ភ្នំពេញ ៖ ឧត្ដមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការផ្តល់លុយជំនួយ ទៅឲ្យម្ចាស់គណនី ឬទំព័រហ្វេសប៊ុកផេកមួយចំនួនដែលគ្មានប្រភពផ្លូវការច្បាស់លាស់ ក្នុងការកៀរគរថវិកា (បំណងឆបោក) ក្រោយកងទ័ពកម្ពុជា-ថៃ ប៉ះទង្គិចគ្នា ។
បើតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងនៅថ្ងៃទី៣០ ឧសភា ២០២៥នេះថា នាពេលថ្មីនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សង្កេតឃើញថា ស្របពេល ដែលព្រះរាជាណាចក្រកម្ពុជា កំពុងជួបប្រទះបញ្ហាតាមបន្ទាត់ព្រំដែន ដោយមានការប៉ះទង្គិចគ្នា រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ដែលបានកើតឡើងនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅក្នុងភូមិសាស្ត្រ ភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលបណ្ដាលឲ្យកងទ័ពមួយរូប គឺលោកព្រិន្ទបាលឯក សួន រោន បានពលីនៅក្នុងព្រឹត្តិការណ៍នោះ ហើយក៏មានការផ្សព្វផ្សាយតាមគណនី ក្នុងបណ្តាញទំនាក់ទំនងសង្គមជាច្រើន ក្នុងការកៀរគរសប្បុរសជន ចូលរួមជាបច្ច័យដល់គ្រួសារ នៃស.ព និងកៀរគរថវិកាពីសប្បុរសជន ឲ្យមានការចូលរួមឧបត្ថម្ភ ជាគ្រឿងឧបភោគ បរិភោគ និងសម្ភារៈផ្សេងៗ ជូនដល់កងទ័ពជួរមុខ ដែលកំពុងឈរជើងការពារតាមបន្ទាត់ព្រំដែន ។
បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចជំនាញ នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កំពុងធ្វើការកំណត់ និងស្រាវជ្រាវថា តើគណនី ឬទំព័រហ្វេសប៊ុកណាខ្លះ ដែលផ្សព្វផ្សាយមានគោលបំណងឆបោកសប្បុរជន ដើម្បីមានចំណាត់ការតាមផ្លូវច្បាប់ ។
ឧត្ដមសេនីយ៍ទោ សុខ នីត្យា សូមអំពាវនាវដល់សាធារណជន មេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះការចូលរួមថវិការផ្សេងៗ ក្នុងនាមជាសប្បុរសជន ក្រោមរូបភាពកៀរគរថវិការ ដែលគ្មានប្រភពផ្លូវការច្បាស់លាស់ ៕
