សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបពិធីសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ជាង៥ពាន់នាក់

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ។


ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងថា “ កម្មវិធីថ្ងៃនេះ គឺជាកម្មវិធីជួបជុំថ្នាក់ដឹកនាំ សហជីពមូលដ្ឋានដ៏ច្រើនជាងគេរហូតដល់ជាង ១ ២០០សហជីព ថ្នាក់ដឹកនាំសហព័ន្ធសហជីព ចំនួន ១៨១សហព័ន្ធ សមាគមនិយោជក សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមផ្សេងៗចំនួន ៣៦សមាគម ដែលសរុបអ្នកចូលរួមចំនួនប្រមាណជាង ៥ពាន់នាក់” ។

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងថា “ការជ្រើសរើសប្រធានបទ “រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាពធន់” នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥ នេះ គឺជាសក្ខីភាពនៃការប្តេជ្ញាចិត្តខ្ពស់ របស់រាជរដ្ឋាភិបាល ក្នុងការបន្តលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិការងារ សេរីភាពអង្គការវិជ្ជាជីវៈ និងអត្ថប្រយោជន៍នានា របស់បងប្អូនកម្មករនិយោជិត និងពង្រឹងយន្តការបង្ការ និងដោះស្រាយ វិវាទការងារ ដែលអាចកើតមានឡើងជាសត្យានុម័ត សំដៅធ្វើឱ្យមានភាពកាន់តែល្អប្រសើរឡើងនៃ ទំនាក់ទំនងវិជ្ជាជីវៈនៅកន្លែងធ្វើការ ដោយប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ”។


ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងរាយការណ៍អំពីវឌ្ឍនភាពនៃការអនុវត្តអនុសាសន៍គន្លឹះរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ទាំង ១០ចំណុច ក្នុងពិធីសំណេះសំណាលកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ដោយសម្រេចបានសមិទ្ធផលដូចជា ៖ ១. បានបន្ថែមតួលេខ ២ដុល្លាររបស់ សម្តេចធិបតី លើតួលេខ ២០៦ដុល្លារ របស់ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលធ្វើឱ្យប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥ កើន ដល់ចំនួន ២០៨ដុល្លារអាម៉េរិក និងបានកំពុងអនុវត្តដោយជោគជ័យ។ ប្រសិនបើបូកបន្ថែម ប្រាក់អត្ថប្រយោជន៍ជាកាតព្វកិច្ចផ្សេងៗទៀត កម្មករនិយោជិតទទួលបានប្រាក់ឈ្នួលទាបបំផុត ចន្លោះពី ២២៥ដុល្លារអាម៉េរិក ដល់ ២៣៦ដុល្លារអាម៉េរិកក្នុងមួយខែ។

២. បានពង្រីករបបថែទាំសុខភាពជូនអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. និងបុគ្គលស្វ័យ និយោជន៍ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត និងផ្តើមចេញពីបុគ្គលស្វ័យនិយោជន៍ ដោយ គិតត្រឹមខែមីនា ឆ្នាំ២០២៥ នេះ បានចុះបញ្ជីកាជូនអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ប្រមាណ ១,៨ម៉ឺននាក់ និងបុគ្គលស្វ័យនិយោជន៍ប្រមាណ ៤,៩ម៉ឺននាក់។៣. គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ បានបន្តអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ មានអ្នកស្នើចុះ ឈ្មោះចូលរៀនប្រមាណ ១១,៣ម៉ឺននាក់, សិស្សកំពុងសិក្សា និងបញ្ចប់ការសិក្សាប្រមាណ ៧,២ ម៉ឺននាក់, និងសិស្សទទួលបានការងារធ្វើប្រមាណ ១,៦ម៉ឺននាក់។

៤. បានជំរុញឱ្យវិស័យឯកជនទទួលយកសិស្ស និស្សិតហាត់ការនៅកន្លែងការងារ និងបាន ជំរុញការអនុវត្តកាតព្វកិច្ចហ្វឹកហ្វឺនកូនជាង ដោយគិតត្រឹមខែមីនា ឆ្នាំ២០២៥ នេះ បានហ្វឹកហ្វឺន កូនជាងសរុបប្រមាណជាង ៦ម៉ឺននាក់។

៥. គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ បានអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រី មានផ្ទៃពោះមុនពេលសម្រាលកូន និងក្រោយពេលសម្រាលកូនរហូតដល់កូនអាយុ ២ឆ្នាំ ចំនួន ១៤លើក ដោយមួយលើក ទទួលបានថវិកាចំនួន ៨ម៉ឺនរៀល និងប្រាក់ឧបត្ថម្ភពេលសម្រាល កូនចំនួន ៨០ម៉ឺនរៀលបានចំណាយថវិកាប្រមាណ ៣៣០ពាន់លានរៀល ដោយមានស្ត្រីជាម្តាយ ចំនួនជាង ៦៤ម៉ឺននាក់ និងកូនជាង ៦៦ម៉ឺននាក់ បានទទួលផលពីកម្មវិធីនេះ។

៦. បានដាក់ឱ្យអនុវត្តនូវការជ្រើសរើសពានរង្វាន់ “សហគ្រាសមួយជាសហគមន៍សុខសាន្ត មួយ” ប្រចាំឆ្នាំ២០២៥ ដោយផ្អែកលើលក្ខណវិនិច្ឆ័យអនុលោមភាពចំនួន ៨ និងកំណត់យក ថ្ងៃទី១ ខែឧសភា ជាថ្ងៃប្រគល់ពានរង្វាន់ជារៀងរាល់ឆ្នាំ។ សម្រាប់ឆ្នាំ២០២៥ នេះ គឺជាឆ្នាំដំបូង នៃការប្រគល់ពានរង្វាន់ ដោយមានសហគ្រាសចំនួន ៣៦ ដែលត្រូវបានវាយតម្លៃ និងជ្រើសរើស ឱ្យទទួលបានពានរង្វាន់ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ”។

៧. បានពន្យល់ណែនាំសហគ្រាស គ្រឹះស្ថាន ទាក់ទងនឹងការកសាងទារកដ្ឋាន ដោយ រោងចក្រ ម៉ាវ៉ល ហ្គាមិន ឯ.ក (Marvel Garment Co., Ltd.) នៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ បានសាងសង់រួចរាល់ និងបានសម្ពោធដាក់ឱ្យដំណើរការកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ នេះ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី និងមានរោងចក្រចំនួន ២ទៀត ដែលបាននិងកំពុងចាប់ផ្តើមការសាងសង់នៅក្នុងឆ្នាំ២០២៥ ព្រមទាំងរោងចក្រផ្សេងទៀតដែល នឹងស្ម័គ្រចិត្តចូលរួមផងដែរ។

៨.បានស្វែងរកយន្តការផ្លាស់ប្តូរជាបណ្តើរៗនូវមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត ដែល ស្របតាមបទដ្ឋាន និងផាសុកភាពជាងមុន ដោយបានសហការជាមួយក្រុមហ៊ុនផលិតរថយន្ត នៅក្នុងស្រុក ដើម្បីផលិតរថយន្តដឹកកម្មករនិយោជិតថ្មី ដែលមានលក្ខណៈស្របតាមបច្ចេកទេស និងមានភាពសុវត្ថិភាពជាងមុន។

៩. បានរៀបចំកម្មវិធីចុះសួរសុខទុក្ខ និងសំណេះសំណាលរបស់ថ្នាក់ដឹកនាំក្រសួងជាមួយ បងប្អូនកម្មករនិយោជិតនៅតាមសហគ្រាស គ្រឹះស្ថានចាប់ពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ដល់ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ នេះ បានចំនួន ៧៨សហគ្រាស គ្រឹះស្ថាន មានកម្មករនិយោជិតសរុប ប្រមាណជាង ១៥ម៉ឺននាក់ ដើម្បីសិក្សា និងជំរុញការកែលម្អកន្លែងហូបបាយ ឬអាហារដ្ឋាននៅតាម រោងចក្រ សហគ្រាស ដែលកំពុងដំណើរការ ព្រមទាំងតម្រូវឱ្យមានការរៀបចំកន្លែងហូបបាយ ឬ អាហារដ្ឋានសម្រាប់រោងចក្រ សហគ្រាសដែលត្រូវបង្កើតថ្មី និងបន្តចុះតាមយុទ្ធសាស្ត្រភ្លៀងរលឹម។

១០. បានជំរុញកម្មវិធីធ្វើតេស្តវាយតម្លៃសមត្ថភាពទទួលស្គាល់ជំនាញ ដើម្បីផ្តល់ឱកាស ដល់បងប្អូនកម្មករនិយោជិតទាំងក្នុង និងក្រៅប្រទេស និងបុគ្គលសេដ្ឋកិច្ចក្រៅប្រព័ន្ធ អាចស្នើសុំ ធ្វើតេស្តវាយតម្លៃទទួលបានវិញ្ញាបនបត្រគុណវុឌ្ឍជាតិ ដើម្បីបង្ហាញពីសមត្ថភាព និងកម្រិតជំនាញ របស់ខ្លួន ដោយក្រសួងបានកំណត់លក្ខខណ្ឌសម្រាប់ចូលធ្វើតេស្ត, យន្តការធានាគុណភាព និង តម្លាភាពនៃការធ្វើតេស្ត, និងការជ្រើសរើសមជ្ឈមណ្ឌលសម្រាប់ធ្វើតេស្តបន្ថែមទៀត៕