ជនសង្ស័យបង្កើតផេកបោកប្រាស់ការងារ ត្រូវសមត្ថកិច្ចឃាត់ខ្លួនម្នាក់ ខណៈបក្សពួកផ្សេងទៀតកំពុងរត់គេចខ្លួន

សមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីបោកប្រាស់ពលករជាច្រើននាក់ តាមរយៈផេកហ្វេសប៊ុកឈ្មោះ «ប្រព័ន្ធដោះស្រាយការងារ» ដែលបានបន្សល់ទុកជនរងគ្រោះចំនួន ៧នាក់ និងអ្នកដាក់ពាក្យសុំការងារជាង ២៣នាក់ទៀត។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១៤ និង ៣០នាទី ថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២៥ នៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។ បន្ទាប់ពីជនរងគ្រោះបានដាក់ពាក្យសុំការងារតាមផេកហ្វេសប៊ុក និងបង់ប្រាក់ជាច្រើន ដើម្បីសន្យាចូលធ្វើការនៅរោងចក្រ តែចុងក្រោយ ត្រូវបរាជ័យ និងមិនទទួលបានការងារទេ។ ទឹកប្រាក់សរុប ដែលជនរងគ្រោះ ៧នាក់បានបង់ទៅក្រុមជនសង្ស័យមានចំនួន ១,០៥០,០០០ រៀល។ ពួកគេត្រូវបង្វែរ ទៅជួលផ្ទះ និងបង់ប្រាក់កក់បន្ថែម តែស្រាប់តែពេលដល់ទីតាំងរោងចក្រ មានតែ ២នាក់ប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យធ្វើការ។ ដោយមានការសង្ស័យក្រុមខាងលើ ជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹងនៅសមត្ថកិច្ច បច្ចុប្បន្ន សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ នួន រតនៈ (អាយុ ២១ ឆ្នាំ) ខណៈជនសង្ស័យ ៧នាក់ (ស្រី ២នាក់) កំពុងស្ថិតក្នុងការស្រាវជ្រាវ។ ក្នុងចំណោមអ្នកដាក់ពាក្យសុំការងារ មាន ២៣នាក់ Read more

អង្គការសហប្រជាជាតិ (UN) អង្គការសុខភាពពិភពលោក (WHO) បណ្ដាអង្គទូត អង្គការពាក់ព័ន្ធផ្សេងទៀតចុះត្រួតពិនិត្យទីតាំងផ្ទាល់នៅជំរុំជនភៀសសឹក (បន្ទាយអំពិល) ខេត្តឧត្តរមានជ័យ

បណ្ដាអង្គទូត និងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ (UN) រួមមាន អង្គការសុខភាពពិភពលោក (WHO) រួមទាំងអង្គការពាក់ព័ន្ធផ្សេងទៀត នៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ បានចុះត្រួតពិនិត្យដល់ទីតាំងផ្ទាល់ នៅជំរុំជនភៀសសឹក (បន្ទាយអំពិល) ស្ថិតក្នុងវត្តថ្មកំបោរ ភូមិពោធិ៍ចាស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ សូមជម្រាបជូនថា បណ្ដាអង្គទូតដែលបានអញ្ជើញចុះត្រួតពិនិត្យទីតាំងផ្ទាល់នៅជំរុំជនភៀសសឹកនេះ មានចំនួន ១១ប្រទេស និងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិសរុបប្រមាណ ១៥ស្ថាប័ន។ ការចុះទៅពិនិត្យនេះ ដឹកនាំដោយលោក កាន់ ផារិទ្ធ និងលោក អ៊ុន ឃាង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ។ របាយការន៍របស់អាជ្ញាធរបានឲ្យដឹងថា ជនភៀសសឹកដែលចូលមកស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តភ្នំកំបោរ ភូមិពោធិចាស់ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ មានចំនួន៣,៩០៥គ្រួសារ ស្មើមនុស្សចំនួន១២,៤៧៤នាក់។ ប៉ុន្តែចាប់ពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ មានសភាពការណ៍ប្រែប្រួល ពួកគាត់បានមកទៀតរហូតមានចំនួនកើនឡើង៤,២៨០គ្រួសារ ស្មើមនុស្សចំនួន១៧,០៦៤នាក់៕

ពលករខ្មែរប្រមាណ៨ម៉ឺននាក់ត្រៀមត្រឡប់ចូលប្រទេសកម្ពុជាវិញតាមច្រកអន្តរជាតិដូង ធ្វើឱ្យចំនួនពលករចូលតាមច្រកនេះកើនឡើងជាង៥០ម៉ឺននាក់

នៅព្រឹកថ្ងៃទី០៦ ខែសីហានេះ មានពលករខ្មែរប្រមាណ៨ម៉ឺននាក់ទៀត ត្រៀមត្រឡប់ចូលប្រទេសកម្ពុជាវិញតាមច្រកអន្តរជាតិដូង ធ្វើឱ្យចំនួនពលករចូលតាមច្រកនេះបានកើនឡើងជាង៥០ម៉ឺននាក់ហើយ។ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានឱ្យដឹងថាតាមព័ត៌មានបឋម ត្រឹមព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ មានពលករខ្មែរប្រមាណ៨ម៉ឺននាក់បន្ថែមទៀត ត្រៀមវិលចូលប្រទេសវិញតាមច្រកអន្តរជាតិដូង ខណៈម្សឹលមិញមានពលករចូលតាមច្រកនេះជាង១០ម៉ឺននាក់។ បើតាមរបាយការណ៍ដែលផ្តល់ដោយលោក សឿម ប៊ុន រិទ្ធ អភិបាលរងខេត្តបាត់ដំបងថា គិតចាប់ពីក្រោយផ្ទុះសង្គ្រាមរវាងកងទ័ពកម្ពុជាថៃ ដែលបង្កឡើងដោយទាហានថៃមុននោះ គឺចាប់ថ្ងៃទី២៥ខែកក្កដាឆ្នាំ២០២៥ ដល់០៥ខែសីហា ពោលគឺរយៈពេល១២ថ្ងៃ មានចំនួនប្រជាពលរដ្ឋ និងពលករខ្មែរដែលស្នាក់នៅ និងធ្វើការនៅប្រទេសថៃ វិលត្រឡប់មកប្រទេសវិញ ចំនួនជាង ៤៥ម៉ឺននាក់ ។ តួលេខនេះបើបូកថ្ងៃទី០៦សីហា ចំនួន៨ម៉ឺននាក់ទៀត គឺកើនជាង៥០ម៉ឺននាក់ ។ សូមបញ្ជាក់ថាបើតាមក្រសួងការងារ ការវិលត្រឡប់មកមាតុប្រទេសវិញ របស់ប្រជាពលករខ្មែរពីថៃ ចាប់ពីថ្ងៃទី៨ មិថុនា មកដល់ល្ងាចថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ មានចំនួនសរុប ៦៧០ ៨៣៩ នាក់ ៕

បែកធ្លាយផែនការសម្ងាត់របស់ថៃ៖ គ្រោងប្រើយន្តហោះ AT-6 ធ្វើឃាតសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

ប្រភពចារកម្មបរទេសផ្លូវការមួយដែលអាចជឿទុកចិត្តបានលាតត្រដាងពីផែនការដ៏គ្រោះថ្នាក់និងសម្ងាត់របស់ថៃ ក្នុងការប្រើប្រាស់យន្តហោះ AT-6 TH light attack ដែលបំពាក់ដោយគ្រាប់បែកទំនើបដើម្បីធ្វើឃាតសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ យោងតាមការយកការណ៍បាន ថៃជ្រើសរើសយន្តហោះ AT-6 ដែលមានល្បឿនយឺតជាងយន្តហោះ F-16 ដើម្បីងាយស្រួលវាយប្រហារគោលដៅច្បាស់លាស់ ខណៈប្រើប្រាស់គ្រាប់បែកនាំផ្លូវដោយ GPS ផលិតពីប្រទេសកូរ៉េ ដែលមានប្រសិទ្ធភាពខ្ពស់បំផុតក្នុងការទម្លាក់ចំទីតាំងជាក់លាក់។ តាមរបាយការណ៍ ថៃបានទទួលយន្តហោះចំនួន ៨ គ្រឿង និងគ្រាប់ចំនួន ២០០ គ្រាប់ ព្រមទាំងយន្តហោះ ៤ គ្រឿងផ្សេងទៀតកាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៥។ ផែនការរបស់កងទ័ពអាកាសថៃ គឺនឹងធ្វើការសាកល្បងប្រសិទ្ធភាពរបស់យន្តហោះនេះនៅភ្នំទ្រព្យសិន។ ប្រសិនបើការវាយលុកយកតំបន់ព្រំដែនទាំង ៨ មិនអាចសម្រេចបាន ថៃនឹងប្រើប្រាស់យន្តហោះ AT-6 TH នេះ ហោះចេញពីខេត្តត្រាត ដើម្បីគេចវេះពីការយកចិត្តទុកដាក់របស់កងកម្លាំងការពារដែនសមុទ្រកម្ពុជា។ បន្ទាប់មក ពួកគេនឹងរង់ចាំទទួលព័ត៌មានពីចារកម្មសម្ងាត់ក្នុងប្រទេសកម្ពុជា ដើម្បីកំណត់ទីតាំងលំនៅឋានរបស់សម្ដេចទាំងពីរ ហើយនឹងប្រើឱកាសនោះ ដើម្បីបាញ់គ្រាប់បែកធ្វើឃាតឲ្យបានសម្រេចតែម្ដង។

ព្រះមហាក្សត្រ ប្រគល់​សិទ្ធិដល់សម្តេច ហ៊ុន សែន ទំនាក់ទំនងជាមួយនាយករដ្ឋមន្ត្រីដោះស្រាយកិច្ចការជាតិ

ព្រះមហាក្សត្របានចេញព្រះរាជសារនាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ដែលការប្រគល់​ភារកិច្ច​នេះ​ ជូនសម្តេចទាំងពីរនេះ គឺធ្វើឡើង​ក្នុង​កាលៈទេសៈ​ដែល​កម្ពុជា​កំពុង​ប្រឈម​នឹង​ការរំលោភបំពាន និង​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​លើ​បូរណភាព​ទឹកដី ​ពី​សំណាក់​យោធា​ថៃ​។​ ក្នុង​ព្រះរាជសារ​នោះ ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហមុនី បាន​ត្រាស់បង្គាប់​យ៉ាងដូច្នេះថា ៖« ដោយផ្អែកតាមស្មារតីនៃរដ្ឋធម្មនុញ្ញ ព្រះរាជាណាចក្រកម្ពុជា ​ខ្ញុំ​សូម​ប្រគល់​សិទ្ធិ​ជូន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ និង​ជា​ប្រធាន​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដើម្បី​ធ្វើ​ទំនាក់ទំនង​ជាមួយ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លើ​កិច្ចការ​កងទ័ព កិច្ចការ​ការពារជាតិ កិច្ចការ​ការពារ​អធិបតេយ្យ​ជាតិ និង​កិច្ច​ការការពារ​បូរណភាព​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»​។ ព្រះមហាក្សត្រ​ ក៏បាន​សម្តែង​នូវ​ការ​កោតស្ញប់ស្ញែង និង​កោតសរសើរ​យ៉ាង​ក្រៃលែង ​ចំពោះ​វីរភាព​ដ៏​អង់អាច​ ក្លាហាន ​របស់​វីរ​យុទ្ធជន​កម្ពុជា​គ្រប់រូប ដែល​បាន​ប្រយុទ្ធ​តស៊ូ​ការពារជាតិ ការពារទឹកដី និងការពារប្រជាជន​។ ជាមួយគ្នានេះ ព្រះជាម្ចាស់ជីវិតតម្កល់លើត្បូង ​​ក៏បាន​សរសើរ​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស ដែល​បាន​រួបរួម​ជា​កម្លាំង​សាមគ្គី​ជាតិ​យ៉ាងរឹងមាំ និងមានឯកភាពជាតិខ្ពស់ក្រោម​ការដឹកនាំ​​រប​ស់រាជ​រដ្ឋាភិបាល។  កន្លងមក កាសែតថៃមួយចំនួនបានចុះផ្សាយអំពីមនុស្សខ្លះនៅបាងកក ថាសម្តេច ហ៊ុន សែន​ ធ្វើខុសរដ្ឋធម្មនុញ្ញរបស់កម្ពុជា។ ការលើកឡើងរបស់អ្នកទាំងនោះ ក៏ព្រោះតែឃើញ សម្តេច ចូលរួមបញ្ជាកងទ័ពក្នុងការប្រយុទ្ធប្រឆាំងពីឈ្លានពានរបស់យោថៃមកលើដែនអធិបតេយ្យភាពកម្ពុជា។ «មិនបាច់ឆ្ងល់ទេ កុំថាឡើយខ្ញុំជាថ្នាក់ដឹកនាំប្រទេស សូម្បីតែខ្ញុំជាពលរដ្ឋម្នាក់ ក៏ខ្ញុំមានសិទ្ធិវាយពួកចោរឈ្លានពានប្រទេសរបស់ខ្ញុំដែរ។ សម្រាប់ការបញ្ជាកងទ័ពសូមមើល Read more

ថៃ​បាន​បញ្ជូន​កម្លាំង​ប្រដាប់​​អាវុធ​គ្រប់​ដៃ និង​គ្រឿងចក្រ​ចូល​ក្នុង​តំបន់​អានសេះ ដែល​ជា​ដែន​អធិបតេយ្យ​របស់​កម្ពុជាបំពានបទឈប់​បាញ់

យោង​តាម​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃ​ទី​៤ សីហា ឆ្នាំ​២០២៥​លើក​ឡើង​ថា​ចំពោះ​រំលោភ​បំពាន​យ៉ាង​គឃ្លើន​ម្តង​ហើយ​ម្តងទៀត​របស់​ភាគី​ថៃ​លើ​បូរណភាព​ទឹកដី​កម្ពុជា និង​រំលោភ​បទ​ឈប់​បាញ់​។ អ្នកនាំពាក្យ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង ១១ ព្រឹក​នេះ ថៃ​បាន​បញ្ជូន​កម្លាំង​ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ និង​គ្រឿងចក្រ​ចូល​ក្នុង​តំបន់​អានសេះ ដែល​ជា​ដែន​អធិបតេយ្យ​របស់​កម្ពុជា ហើយ​ថែម​ទាំង​បាន​រាយ​បន្លា​លួស បើ​ទោះបីជា​ត្រូវ​បាន​ហាមឃាត់​យ៉ាង​ខ្លាំង​ពី​សំណាក់​កងកម្លាំង​របស់​យើង​យ៉ាងណា​ក៏​ដោយ​។ គួរ​រំលឹក​ផង​ដែរ​ថា កម្ពុជា​ទើបតែ​បាន​រៀបចំ​ឱ្យ​មានដំណើរ​កិច្ច​របស់​អនុព័ន្ធយោធា​បរទេស​ប្រចាំ​នៅ​កម្ពុជា ទៅ​កាន់​ទីកន្លែង​ទាំងនោះ កាលពី​ថ្ងៃ​ទី​៣0​ខែកក្កដា ឆ្នាំ​២០២៥ ដែល​នេះ​បញ្ជាក់​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​ថា វា​ជា​ដែន​អធិបតេយ្យ​របស់​កម្ពុជា​។ លោក​ជំទាវ ម៉ា​លី សុជាតា​បាន​បញ្ជាក់​ថា​៖ «ទ​ង្វើ​នេះ​គឺជា​ការ​រំលោភ​ដល់​បទ​ឈប់​បាញ់​យ៉ាង​គឃ្លើន និង​បាន​បង្ក​ការ​គំរាមកំហែង​ដ៏​ធ្ងន់ធ្ងរ​បំផុត​ចំពោះ​សន្តិភាព និង​សន្តិសុខ​នៅ​តាម​បណ្តោយ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ក៏​ដូច​ជា​តំបន់​ទាំងមូល»​ ។ ជាមួយ​គ្នា​នោះ​ដែរ​អ្នកនាំពាក្យ​បាន​អះអាង​ថា កម្ពុជា​សូម​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ ជា​ពិសេស​ប្រទេស​ដៃគូ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ជួយ​ឱ្យ​សម្រេច​បាន​បទ​ឈប់​បាញ់​ដ៏​លំបាក​មួយ​នេះ​, ហើយ​សុទ្ធតែ​មាន​បំណង​ចង់​ឃើញ​បទ​ឈប់​បាញ់​មួយ​នេះ​ត្រូវ​បាន​អនុវត្ត​ដោយ​ពេញលេញ និង​ប្រកប​ប្រសិទ្ធភាព​, ទាមទារ​ឱ្យ​ថៃ​បញ្ឈប់​ទ​ង្វើ​ឈ្លានពាន​របស់​ខ្លួន​ជា​បន្ទាន់ និង​គោរព​ឱ្យ​បាន​ម៉ឺងម៉ាត់​នូវ​ច្បាប់​អន្តរជាតិ ជា​ពិសេស​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​កម្ពុជា​៕ ​

ពលករខ្មែរជាង៣០ម៉ឺននាក់ បានវិលត្រឡប់មកពីប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិដូង នៃស្រុកំរៀង ខេត្តបាត់ដំបង

អភិបាលខេត្តបាត់ដំបង លោក សុខ លូ បានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានពលករខ្មែរ សរុបជាង៣០ម៉ឺននាក់ បានវិលត្រឡប់មកពីប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង ។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងឱកាសនៃការដឹកនាំក្រុមការងារ ក្នុងខេត្តបាត់ដំបង ចុះពិនិត្យមើលស្ថានភាពនៅច្រកទ្វារព្រំដែនអន្តរជាតិដូង និងការរង់ចាំទទួលប្រជាពលករខ្មែរ ដែលបានចាកចេញពីប្រទេសថៃ នាថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ នេះ ។ ការវិលត្រឡប់របស់ពលករខ្មែរជាបន្តបន្ទាប់នេះ ដោយបានទទួលការយកចិត្តទុកដាក់ខ្ពស់ពី រដ្ឋបាលខេត្តបាត់ដំបង និងក្រុមការងារ មន្រ្តីជំនាញមកពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រុមគ្រូពេទ្យ យុវជន សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនស្ម័គ្រចិត្តរបស់កាកបាទក្រហមកម្ពុជា អាជ្ញាធរ គ្រប់ជាន់ថ្នាក់ និងកងកម្លាំងរបស់កម្ពុជា តាមរយៈការជួយសម្របសម្រួលជញ្ជូនឥវ៉ាន់ ការរៀបចំសណ្ដាប់ធ្នាប់ ការពិនិត្យព្យាបាលបឋម ការរៀបចំមណ្ឌលសំចត ការផ្ដល់អាហារសម្រន់ និងការប្រឹក្សាផ្សេងៗទៀត ពិសេសតាមបណ្ដាខេត្តនីមួយៗបានរៀបចំរថយន្តមកទទួលដឹកជញ្ជូនប្រជាពលករឱ្យត្រឡប់ទៅកាន់ស្រុកកំណើតរៀងៗខ្លួនវិញនៅតាមបណ្តាខេត្តនានា ប្រកបដោយសុវត្ថិភាព ។ លោក អភិបាលខេត្តបាត់ដំបង បានបង្ហាញថា ក្នុងដំណាក់កាលដ៏លំបាកនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់បានខិតខំយកចិត្តទុកខ្លាំងណាស់ ដោយធ្វើយ៉ាងណាឱ្យពលករខ្មែរវិលចូលប្រទេសវិញ ប្រកបដោយភាពសុខស្រួល ។ លោក សុខ Read more

ឯកឧត្តម ប៉ែន បូណា ៖ មានការបន្លំបង្កើតហ្វេសប៊ុកដាក់ឈ្មោះនិងសរសេរអក្សរខ្មែរ ប៉ុន្តែម្ចាស់គណនីទាំងនោះមិនមែនជាខ្មែរ

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងថា នាពេលថ្មីៗនេះនៅលើបណ្តាញសង្គមមានការក្លែងបន្លំគណនីជាច្រើនដោយប្រើប្រាស់ឈ្មោះខ្មែរ សរសេរអក្សរខ្មែរ ប៉ុន្តែម្ចាស់គណនីទាំងនោះមិនមែនជាខ្មែរនោះទេ ។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍ ក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ»  នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន បូណា ថ្លែងថា ការក្លែងបន្លំនេះ គឺជាកលល្បិចថ្មីមួយទៀតដែលពួកគេប្រើប្រាស់ដើម្បីក្លែងបន្លំធ្វើជាជនជាតិខ្មែរ ក្នុងគោលបំណងបំបែកបំបាក់ស្មារតីសាមគ្គីភាពរបស់ខ្មែរ ។ ដូច្នេះពលរដ្ឋខ្មែរត្រូវប្រុងប្រយ័ត្នទាំងអស់គ្នា កុំចាញ់ល្បិចកលទាំងនេះឲ្យសោះ។ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា “ឥឡូវនេះ មានការក្លែងបន្លំគណនេយ្យហ្វេសប៊ុកជាច្រើន ដោយគេបានប្រើប្រាស់ឈ្មោះខ្មែរ ប៉ុន្តែអ្នកដែលបង្កើត និងអ្នកប្រើប្រាស់គណនេយ្យទាំងនោះមិនមែនជាខ្មែរទេ ។ នេះគឺ ជាកលល្បិចថ្មីមួយទៀត” ។ ឯកឧត្តម ប៉ែន បូណាក៏បានផ្តាំទៅប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសត្រូវរួម គ្នាជាធ្លុងមួយបង្កើតជាខឿនការពារបូរណភាព ទឹកដី និងការពារសេចក្តីថ្លៃថ្នូររបស់ជាតិខ្មែរទាំងមូល ។ សូមបញ្ជាក់ថា ក្រោយកងទ័ពកម្ពុជា-ថៃបានផ្ទុះអាវុធដាក់គ្នាកាលពីថ្ងៃទី២៤ ខែកក្កដា ហើយរហូតមានកិច្ចព្រមព្រៀងបទឈប់បាញ់ចូលជាធរមាននារាត្រីថ្ងៃទី២៨ ខែកក្កដាមក ឃើញមានការបង្កើតអាខោនហ្វេសប៊ុកក្លែងក្លាយជាច្រើន ដោយប្រើពាក្យសម្តីមិនសមរម្យលើបូរណភាពទឹកដីខ្មែរពីសំណាក់ភាគីថៃ ៕

ឯកឧត្តម ប្រាក់ សុខុន ដឹកនាំមន្រ្តីទូត១៥ប្រទេស ចុះពិនិត្យមើលការអនុវត្តបទឈប់បាញ់ នៅព្រំដែនកម្ពុជា-ថៃ

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥នេះ បានដឹកនាំអគ្គរដ្ឋទូត ឯកអគ្គរាជទូត និងមន្ត្រីទូតចំនួន១៥ប្រទេសប្រចាំកម្ពុជា ចុះទៅពិនិត្យមើលការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នៅតាមបណ្តោយព្រំដែន ខេត្តឧត្តរមានជ័យ។ ទីតាំងដែល ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ដឹកនាំមន្ត្រីការទូតចុះត្រួតពិនិត្យនេះស្ថិតនៅក្នុងឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលជាទិសនៃសមរភូមិប្រយុទ្ធរយៈពេល៥ថ្ងៃ ដែលក្នុងនោះ មានប្រាសាទតាមាន់ ប្រាសាទតាក្របី និងថ្មដូនជាដើម។ ប្រមុខការទូតកម្ពុជា បាននាំមន្ត្រីទូតទាំងអស់ទៅពិនិត្យមើលទីតាំង ដែលកងទ័ពថៃប្រើយន្តហោះ F-16 ទម្លាក់គ្រាប់បែកប្រភេទ MK-84 ដែលមិនផ្ទុះក្នុងលំនៅឋានប្រជាពលរដ្ឋ ហើយបន្តដឹកនាំមន្ត្រីទូតចុះពិនិត្យមើលទីតាំង វត្តតាមាន់សែនជ័យ ដែលកងទ័ពថៃប្រើយន្តហោះ F-16 ទម្លាក់គ្រាប់បែកលើវត្តនេះ បណ្តាលឱ្យលោកតាអាចារ្យម្នាក់ស្លាប់ និងមានជនស៊ីវិលមួយចំនួនរងរបួស និងខូចខាតយ៉ាងដំណំ។ បន្ថែមទីនេះ គណៈប្រតិភូអន្តរជាតិក៏បានចុះពិនិត្យសាលារៀន ដែលរងការវាយប្រហារដោយកងទ័ពថៃមកលើកម្ពុជានោះ៕

៥ថ្ងៃនៃការឈ្លានពានរបស់ថៃ បានធ្វើឱ្យអគារសិក្សាមួយចំនួនខូតខាត និងសាលារៀនចំនួន៦០០បិទទ្វារ គ្រូបង្រៀនប្រមាណ៦៥០០នាក់ ត្រូវជម្លៀសខ្លួន

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ បានមានប្រសាសន៍ថា ក្នុងរយៈពេល៥ថ្ងៃនៃការឈ្លានពានរបស់ថៃ បានធ្វើឱ្យអគារសិក្សាមួយចំនួនខូតខាត និងសាលារៀនចំនួន ៦០០បិទទ្វារ ប្រជាពលរដ្ឋប្រមាណជា ១៥ម៉ឺននាក់ទទួលរងផលប៉ះពាល់ ក្នុងនោះមានគ្រូបង្រៀនប្រមាណ ៦៥០០នាក់ត្រូវជម្លៀសខ្លួន។ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ថ្លែងដូចនេះក្នុងឱកាសបានដឹកនាំប្រតិភូក្រសួងអប់រំ យុវជន និង កីឡា ជួបសំណេះសំណាល សួរសុខទុក្ខ បុគ្គលិកអប់រំ និងសិស្សានុសិស្ស នៅវិទ្យាល័យភ្នំដែក ខេត្តព្រះវិហារ។ លោកបន្តថា ដូច្នេះថ្ងៃនេះ ក្រសួងបាននាំយកនូវសម្ភារៈសិក្សាជាច្រើន និងគ្រឿងឧបភោគ បរិភោគមួយចំនួន ដែលទទួលបានពីសប្បុរសជន និងជាការឧបតម្ភផ្ទាល់ពីក្រសួង ជូនដល់មន្ទីរអប់រំ ដើម្បីបែងចែកបន្តទៅដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃសាលាប្រមាណ ២០ ដែលរងប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់ថៃ។ ក្នុងឱកាសនេះ ក្រសួងបាននាំយកនូវសៀវភៅសិក្សាគោលជូនដល់មន្ទីរ ដើម្បីចែកចាយបន្តដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស បើទោះសាលាបិទទ្វារក្តី សិស្សដែលស្នាក់នៅជាមួយឪពុកម្តាយនៅទីតាំងសុវត្ថិភាព អាចបន្តធ្វើស្វ័យសិក្សា ខណៈកំពុងរង់ចាំការដោះស្រាយសម្របសម្រួលនានាពីសំណាក់រាជរដ្ឋាភិបាល ដើម្បីធានាបាននូវសុខសុវត្ថិភាពត្រឡប់ទៅលំនៅដ្ឋានវិញ។ បច្ចុប្បន្នក្រសួងក៏បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងជំរុញការជួសជុលសាងសង់អគារសិក្សា និងសាលារៀនដែលរងការខូតខាតពីសង្គ្រាមឱ្យបានឆាប់រហ័ស ដើម្បីត្រៀមសម្រាប់ការបើកវេសនកាលនៅដើមខែវិច្ឆកាខាងមុខនេះ និងបន្តផ្តល់ជូនសៀវភៅសិក្សាគោលបន្ថែមទៀត ក៏ដូចជាបន្តកៀរគរស្វែងរកការឧបត្ថម្ភជាសម្ភារៈសិក្សា Read more