ស្វាយរៀង៖ ជនសង្ស័យម្នាក់បានរងរបួសធ្ងន់ និងបក្សពួក២នាក់ទៀត ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅភូមិកណ្តាល ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ ក្រោយបាញ់តដៃសមត្ថកិច្ច ខណៈសមត្ថកិច្ចចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនពីបទ រំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅចំណុចភូមិអំពៅព្រៃ ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង កាលពីថ្ងៃទី១១ ខែកក្កដាឆ្នាំ២០២៣ ។
យោងតាមការឱ្យដឹងពីសមត្ថកិច្ច ថា នៅវេលាម៉ោង ៩:៣០ នាទីព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរង បានដឹកនាំកម្លាំងជំនាញខេត្ត ចុះមកសហការជាមួយ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ និងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុតហត្ថខេត្ត ដឹកនាំដោយលោកវរសេនីយ៍ទោ សៅ ផល្លី ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កម្លាំងកងរាជអាវុធហត្ថស្រុក ដឹកនាំដោយលោកវរសេនីយ៍ទោ ចេវ សុគន្ធ មេបញ្ជាការកងរាជអាវុធហត្ថស្រុក កម្លាំងផ្នែកសឹករងស្រុក ដឹកនាំដោយលោកវរសេនីយ៍ទោ ជេត សាមន មេបញ្ជាការផ្នែកសឹករងស្រុក ព្រមទាំងប៉ុស្តិ៍នគរបាលការពារព្រំដែនគ្រួស ដឹកនាំដោយលោកវរសេនីយ៍ត្រី សុិន វិសាល មេប៉ុស្តិ៍ការពារព្រំដែនគ្រួស បានចុះអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៥៤៧ ចុះថ្ងៃទី១០ ខែតុលាឆ្នាំ២០២៣ ចេញដោយលោក ចុក ងួន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តស្វាយរៀង ឱ្យចាប់ខ្លួនឈ្មោះ អ៊ុច អ៊ាន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិក្រសាំងជ្រំ ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ពីបទរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅចំណុចភូមិអំពៅព្រៃ ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣។
ប្រភពបានបន្តទៀតថា នៅពេលកម្លាំងសមត្ថកិច្ចសហការគ្នាចុះទៅអនុវត្តតាមដីកាមុខសញ្ញាមានដីកាចាប់ខ្លួននោះ ឈ្មោះ អ៊ុច អ៊ាន មានបក្សពួកចំនួន ៣នាក់ ឈ្មោះមាក សាំសូរិយា ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិកណ្ដាល ឃុំគ្រួស (ម្ចាស់ផ្ទះ), ឈ្មោះ នី កក្ដដា ហៅច្រាង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិក្រសាំងជ្រំ ឃុំគ្រួស និងឈ្មោះ អ៊ុច អ៊ាន មិនសហការជាមួយសមត្ថកិច្ច ដោយមានកាន់កាំភ្លើងខ្លី ពណ៌ខ្មៅមួយដើម បានបាញ់លើសមត្ថកិច្ចជាច្រើនគ្រាប់ ហើយរត់គេចខ្លួនចូលទៅពួនក្នុងផ្ទះ ឈ្មោះមឿង សាវុនភេទស្រី អាយុ៥៥ឆ្នាំ នៅភូមិកណ្តាល ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
បន្ទាប់មកលោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរង និង លោក វរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានរាយការណ៍ជូន លោកឧត្តមសេនីយ៍ទោ ស្នងការ និងមានការអនុញ្ញាត ពីលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ឱ្យសមត្ថកិច្ចដាក់កម្លាំងឡោមព័ទ្ធរកគ្រប់វិធីចាប់មុខសញ្ញា។ រហូតដល់ម៉ោង១៣.៤៥នាទី ទើបសមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញាទាំង ៣នាក់បាន នៅពេលចូលទៅឃាត់ខ្លួនមុខសញ្ញាឈ្មោះ អ៊ុច អ៊ាន នោះសមត្ថកិច្ចបានប្រើប្រាស់វិធានការការពារខ្លួនបាញ់តបត ទៅវិញដើម្បីរំដោះខ្លួនពីការបាញ់របស់មុខសញ្ញា បណ្តាលឲ្យឈ្មោះ អ៊ុច អ៊ាន មានរបួសស្នាមត្រង់ដៃខាងឆ្វេង។ បច្ចុប្បន្ន ឈ្មោះ អ៊ុច អ៊ាន ត្រូវបានបញ្ជូនទៅមន្ទីពេទ្យបង្អែកខេត្តស្វាយរៀង។
ចំណែកជនសង្ស័យឈ្មោះ មាក សាំសូរិយា និងឈ្មោះ នី កក្ដដា សមត្ថកិច្ចបាននាំខ្លួនមកអធិការនគរបាលស្រុកស្វាយជ្រំ ដើម្បីសួរនាំ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា កន្លងមកពួកខ្លួនបានដឹងថាឈ្មោះ អ៊ុច អ៊ាន ធ្លាប់ធ្វើសកម្មភាពលួចជាច្រើនលើក ពេលលួចបានជូនកាលបានយកលុយមកប៉ាវពួកខ្លួនផឹកស៊ី និងបានដឹងថា ឈ្មោះ អ៊ុច អ៊ាន មានកាំភ្លើងប្រើប្រាស់តែពួកខ្លួនលាក់មិនប្ដឹងសមត្ថកិច្ចណាទេ។ សមត្ថកិច្ចបានធ្វើតេស្ដម៉ូតទឹកនោម លើជនសង្ស័យទាំង២នាក់លទ្ធផល វិជ្ជមាន។
បច្ចុប្បន្ន សមត្ថកិច្ចបានដកហូតវត្ថុតាង កាំភ្លើងខ្លីកែឆ្នៃ ពណ៌ខ្មៅចំនួន ១ដើម ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន ១ឈុត ផងដែរ៕










