មេគយកម្ពុជា ណែនាំឱ្យមន្ត្រីគយ ដែលឈរជើងតាមមាត់ច្រកព្រំដែនកម្ពុជា-ថៃអនុវត្តឱ្យបានម៉ឹងម៉ាត់នូវវិធានការហាមឃាត់ការនាំចូលបន្លែ និងផ្លែឈើពីប្រទេសថៃ

ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងថ្នាក់ដឹកនាំ ព្រមទាំងមន្ដ្រីគយ និងរដ្ឋាករមួយចំនួន ចាប់ពីថ្ងៃទី២០ ដល់ទី២២ ខែមិថុនា ឆ្នាំ២០២៥ បានចុះទៅតាមបណ្ដាមាត់ច្រកព្រំដែនកម្ពុជា-ថៃ ចាប់ពីភូមិសាស្ដ្រខេត្តបន្ទាយមានជ័យ, ខេត្តបាត់ដំបង, ខេត្តប៉ៃលិន និងខេត្តកោះកុង ដើម្បីត្រួតពិនិត្យ និងពង្រឹងប្រសិទ្ធភាពការងាររបស់អង្គភាពគយ និងរដ្ឋាករនៅច្រកព្រំដែននីមួយៗ ក្នុងភូមិសាស្ដ្រខេត្តទាំងនេះ ជាពិសេសការអនុវត្តឱ្យបានម៉ឹងម៉ាត់ នូវវិធានការហាមឃាត់ការនាំចូលបន្លែ និងផ្លែឈើពីប្រទេសថៃ។ ឯកឧត្តមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) ក្នុងនាមជាសេនាធិការឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បាននិងកំពុងអនុវត្តប្រកបដោយការទទួលខុសត្រូវខ្ពស់នូវតួនាទី និងភារកិច្ចរបស់ខ្លួន ជាពិសេសការគ្រប់គ្រង ត្រួតពិនិត្យ និងប្រមូលពន្ធ អាករ និងកម្រៃផ្សេងៗ លើទំនិញនាំចេញ នាំចូល ឬឆ្លងកាត់ ស្របតាមបទប្បញ្ញត្តិច្បាប់ស្ដីពីគយ ព្រមទាំងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ព្រមទាំងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល។ នៅក្នុងដំណើរចុះត្រួតពិនិត្យការងារនេះ ឯកឧត្តមបណ្ឌិត គុណ ញឹម បានធ្វើការណែនាំដល់គ្រប់ថ្នាក់ដឹកនាំ និងមន្ដ្រីគយ និងរដ្ឋាករដែលកំពុងបំពេញភារកិច្ចនៅគ្រប់ការិយាល័យគយ និងរដ្ឋាករតាមបណ្ដោយព្រំដែននៃខេត្តខាងលើ ឱ្យអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាព និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេសអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនៃវិធានការបម្រាមលើការនាំចូលបន្លែ និងផ្លែឈើពីប្រទេសថៃ និង, ក្នុងនាមជាអង្គភាពឈរជើងនៅជួរមុខ, ត្រូវបន្ដសហការឱ្យបានល្អថែមមួយកម្រិតទៀត ជាមួយកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ Read more

ថៃបំពានកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ ដោយនាំក្រុមអ្នកជិះកង់ជនជាតិថៃប្រមាណ ១៥០នាក់ ចូលមកក្នុងបរិវេណប្រាសាទតាមាន់ធំ ដោយមិនបានជូនដំណឹងដល់ភាគីកម្ពុជា

កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា សម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះហេតុការណ៍ដែលបានកើតឡើងនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ៧:៣០នាទីព្រឹក ដោយមានសកម្មភាពទាហានថៃចំនួន០៣នាក់ បានដឹកនាំក្រុមអ្នកជិះកង់ជនជាតិថៃប្រមាណ១៥០នាក់ ចូលមកក្នុងបរិវេណប្រាសាទតាមាន់ធំ ដោយមិនបានជូនដំណឹងដល់ភាគីកម្ពុជាជាមុន។ សកម្មភាពនេះគឺជាការបំពានយ៉ាងច្បាស់លើកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ ដែលកំណត់ពេលវេលាជាក់លាក់អំពីការបើកឱ្យចូលប្រាសាទចាប់ពីម៉ោង៩:០០ព្រឹក និងបិទនៅម៉ោង៣:០០រសៀល។កិច្ចព្រមព្រៀងដដែលនេះក៏បានកំណត់ថា ប្រសិនបើមានករណីសុំពន្យារពេល ឬការរៀបចំពិសេសណាមួយ ភាគីទាំងពីរត្រូវតែជូនដំណឹង និងឯកភាពគ្នាជាមុន ដើម្បីធានាបាននូវការសម្របសម្រួលដោយរលូន និងទប់ស្កាត់ការយល់ច្រឡំណាមួយកើតឡើង។ បន្ទាប់ពីប្រទះឃើញស្ថានភាពខុសប្រក្រតីបែបនេះ កងទ័ពកម្ពុជាបានធ្វើអន្តរាគមន៍ភ្លាមៗ ប្រកបដោយការទទួលខុសត្រូវ យោគយល់ និងវិជ្ជាជីវៈខ្ពស់ ដោយបានរំឭកភាគីថៃឱ្យគោរពខ្លឹមសារនៃកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាហើយ។ ជាលទ្ធផល ក្រុមអ្នកជិះកង់ជនជាតិថៃទាំងអស់នោះ ក៏បានចាកចេញពីតំបន់ប្រាសាទដោយមិនមានហេតុការណ៍អ្វីកើតឡើងទេ។កម្ពុជាស្នើឱ្យភាគីថៃប្រកាន់ខ្ជាប់នូវលក្ខខណ្ឌនៃកិច្ចព្រមព្រៀងដែលមានស្រាប់នេះ ឱ្យបានម៉ឺងម៉ាត់ ប្រកបដោយតម្លាភាព និងភាពស្មោះត្រង់។ ការអនុលោមតាមកិច្ចព្រមព្រៀងនេះមានសារៈសំខាន់ណាស់ក្នុងការរក្សាការជឿជាក់ និងការគោរពគ្នាទៅវិញទៅមក ជៀសវាងការយល់ច្រឡំដែលមិនចាំបាច់ និងទប់ស្កាត់ឧប្បត្តិហេតុអកុសលទាំងឡាយ ជាលទ្ធផលដែលភាគីកម្ពុជាមិនចង់ឃើញ។ កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្តមិនងាករេ ក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន និងគ្រប់គ្រងស្ថានការណ៍នៅប្រាសាទតាមាន់ធំដោយសន្តិវិធី និងប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈខ្ពស់។ រាល់វិធានការទាំងឡាយដែលត្រូវបានអនុវត្ត គឺសុទ្ធតែស្របតាមកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ក្នុងគោលបំណងរក្សាបាននូវបរិយាកាសអំណោយផលដល់សន្តិភាព សន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅតាមតំបន់ព្រំដែន ដើម្បីពង្រឹងទំនាក់ទំនងមិត្តជិតខាងល្អ និងនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ អ្នកនាំពាក្យក្រសួងការពារជាតិ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឲ្យបិទច្រកព្រំដែនពីរជាប់ថៃ ខណៈកងទ័ពថៃបន្តប្រើវិធានការជាឯកតោភាគី

កាលពីយប់ថ្ងៃទី ២១ មិថុនា ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឲ្យបិទច្រកព្រំដែនពីរកន្លែងនៅខេត្តឧត្តរមានជ័យ ជាឆ្លើយតបទៅនឹងវិធានការជាឯកតោភាគីរបស់កងទ័ពថៃ ដែលបានចាប់ផ្ដើមតាំងពីថ្ងៃទី ៧ មិថុនា ។ សម្តេចបានថ្លែងថា ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានរាយការណ៍ឱ្យដឹងថា កងទ័ពថៃភូមិភាគទី២ បានចេញលិខិតជូនដំណឹងអំពីការបិទច្រកសាយតាគូ-ជប់គគីរ ស្ថិតនៅស្រុកបន្ទាយអំពិល។ សម្តេចបានឯកភាពឲ្យភាគីកម្ពុជាបិទច្រកនេះជាអចិន្ត្រៃយ៍ផងដែរ ហើយបន្ថែមឲ្យបិទច្រកជាំ នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យចាប់ពីថ្ងៃនេះតទៅ និងជូនដំណឹងទៅភាគីថៃផងដែរ។ សម្តេចបានបញ្ជាក់ថា កងទ័ពថៃបានប្រើវិធានការបិទច្រក និងកែប្រែម៉ោងបើកបិទ ដោយស្ថិតតែមួយភាគី មិនគិតដល់ផលប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាជននៃប្រទេសទាំងពីរឡើយ។ កម្ពុជាមិនមានបំណងបង្កការលំបាកដល់ប្រជាជននោះទេ ប៉ុន្តែបើកងទ័ពថៃបន្តប្រើវិធីនេះដើម្បីដាក់សម្ពាធ គឺកម្ពុជាក៏ត្រៀមខ្លួនដែរ។ សម្តេចបានបញ្ជាក់ថា វាជារឿងចម្លែកដែលថ្នាក់ដឹកនាំនយោបាយថៃ រួមទាំងនាយករដ្ឋមន្ត្រី ស្នើសុំឲ្យចរចាដើម្បីបើកច្រកវិញ តែពេលតែមួយ កងទ័ពថៃវិញបន្តបិទ ឬកែសម្រួលម៉ោងតាមចិត្តដោយគ្មានការសម្របសម្រួល។ នេះបង្ហាញពីភាពខ្វះឯកភាព និងគោលនយោបាយច្បាស់លាស់រវាងថ្នាក់ដឹកនាំនិងកងទ័ពរបស់ថៃ។ សម្តេចបានបញ្ជាក់ថា នៅកម្ពុជា តាំងពីថ្នាក់ដឹកនាំជាតិរហូតដល់កងទ័ពជួរមុខ មានការអនុវត្តច្បាស់លាស់នៃបទបញ្ជា។ ក្នុងករណីនេះ កម្ពុជាមិនចាំបាច់ចរចារទ្វេភាគីឡើយ ព្រោះបើថៃចង់ឲ្យស្ថានភាពប្រក្រតីវិញ គ្រាន់តែបើកច្រកវិញដូចស្ថានភាពមុនថ្ងៃទី ៧ មិថុនា ជាឯកតោភាគី។ កម្ពុជានឹងបើកច្រកវិញក្នុងរយៈពេលយ៉ាងយូរប្រាំម៉ោងក្រោយនោះ។ សម្តេចបានបញ្ជាក់ថា៖ នេះជាដំណោះស្រាយសាមញ្ញសម្រាប់ថៃ ប្រសិនបើមានជំហរពិតប្រាកដចង់ឲ្យបើកច្រកព្រំដែនឡើងវិញ ដោយមិនចាំបាច់ចរចាឬខាតពេលវេលាឡើយ។

អភិបាលខេត្តបន្ទាយមានជ័យ៖ គ្មានបងប្អូនប្រជាពលរដ្ឋខ្មែរ បើករថយន្តសម្រុកទៅចាក់សាំងនៅថៃ ដូចការផ្សាយរបស់កាសែតថៃឡើយ

សារព័ត៌មានថៃ បានផ្សាយបំពុលថា ក្រោយកម្ពុជាព្រមានបិទការនាំចូលប្រេងពីថៃ ស្រាប់តែប្រជាពលរដ្ឋខ្មែរជាច្រើននាក់ បានបើករថយន្តសម្រុកទៅចាក់ប្រេងនៅថៃ ពីព្រោះប្រេងនៅខ្មែរថ្លៃ។ ជាការឆ្លើយតបចំពោះព័ត៌មានប្រឌិតមួយនេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ សូមច្រានចោលការចុះផ្សាយនេះ និងថាមិនមានរឿងបែបនេះ កើតឡើងឡើយ។ អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា «រូបភាពរថយន្តដែលកាសែតថៃចុះផ្សាយនេះ គឺជារថយន្តដែលបងប្អូនខ្មែរយើងធ្វើដំណើរឆ្លងកាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលពេលបើកចូលដំបូង គឺមានការកកស្ទះបែបនេះហើយ»។ បើតាមឯកឧត្តម អ៊ុំ រាត្រី, មួយថ្ងៃៗនៅពេលនេះមានរថយន្តបងប្អូនខ្មែរយើងឆ្លងចូលទៅថៃ មានចន្លោះពី៤០ ទៅ៥០គ្រឿង ដែលទៅប្រកបមុខរបរ និងរកស៊ីជាដើមដែលជាទម្លាប់ប្រចាំថ្ងៃ៕

សម្តេចតេជោ ហ៊ុន សែន៖ ថៃលេងល្បែងគំរាម ដែលនាំដល់ការខាតបង់ខ្លួនឯង, កម្ពុជាមិនងាប់ដោយសារការផ្តាច់ប្រេងពីថៃទេ!

នៅរាត្រីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានបង្ហាញសារឆ្លើយតបនឹងការគំរាម របស់ភាគីថៃ ដែលចង់ផ្តាច់ការផ្គត់ផ្គង់ប្រេងមកប្រទេសកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបជាមួយនឹងសារធ្ងន់ៗថា កម្ពុជាមិនងាប់ដោយសារ ថៃផ្តាច់ប្រេងនោះទេ ហើយប្រសិនបើចង់ធ្វើ សូមធ្វើតាមចិត្តចុះ តែក្រុមហ៊ុនដែលងាប់មុនគេគឺក្រុមហ៊ុនសាំង PTT ដែលកំពុងមានវត្តមាននៅកម្ពុជា។ តាមរយៈបណ្តាញសង្គមផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះជាមួយនឹងខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ ល្បែងគំរាមដែលនាំដល់ការខាតបង់ខ្លួនឯង! ថ្ងៃនេះ ឃើញបក្សប្រឆាំងថៃមួយ ជូនយោបល់ទៅរាជរដ្ឋាភិបាលថៃថាឲ្យឈប់លក់ប្រេងឲ្យកម្ពុជា ដែលនិងធ្វើឲ្យកម្ពុជាចុះចាញ់។ យើងសូមបញ្ជាក់ទៅអ្នកវិញថា យើងមិនស្លាប់ដោយសារមិននាំប្រេងពីថៃមកនោះទេ ប៉ុន្តែអ្នកដែលស្លាប់គឺក្រុមហ៊ុន PTT របស់ថៃទៅវិញទេ។ តើអ្នកចង់ឲ្យក្រុមហ៊ុនថៃ PTT ស្លាប់មែនទេ? បើចង់ សូមឲ្យអ្នកធ្វើតាមបំណងចុះ។ សម្រាប់កម្ពុជា បានត្រៀមខ្លួនរួចរាល់ដើម្បីដោះស្រាយស្ថានភាពដែលពួកអ្នកគំរាមរួចហើយ អុីនធើណែត អគ្គិសនី ពលករ និងពេលនេះ ល្បែងប្រេងធ្វើជាអាវុធប្រឆាំងយើងទៀត។ បញ្ហាពលករពេលមុន ពួកអ្នកមើលងាយ និងរើសអើងពលករខ្មែរ និងយកពលករធ្វើជាចំណាប់ខ្មាំងផង និងគំរាមយើងផង តែពេលដែលយើងប្រកាសទទួលយកពលករពេលនេះពួកអ្នកបែរជាចេះយកចិត្ត និងលួងលោមពលករ ព្រោះបើពលករខ្មែរចាកចេញរោងចក្រកសិដ្ឋាន ក្រុមហ៊ុន ការដ្ឋានសំណង់មួយចំនួន អាចត្រូវបិទទ្វារ ព្រោះខ្វះកម្លាំងពលកម្ម។ បើពួកអ្នកក្លាហាន សូមពួកអ្នកបណ្តេញពលករខ្មែរសាកល្បងមើល តើវាប៉ះពាល់សេដ្ឋកិច្ចថៃខ្លះទេ?។ Read more

អ្នកនាំពាក្យសម្តេចតេជោ អំពាវនាវកុំឱ្យពលរដ្ឋខ្មែរនៅថៃ ចាញ់បោកក្រុមបោកប្រាស់ និងអ្នកជ្រុលនិយមថៃ ដែលបង្កើតហ្វេសប៊ុកជាភាសាថៃបន្លំជា សម្តេចតេជោ ដើម្បីបំភាន់សភាពការណ៍ព្រំដែន និងបោកយកលុយកាក

លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ ឲ្យបង្កើនការប្រុងប្រយ័ត្ន ជៀសវាងចាញ់បោកជនបោកប្រាស់ និងក្រុមជាតិនិយមជ្រុលរបស់ថៃ ដែលបានបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយដាក់រូប និងឈ្មោះសម្តេចតេជោ ជាភាសាថៃ ក្នុងចេតនាបំភាន់សភាពការណ៍ព្រំដែន និងបោកប្រាស់លុយកាក។ លោក ជា ធីរិទ្ធ បានថ្លែងដូចនេះថា «ខ្ញុំសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសបងប្អូនពលករដែលកំពុងធ្វើការ​នៅក្នុងប្រទេសថៃ សូមមេត្តាកុំចាញ់បោកក្រុមបោកប្រាស់ ឬក្រុមជាតិនិយមជ្រុលរបស់ថៃ ដែលកំពុងធ្វើសកម្មភាព​បំផុសបំផុល បង្កើតគណនីហ្វេសប៊ុកក្លែងក្លាយរបស់សម្តេចតេជោ ដែលដាក់ឈ្មោះសម្តេចតេជោ​ជាភាសាថៃ និងរូបថតរបស់សម្តេចតេជោ ក្នុងចេតនា ក្នុងចេតនាបំភ័នសភាពការនៅក្នុងប្រទេសកម្ពុជា ជុំវិញបញ្ហាព្រំដែន និងបោកប្រាស់យកលុយកាក់របស់បងប្អូន»។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវសូមបងប្អូនមានការប្រុងប្រយ័ត្ន ដើម្បីកុំឱ្យចាញ់បោកសកម្មភាពនេះ ដែលជាសកម្មភាពគ្រោះថ្នាក់ និងជាសកម្មភាពដែលទុរយសបំផុត​របស់ក្រុមជ្រុលនិយមរបស់ថៃ៕

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ សូមកុំខំលាបពណ៌កម្ពុជាដើម្បីបិទបាំងភាពអាម៉ាស់របស់ខ្លួន

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា មន្ត្រីថៃកំពុងព្យាយាមបិទបាំងភាពអាម៉ាស់របស់ខ្លួនដែលបំពានមកលើកម្ពុជា ដោយបានបាញ់សម្លាប់កងទ័ពខ្មែរយើងម្នាក់ក្នុងទឹកដីរបស់យើង បានគំរាមកំហែងបង្កសង្គ្រាម ការបិទព្រំដែនជា ឯកតោភាគី និងការគំរាមផ្តាច់ភ្លើង ផ្តាច់អ៊ិនធឺណិត ដែលជាអំពើបែបទំនើងនិងមាក់ងាយដល់កម្ពុជា។ ជាពិសេសថៃបានបដិសេធមិនព្រមទៅដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមផ្លូវតុលាការជាមួយកម្ពុជានៅឯតុលាការយុត្តិធម៌អន្តរជាតិ។ ទាំងនេះបានធ្វើឱ្យពិភពលោកមើលឃើញថា ថៃជាកូនអាក្រក់ ខណៈដែលកម្ពុជាគឺជាកូនល្អរបស់ពិភពលោកពីព្រោះកម្ពុជាជ្រើសរើសយកសន្តិភាព និងគោរពច្បាប់អន្តរជាតិ។ ដូច្នេះ មន្ត្រីថៃកំពុងខិតខំបិទបាំងរូបភាពដ៏អាក្រក់ទាំងនេះដោយព្យាយាមបង្ខូចបង្កាច់កម្ពុជា។ ប៉ុន្តែ ជារឿងឥតប្រយោជន៍ទេពីព្រោះពួកគេមិនអាចយកដៃបិទបាំងព្រះអាទិត្យបានឡើយ។ ខ្ញុំសូមផ្តល់យោបល់ថា រដ្ឋាភិបាលថៃគួរព្យាយាមដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ខ្លួនដែលកំពុងបែកបាក់យ៉ាងខ្លាំងវាប្រសើរជាជាងមកខំនិយាយបង្ខូចឈ្មោះកម្ពុជា៕

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍និមន្តព្រះតេជគុណ (លោកឪស៊ុច) និងបងប្អូនខ្មែរនៅថៃ មករស់នៅប្រទេសកម្ពុជាគ្រប់ពេលវេលា

តាមរយះបណ្តាញសង្គមផ្លូវការ សម្តេចបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា នាយប់ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២៥នេះ បានលើកឡើងតាមរយះសំណេរថា “ឆ្លើយតបទៅនឹងសំណូមពររបស់ព្រះតេជគុណ (លោកឪស៊ុច) ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំព្រះករុណាខ្ញុំសូមស្វាគមន៍ព្រះតេជគុណ (លោកឪស៊ុច) គ្រប់ពេលវេលា”។ សម្តេចបវរធិបតីបានបញ្ជាក់ថា “មិនត្រឹមតែចំពោះលោកឪស៊ុចទេ បើសិនជាមានព្រះតេជគុណព្រះថេរានុថេរៈអង្គណា ឬបងប្អូនប្រជាពលរដ្ឋខ្មែរណាម្នាក់ ដែលទទួលរងនូវការរើសអើង ឬការមាក់ងាយ ដោយសារតែខ្លួនជាខ្មែរ ឬដោយសារតែការបញ្ចេញមតិការពារនូវយុត្តិធម៌ សេចក្តីថ្លៃថ្នូរ និងភាពត្រឹមត្រូវរបស់កម្ពុជា ក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន ខ្ញុំព្រះករុណាខ្ញុំ សូមនិមន្តនិងអញ្ជើញព្រះតេជគុណនិងបងប្អូនមករស់នៅនៅប្រទេសកម្ពុជា”។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា “រាជរដ្ឋាភិបាល និងប្រជាជនខ្មែរស្វាគមន៍ព្រះតេជគុណ និងបងប្អូនគ្រប់ពេលវេលា ហើយធានាថា នឹងមិនមានការរើសអើង ឬចាប់ជនជាតិខ្មែរយើងបញ្ជូនទៅប្រទេសណាផ្សេងនោះទេ”៕

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការងារចាំបាច់ដល់កងកម្លាំងនគរបាលក្រោមឱវាទ

ស្តាប់ AI អាន៖ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការងារចាំបាច់ចំពោះមុខ និងយុទ្ធសាស្ត្រការពារជាតិតាមបណ្តោយព្រំដែនកម្ពុជា ថៃ ដល់កម្លាំងនគរបាលផែនជំនាញ លោកអធិការនគរបាលក្រុងស្រុកទាំង៩ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ កម្លាំងនគរបាលកងអន្តរាគមន៍។ លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង ផែនការងារសេនាធិការ បានឡើងអានរបាយការណ៍ ផ្សព្វផ្សាយផែនការ និងបែងចែកការងារ ការទទួលខុសត្រូវដល់កងកម្លាំងគ្រប់អង្គភាពចំណុះ ដើម្បីឲ្យការចាត់តាំង អនុវត្ត មានរបៀបរៀបរយ ប្រកបដោយភាពរលូន និងប្រសិទ្ធភាព។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញផែនការដល់កងកម្លាំងទាំងអស់ត្រូវយកចិត្តទុកដាក់ លើការអនុវត្តការងារ តួនាទី ភារកិច្ច របស់ខ្លួនឲ្យបានល្អ, ត្រូវពង្រឹងការយាមល្បាត ប្រចាំការ២៤ម៉ោង, ពង្រឹងការងារសន្តិសុខសង្គម និងសន្តិសុខព្រំដែន, ពង្រឹងការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ត្រួតពិនិត្យអាវុធគ្រឿងផ្ទុះពេលរាត្រី និងក្មេងទំនើង, ត្រូវត្រៀមលក្ខណៈសម្បត្តិឲ្យបានគ្រប់គ្រាន់ដើម្បីការពារបូរណភាពដែនដី ដើម្បីបុព្វហេតុជាតិមាតុភូមិ ក្នុងករណីមានហេតុការណ៍បន្ទាន់៕

ពលរដ្ឋជាង៣,០០០នាក់ នៅតំបន់សមរភូមិក្នុងខេត្តព្រះវិហារ ត្រូវបានជម្លៀសទៅកាន់កន្លែងសុវត្ថិភាពដែលអាជ្ញាធរខេត្តរៀបចំនៅស្រុកគូលែន

ប្រជាពលរដ្ឋចំនួន១,០៤៧គ្រួសារ ស្មើមនុស្សជាង៣,០០០នាក់ រស់នៅភូមិចំនួន៦ ក្នុងតំបន់សមរភូមិមុខតំបន់មុំបី, អានសេះ និងជាំតែ ដែលមានការភ័យខ្លាចក្នុងការប្រឈមមុខដាក់គ្នារវាងកងទ័ពកម្ពុជា-ថៃ បានជម្លៀសខ្លួនទៅកាន់កន្លែងសុវត្ថិភាព ដែលអាជ្ញាធរខេត្តព្រះវិហារ បានរៀបចំជូនពួកគាត់ក្នុងវត្តពោធិ៍៥០០០ដើម ស្ថិតនៅស្រុកគូលែន។ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា ប្រជាពលរដ្ឋរស់នៅភូមិចំនួន៦ នៅតំបន់សមរភូមិមុខ សរុបប្រមាណ៩,០០០នាក់ ប៉ុន្ដែក្នុងនោះមានជាង៣,០០០នាក់ ដែលពួកគាត់មានការបារម្ភអំពីស្ថានភាពនៃការប្រឈមមុខដាក់គ្នារបស់កងទ័ពកម្ពុជា-ថៃ បានចាកចេញពីភូមិឋានរបស់គាត់ ដើម្បីមកកន្លែងដែលមានសុវត្ថិភាពបណ្ដោះអាសន្នសិន។ បើតាមឯកឧត្តម គីម រិទ្ធី, អាជ្ញាធរខេត្តបានរៀបចំកន្លែងសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋក្នុងវត្តពោធិ៍៥០០០ដើម ដែលមានទីតាំងស្ថិតនៅស្រុកគូលែន ចម្ងាយជាង១០០គីឡូម៉ែត្រពីតំបន់សមរភូមិ។ នៅក្នុងមណ្ឌលសុវត្ថិភាពបណ្ដោះអាសន្ននេះ អាជ្ញាធរខេត្តព្រះវិហារ បានរៀបចំគ្រឿងឧបភោគ បរិភោគ ស្បៀងអាហារជូនប្រជាពលរដ្ឋ តាមរយៈជំនួយរបស់កាកបាទក្រហមកម្ពុជា និងស្បៀងបម្រុងទុករបស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម គីម រិទ្ធី ក៏បានអំពាវនាវដល់សប្បុរសជននានា អាចបន្ដឧបត្ថម្ភស្បៀងអាហារ បន្លែ ត្រី សាច់ និងសម្ភារៈផ្សេងៗតាមលទ្ធភាពមកកាន់អាជ្ញាធរខេត្តព្រះវិហារ ដើម្បីទុកបម្រើបំពេញតម្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ នៅក្នុងមណ្ឌលសុវត្ថិភាពបណ្ដោះអាសន្ននេះ។ នៅមណ្ឌលសុវត្ថិភាពនេះ ក៏មានកុមារតូចៗផងដែរ ដូច្នេះសប្បុរសជនក៏អាចឧបត្ថម្ភនំចំណីសម្រាប់កុមារតូចបានដូចគ្នា។ ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម Read more