តាកែវ៖ បន្ទាប់ពីមានការប៉ះទង្គិចគ្នានៅតាមបណ្ដោយព្រំដែនរវាងកងទ័ពកម្ពុជានិងកងទ័ពថៃ អភិបាលខេត្តតាកែវលោក វ៉ី សំណាងបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវ ទាំងអស់សូមជួយឧបត្ថមជាសម្ភារៈ ឬថវិការទោះច្រើន ឬតិចតួចក្ដីដល់កងទ័ពដើម្បីបង្ហាញពីការរួមរួម សាមគ្គីភាពគ្នាជាធ្លុងមួយនៃខឿនការពារជាតិរបស់កម្ពុជាយើង។
ថ្លែងនៅចំពោះមុខបងប្អូនប្រជាពលរដ្ឋប្រមាណជិត១ពាន់នាក់នៅក្នុងពិធីសម្ភោធផ្លូវមួយខ្សែនៅក្នុងឃុំ ត្រាំកក់ ស្រុកត្រាំកក់ នៅព្រឹកថ្ងៃ សុក្រទី៣០ ខែឧសភា ឆ្នាំ ២០២៥នេះ ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍បន្តថា វិស័យការពារជាតិយើងមិនអន់ជាងប្រទេសណានោះទេហើយរាជរដ្ឋាភិបាលក៍មិនមានការខ្វះខាតទេលើការទ្រទ្រង់ផ្គត់ផ្គង់សម្ភារៈលើវិស័យការពារជាតិរួមទាំងការឧបត្ថមការហូបចុកដល់បងប្អូនកងទ័ព្វយើង ដូចប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន បានថ្លែងកាលពីម្សិលម្ងៃ ក៍ប៉ុន្តែការចូលរួមឧបត្ថមរបស់បងប្អូនប្រជាពលរដ្ឋដល់កងទ័ពយើងវាបានបង្ហាញពីចឹត្តស្នេហាជាតិ ស្នេហាទឹកដី ចេះរួបរួមសាមគ្គីគ្នាជាធ្លុងមួយនៅពេលប្រទេសជាតិជួបបញ្ហានិងជួយលើកតម្កើងដល់ខឿនការពារជាតិយើងឱ្យកាន់តែរឹងមាំថែមទៀត។
នៅក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តតាកែវ ក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាលតែងតែជឿជាក់ និងគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយរាល់ពេលមានបញ្ហាអ្វីកើតឡើង បងប្អូនប្រជាពលរដ្ឋតែងតែធ្វើសកម្មភាពគាំទ្រ លើកទឹកចឹត្តនិងស្ថិតនៅពីក្រោយរាជរដ្ឋាភិបាលកម្ពុជាគ្រប់ពេលវេលា៕









