ក្រុមអ្នកសង្កេតការណ៍អន្ដរកាល (IOT) ចំនួន៥ប្រទេស ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៉ីប្រចាំប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះ បានចុះទៅពិនិត្យជាក់ស្ដែងនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ទីដែលកម្លាំងទាហានថៃ បានចូលមកឡោមព័ទ្ធ និងរាយលួសបន្លាយកដី ព្រមទាំងផ្ទះប្រជាពលរដ្ឋកម្ពុជាជាច្រើនគ្រួសារ។
ក្នុងពេលចុះពិនិត្យជាក់ស្ដែង នៅទីតាំងដែលទាហានថៃឈ្លានពានព័ទ្ធលួសបន្លាយកដី និងផ្ទះប្រជាពលរដ្ឋកម្ពុជានោះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងយោធភូមិភាគទី៥ បានធ្វើការពន្យល់ និងរៀបរាប់បញ្ជាក់លម្អិតអំពីបញ្ហាដែលបានកើតឡើង ដែលបង្កដោយក្រុមទាហានថៃ មកលើប្រជាពលរដ្ឋកម្ពុជា រហូតធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាខឹងសម្បា និងផ្ទុះការតវ៉ាទៅកាន់ក្រុមទាហានថៃ។
កងកម្លាំងយោធាថៃ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នៅវេលាម៉ោង១៤៖២០នាទី បានចូលមករាយលួសបន្លា នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលមានភូមិសាស្ដ្រទល់មុខភូមិណងចាន់ ឃុំខកសុខ ខេត្តស្រះកែវ ប្រទេសថៃ។ បន្ទាប់មកនៅវេលាម៉ោង១៥៖១៤នាទីរសៀល កងកម្លាំងថៃ បានធ្វើសកម្មភាពជាថ្មីបម្រុងយកបន្លាលួសមករាយម្ដងទៀត ហើយក៏ត្រូវបានប្រជាពលរដ្ឋដែលជាម្ចាស់ដី និងប្រជាពលរដ្ឋផ្សេងៗទៀត ធ្វើការទប់ស្កាត់យ៉ាងខ្លាំងក្លា រហូតដល់កងកម្លាំងថៃ យកបន្លាលួសរបស់ខ្លួនចូលត្រឡប់ទៅវិញ។
លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះ បានលើកឡើងថា សកម្មភាពរបស់ប្រជាពលរដ្ឋកម្ពុជាដែលចេញតវ៉ាប្រឆាំងនឹងការរាយបន្លាលួសរបស់កងកម្លាំងយោធាថៃ ក្នុងភូមិសាស្ដ្រភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កើតឡើងដោយតែឆន្ទៈស្រលាញ់ទឹកដី និងការពារកម្មសិទ្ទិស្របច្បាប់របស់ពួកគាត់៕












