បន្ទាយមានជ័យ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដោយឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមពិធីប្រារព្ធខួបលើកទី១៦២ អបអរទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែឧសភា ឆ្នាំ២០២៥។
ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណដឹងគុណដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានតែងតាំង ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ។ ឯកឧត្តមរដ្ឋមន្ត្រី បង្ហាញគោលជំហរប្តេជ្ញាបន្តជំរុញចលនាគាំទ្រឱ្យមានភាពសកម្មបន្ថែមទៀតនូវការងារមនុស្សធម៌ជួយបងប្អូនដែលជួបទុក្ខលំបាក ប្រកបដោយប្រសិទ្ធភាព។
ក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាពសកម្ម និងលទ្ធផលការងារ ដែលគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យសម្រេចបាននាពេលកន្លងមក ក្នុងការជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗដូចជា គ្រោះទឹកជំនន់ រាំងស្ងួត ខ្យល់កន្ត្រាក់ ភ្លេីងឆេះនិងបញ្ហាប្រឈមផ្សេងៗទៀត។
បើតាមឯកឧត្តមរដ្ឋមន្ដ្រី កាកបាទក្រហមកម្ពុជានឹងមិនទុកនរណាម្នាក់ចោលឡើយ និងបានដាក់ពង្រាយដល់គ្រប់ភូមិ-ឃុំទូទាំងខេត្ត ដែលជាសរសៃឈាម ភ្នែកស្តែងចេញជាសកម្មភាពជួយប្រជាពលរដ្ឋបានទាន់ពេលវេលា។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណនូវទឹកចិត្តដ៏ល្អប្រពៃដល់សមាជិក សមាជិកាសប្បុរសជនទាំងអស់ដែលបានចូលរួមយ៉ាងច្រេីនអនេក និងបានអំពាវនាវឱ្យបន្តជួយគាំទ្រតទៅមុខបន្ថែមទៀតតាមលទ្ធភាព និងទឹកចិត្ត សំដៅជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះប្រកបដោយបរិយាបន្ន និងជូនពរដល់អង្គពិធីទទួលបានជោគជ័យ សុខសុភមង្គលក្រោមម្លប់សុខសន្តិភាព៕











