ក្រុមអ្នកចាញ់បោកការវិនិយោគ នាំគ្នាឡោមព័ទ្ធចាប់ខ្លួនស្ថាបនិកក្រុមហ៊ុនវិនិយោគដីធ្លីមួយ ដែលបោកប្រាស់លុយជិត ១៦លានដុល្លារ ពីពលរដ្ឋជាង ២០០០នាក់ រួចព្យាយាមគេចខ្លួន
ភ្នំពេញ៖ ប្រជាពលរដ្ឋប្រមាណ ៤០នាក់ ដែលបានអះអាងថា រងគ្រោះដោយសារការវិនិយោគអចលនទ្រព្យដោយទិញដីបានការប្រាក់ និងដាក់លុយបានការប្រាក់ បាននាំគ្នាឡោមព័ទ្ធស្នាក់ការក្រុមហ៊ុនឌីបេសហ្គ្រីនឡងឡាយហ៍(ខេមបូឌា)ឯ.ក និងបានចាប់ខ្លួនស្ថាបនិកក្រុមហ៊ុននេះ បន្ទាប់ពីពួកគេគុបគិតគ្នាបោកប្រាស់លុយប្រជាពលរដ្ឋប្រមាណ ២ពាន់នាក់ ក្នុងទឹកប្រាក់ជិត ១៦លានដុល្លារ រួចបានព្យាយាមគេចខ្លួន។ ករណីនេះ បានកើតឡើងនៅល្ងាចថ្ងៃទី២០ ខែមេសា ឆ្មាំ២០២៥ នៅទីស្នាក់ការក្រុមហ៊ុន ស្ថិតនៅបុរីភ្នំពេញថ្មី ភូមិព្រៃមូល សង្កាត់ក្រាំង ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។ យោងតាមការឱ្យដឹងពីប្រជាពលរដ្ឋរងគ្រោះ បានឱ្យដឹងថា ស្ថាបនិកក្រុមហ៊ុនរូបនោះ សមត្ថកិច្ចមិនទាន់ត្រូវបាននាំខ្លួនទៅចាត់ការតាមនីតិវិធីច្បាប់នៅឡើយទេ ដោយគ្រាន់តែឃាត់ទុកបណ្ដោះអាសន្ននៅស្នាក់ការក្រុមហ៊ុនរហូតមកដល់ថ្ងៃទី២១ ខែមេសា ដើម្បីរង់ចាំបញ្ជាពីតុលាការ។ យោងតាមការអះអាងពីជនរងគ្រោះ បុគ្គលរូបនេះ កាលពីកំឡុងឆ្នាំ២០២២ ក្រុមហ៊ុនឌីបេសហ្គ្រីនឡងឡាយហ៍(ខេមបូឌា)ឯ.ក មានស្នាក់ការមុនដំបូងនៅសង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលមាន លោក ដេង ប៊ុនលីន ជាអគ្គនាយកក្រុមហ៊ុន, លោក ទូច សុភាព ជាស្ថាបនិកក្រុមហ៊ុន និងលោក ម៉ៅ ជីតា ជាប្រធានទីផ្សារ។ បុគ្គលទាំងនេះ បានអូសទាញឆរបោកដោយឲ្យពួកគាត់ទិញដី និងដាក់លុយ ដើម្បីវិនិយោគអចលនទ្រព្យដោយបានការប្រាក់ ៥%។ ដោយមានការជឿទុកចិត្ត ពលរដ្ឋក៏បាននាំគ្នាប្រមូលលុយ ខ្លះខ្ចីលុយធនាគារ ដើម្បីដាក់វិនិយោគជាមួយក្រុមហ៊ុនយកការប្រាក់ ដោយមានកិច្ចសន្យាត្រឹមត្រូវ។ Read more