បន្ទាប់ពីអាជ្ញាធរខេត្តស្រះកែវ ប្រទេសថៃ បានសន្យាចេញប័ណ្ណកម្មសិទ្ធិដីធ្លីដល់ពលរដ្ឋរបស់ពួកគេដែលរស់នៅជាប់នឹងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា។ ជុំវិញរឿងនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបង្ហាញការព្រួយបារម្ភថា ភាគីថៃ អាចចេញប័ណ្ណកម្មសិទ្ធិមិនត្រឹមត្រូវ ធ្វើឱ្យប៉ះពាល់ដែនអធិបតេយ្យកម្ពុជា។
កាលពីថ្ងៃទី២៤ ខែសីហា កាសែតក្នុងស្រុកថៃ The Nation Thailand បានចុះផ្សាយថា អាជ្ញាធរខេត្តស្រះកែវ សន្យាចេញប័ណ្ណកម្មសិទ្ធិ ជូនពលរដ្ឋថៃ ដែលមានសិទ្ធិ នៅភូមិ Nong Chan ស្រុក Khok Sung ដែលមានភូមិសាស្ត្រជាប់នឹងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ក្នុងករណីការចេញប័ណ្ណនេះធ្វើឱ្យប៉ះពាល់ដល់តំបន់ទាំងនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ នឹងជំទាស់ភ្លាម ព្រោះថាសកម្មភាពនេះ គឺរំលោភលើស្មារតី MOU ឆ្នាំ២០០០ រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ជាពិសេសប៉ះពាល់ទៅដល់ ដំណើរការការងារចរចា និងខណ្ឌសីមារបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ។
ជាមួយគ្នានេះ ឯកឧត្តម អ៊ុំ រាត្រី បន្តស្នើឱ្យភាគីថៃចូលរួមសហការក្នុងស្មារតីមិត្តភាព និងភាពជាអ្នកជិតខាងល្អ ជៀសវាងបង្កើតភាពតានតឹង និងផលប៉ះពាល់ជាអវិជ្ជមានរវាងភាគីទាំងពីរ៕


ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ
