់ ក្នុងនោះស្រី ៧៤.៨៨២នាក់ ចំណែកមណ្ឌលប្រឡងមានសរុប២៣០មណ្ឌល ត្រូវជា៥.៥៣៣បន្ទប់។
ចំណែកលទ្ធផលនៃការប្រឡង គឺមានបេក្ខជនប្រឡងជាប់ជាង១សែននាក់ ស្មើនឹង៧៩% ក្នុងនោះបេក្ខជនជាប់និទ្ទេសAចំនួន ២២១៦នាក់ និទ្ទេសBមាន ៩៧០១នាក់ និទ្ទេសCមាន ២២.៦៧៥នាក់ និទ្ទេសDមាន ៣៦.៦៨៣នាក់ និងនិទ្ទេសE មានចំនួន៣៥.០៧៦នាក់។
ដំណើរការការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ គឺប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របតាមពាក្យថា «អ្នកចេះគឺជាប់»៕





