សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឲ្យលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងសហការី ចុះសួរសុខទុក្ខពលបាលឯក ម៉ន ភក្ត្រា ដែលរងរបួសភ្នែកធ្ងន់ធ្ងរ ក្នុងពេលបំពេញភារកិច្ចនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៧ កញ្ញា។ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ កាកបាទក្រហមកម្ពុជា បាននាំយកសម្ភារ-ភេសជ្ជៈ ផ្លែឈើ និងថវិកាមួយចំនួន ជូនដល់ពលបាលឯក ម៉ន ភក្ត្រា ព្រមទាំងផ្តាំផ្ញើពាក្យសួរសុខទុក្ខ និងពាក្យជូនពរពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានបង្ហាញពីក្តីក្តុកក្តួល និងមេត្តាករុណាយ៉ាងជ្រាលជ្រៅ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យដែលបានយកចិត្តទុកដាក់ព្យាបាល និងផ្តល់ភាពកក់ក្តៅដល់ពលបាលឯក ម៉ន ភក្ត្រា ក៏ដូចជាអ្នកជំងឺផ្សេងៗទៀត។
ចំពោះក្រុមគ្រួសាររបស់ពលបាលឯក ម៉ន ភក្ត្រា បានសម្តែងនូវក្តីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែចងក្រងមេត្តាករុណាដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយគ្មានការរើសអើង។







