បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំបេីកព្រឹត្ដិការណ៍ជិះកង់ ដើម្បីប្រមូលថវិកាពីការចូលរួមរបស់សប្បុរសជន ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ដែលជាការផ្តួចផ្តើមដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ក៏ដូចជាជួយសង្គ្រោះដល់កុមារកម្ពុជា។
ចំពោះព្រឹត្តិការណ៍នៃការជិះកង់នោះផងដែរ ក៏មានការចូលរួមពីបណ្ដាមហាជន មន្ទីរ អង្គភាព ប្រជាពលរដ្ឋសិស្សានុសិស្សបានចូលរួមជិះក្នុងព្រឹត្តិការណ៍នេះប្រមាណ ១ ០០០នាក់ ជិះជុំវិញក្រុងសិរីសោភ័ណ ធ្វេីឡេីងនៅព្រឹកថ្ងៃសៅរ៍ ទី៣១ ខែឧសភា ឆ្នាំ ២០២៥។
ថ្លែងក្នុងការបេីកព្រឹត្តការជិះកងនោះដែរ ឯកឧត្ដម អ៊ុំ រាត្រី បញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍ តាមរយៈយុទ្ធនាការជិះកង់នេះ គឺជាផ្នែកមួយដើម្បីរួមចំណែកក្នុងការចូលរួមយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ សម្រាប់កុមារនៅកម្ពុជា ដែលយុទ្ធនាការនេះមានគោលបំណង ជំរុញចលនាកៀរគរការបរិច្ចាគឱ្យកាន់តែផុសផុល និងសកម្មបន្ថែមទៀត ក្នុងចំណោមមន្រ្តីរាជការ ថ្នាក់ដឹកនាំរដ្ឋបាល មន្ទីរ/អង្គភាព អាជីវករ ពាណិជ្ជករ ម្ចាស់សហគ្រាស/ក្រុមហ៊ុន និងសប្បុរសជនទាំងអស់ ក្នុងខេត្តបន្ទាយមានជ័យ ក្នុងមហាចលនាមនុស្សធម៌របស់ជាតិ ក្នុងស្មារតី “ខ្មែរជួយខ្មែរ”។ ម្យ៉ាងទៀតការរៀបចំយុទ្ធនាការជិះកង់របស់យើងនៅថ្ងៃនេះ គឺដើម្បីសុខភាពល្អទាំងអស់គ្នាផង ជាពិសេស ក៏ការចូលរួមអបអរសាទរ “ទិវាកុមារអន្តរជាតិ ១មិថុនា” ផង និងដើម្បីជាការរម្លឹកឱ្យមានការបន្តការបរិច្ចាគជូន មូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងគោលបំណងរួមសាមគ្គីគ្នា នាំក្តីសង្ឃឹម និងស្នាមញញឹមដល់ ទារក និងកុមារ នៅកម្ពុជា។
ជាមួយគ្នានោះឯកឧត្តម អ៊ុំ រាត្រី ក៏បានអំពាវនាវដល់សប្បុរសជន ចូលរួមថវិកាទៅតាមលទ្ធភាព ក្នុងយុទ្ធនាការនេះ ដើម្បីជាការចូលរួមចំណែកជួយដល់កុមារកម្ពុជា ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា បានចំណាយថវិកាជាមធ្យម ប្រមាណជា១២ម៉ឺនដុល្លាអាមេរិកក្នុង១ថ្ងៃ ឬស្មើនឹងប្រមាណជាង៤៣លានដុល្លាអាមេរិកក្នុង១ឆ្នាំ៕












