អង្គភាពតម្រួតបទបញ្ជា ក្រសួងមហាផ្ទៃ ស្ថិតក្នុងរចនាសម្ព័ន្ធ របស់សេនាធិការដ្ឋាន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ អង្គភាពនេះ មានតួនាទីធ្វើជាសេនាធិការ ជូនសេនាធិការដ្ឋាន លើការងារលើកកម្ពស់ វិន័យ សីលធម៌ សេចក្តីថ្លៃថ្នូររបស់មន្ត្រីនគរបាលជាតិ។ នេះបើយោងតាមអនុក្រឹត្យលេខ១០៩ ស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ។
ផ្អែកតាមអនុក្រឹត្យខាងលើ អង្គភាពតម្រួតបទបញ្ជា មានភារកិច្ចជាច្រើនដូចជា កសាងផែនយុទ្ធសាស្ត្រ ផែនការសកម្មភាពលើការងារលើកកម្ពស់វិន័យ សីលធម៌ កិត្តិយស សេចក្តី ថ្លៃថ្នូររបស់មន្ត្រីនគរបាលជាតិ ដឹកនាំ ណែនាំ ត្រួតពិនិត្យការអនុវត្តវិន័យ និងសណ្ដាប់ធ្នាប់របៀបរៀបរយរបស់មន្ត្រីនគរបាលជាតិ ស្របតាមក្រមសីលធម៌ វិន័យ បទកំណត់ បទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ និងក្រសួងមហាផ្ទៃ។
អង្គភាពតម្រួតបទបញ្ជា ក៏មានភារកិច្ចសិក្សាពីបណ្ដាប្រទេស ក្នុងការរៀបចំតាក់តែងលិខិតបទដ្ឋាននានា អំពីការងារតម្រួតបទបញ្ជា ដើម្បីផ្សព្វផ្សាយអប់រំដល់មន្ត្រីនគរបាលជាតិស្របតាមបទដ្ឋានសកល ចាត់តាំងការផ្សព្វផ្សាយក្រមសីលធម៌ បទកំណត់ បទបញ្ជា និងលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីលើកកម្ពស់សីលធម៌ កិត្តិយស សេចក្តីថ្លៃថ្នូរដល់មន្ត្រីនគរបាលជាតិ ណែនាំ តាមដាន ត្រួតពិនិត្យការអនុវត្តភារកិច្ចជំនាញតម្រួតបទបញ្ជា សំដៅលើកកម្ពស់វិន័យរបស់ មន្ត្រីនគរបាលជាតិនៅតាមនាយកដ្ឋាន អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត។
បន្ថែមពីនេះទៀត អង្គភាពតម្រួតបទបញ្ជា ក៏មានភារកិច្ច កសាងផែនការបណ្តុះបណ្តាល បំប៉នមុខជំនាញរបៀប សណ្តាប់ធ្នាប់កងជួរ និងយុទ្ធសាស្ត្របុគ្គល ដល់មន្ត្រីនគរបាលជាតិ, ធ្វើការងាររដ្ឋបាល បុគ្គលិក ភស្តុភារ គណនេយ្យរបស់អង្គភាព ធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារ និងទិសដៅបន្តរបស់អង្គភាពតម្រួតបទបញ្ជាតាមការកំណត់ ទទួលអនុវត្តភារកិច្ច និងសិទ្ធិផ្សេងៗទៀតដែលប្រធានសេនាធិការដ្ឋានប្រគល់ឱ្យ។
សូមបញ្ជាក់ថា អង្គភាពតម្រួតបទបញ្ជា ដឹកនាំដោយប្រធានមួយរូប និងមានអនុប្រធានមួយចំនួនតាមការកំណត់។ បច្ចុប្បន្នអង្គភាពតម្រួតបទបញ្ជា ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឆឹង កុមារ ជាប្រធាន និងមានអនុប្រធានមួយចំនួនទៀតជាសេនាធិការ៕



