ប្រជានេសាទខ្មែរ ៤នាក់ ដែលត្រូវបានកងទ័ពជើងទឹកថៃ ចាប់ខ្លួន កាលពីថ្ងៃទី៦ ខែមករា កន្លងទៅ បានវិលត្រឡប់មកមាតុភូមិវិញហើយ។ នេះបើតាមការបញ្ជាក់របស់ លោកជំទាវ ឈី វ៉ា អភិបាលខេត្តកោះកុង បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន ក្នុងស្រុកនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦។
លោកជំទាវអភិបាល ថ្លែងថា «សូមស្វាគមន៍បងប្អូនប្រជានេសាទទាំង៤រូបបានត្រឡប់មកផ្ទះយើងវិញហើយ។ នេះជាលទ្ធផល ស្ងាត់តែមិនស្ងៀម។» លោកជំទាវ អភិបាលខេត្តកោះកុង សរសេរដូច្នេះ លើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ របស់ជំទាវ។
សូមរំឭកថា នៅម៉ោងប្រមាណ១១ព្រឹកថ្ងៃទី៦ ខែមករា កងទ័ពជើងទឹកថៃ បានចាប់ទូកនេសាទខ្មែរ១គ្រឿង រួមនឹងមនុស្ស៤នាក់ នៅលើទូកនេសាទនោះ។ ក្រោយហេតុការណ៍នេះ អភិបាលខេត្តកោះកុង បានរំឭក និងអំពាវនាវដល់ប្រជានេសាទសមុទ្រ នៅក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា ខេត្តកោះកុងទាំងអស់ ឱ្យចូលរួមអនុវត្តឱ្យបានត្រឹមត្រូវ តាមគោលការណ៍ច្បាប់ និងធ្វើនេសាទនៅតំបន់ជិតៗក្នុងដែនសមុទ្រកម្ពុជា៕



