សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីសម្ពោធអគារអន្តេវាសិកដ្ឋានតេជោសន្តិភាព និងសមិទ្ធផលនានានៅវត្តស្វាយពពែ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៥នេះ។
ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាបានថ្លែងថា “បច្ចុប្បន្ន ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ផ្តល់ការបណ្តុះបណ្តាល ៤ កម្រិត ៖ ១.ថ្នាក់បរិញ្ញាបត្ររង ២.ថ្នាក់បរិញ្ញាបត្រ ៣.ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៤.ថ្នាក់បណ្ឌិត សមណនិស្សិត និស្សិតកំពុង សិក្សាទាំង៤ កម្រិត សរុបមានចំនួន ២ ៣៤៥ អង្គ/នាក់”។ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានបន្តថា “សំរាប់សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធរូបវន្តមានចំនួន ៧ អគារ ទី១. អគារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនី កម្ពស់៣ ជាន់ ៩ បន្ទប់។ទី២. អគារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន កម្ពស់ ៤ ជាន់ ២៤ បន្ទប់។ ទី៣. អគារសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី កម្ពស់ ៩ ជាន់ ៤៥ បន្ទប់។ទី៤. អគាររដ្ឋបាល កម្ពស់ ២ ជាន់។ ទី៥. ប៉ុស្តិ៍សុខភាព។ទី៦. អន្តេវាសិកដ្ឋាន តេជោសន្តិភាព កម្ពស់ ៤ ជាន់ ៣០ បន្ទប់។ ទី៧. អន្តេវាសិកដ្ឋាន សម្តេចតេជោសន្តិភាព កម្ពស់ ៧ ជាន់ (កំពុងសាងសង់)។ទី៨. ចាក់បេតុងនិងក្រាលកៅស៊ូក្នុងបរិវេណសាកលវិទ្យាល័យទាំងមូល”។
សូមជម្រាបថថា សមិទ្ធផលដែលត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមាន ៖ អគារអន្តេវាសិកដ្ឋានតេជោសន្តិភាព កម្ពស់ ៥ ជាន់ មាន ៣០ បន្ទប់។ ចាក់បេតុងនិងក្រាលកៅស៊ូផ្លូវ ក្នុងបរិវេណសាកលវិទ្យាល័យទាំងមូល អគារអន្តេវាសិកដ្ឋានតេជោសន្តិភាពនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា មានទទឹងប្រវែង៧.៥ម៉ែត្រ បណ្តោយប្រវែង៣៦ម៉ែត្រ កម្ពស់៥ជាន់ ត្រូវនឹង៣០បន្ទប់ ក្នុងបន្ទប់នីមួយៗ មានបំពាក់គ្រែកម្ពស់៣ថ្នាក់ចំនួន២ សម្រាប់និស្សិតស្នាក់នៅចំនួន៦នាក់ សរុបអាចឱ្យនិស្សិតស្នាក់នៅចំនួន១៨០នាក់។
អគារនេះ ត្រូវបានសាងសង់ឡើងប្រើរយៈពេល១២ខែ ដោយបានប្រកាសសាងសង់នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ក្នុងពិធីសម្ពោធដាក់ឱ្យ ប្រើប្រាស់ “អគារសម្តេចព្រះមហាសង្ឃរាជ បូរ ត្រី” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភាជាតិនៃព្រះ រាជាណាចក្រកម្ពុជា។ ក្នុងពិធីសម្ពោធនោះដែរ សម្តេចតេជោ បានឧបត្ថម្ភក្នុងការធ្វើផ្លូវកៅស៊ូ ក្រាលបេតុងទូទាំង បរិវេណវត្តស្វាយពពែ និងសួនច្បារមេត្តាសន្តិភាពខាងមុខនិងក្នុងបរិវេណវត្តស្វាយពពែផងដែរ៕

















