បាត់ដំបង៖ ត្រីក្លាសសេ ទម្ងន់ ១៥០០គ.ក្រ ដែលបាននាំចូលពីប្រទេសថៃ ត្រូវសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បង្ក្រាបបាននៅស្រុកសំពៅលូន ខេត្តបាត់ដំបង ដើម្បីអនុវត្តតាមនីតិវិធីនៃច្បាប់ ។
ប្រតិបត្តិការនៃការចុះបង្រ្កាបនេះបានធ្វើឡើងកាលពីវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ២០២៥ នៅក្នុងពេលដែលការដឹកជញ្ជូនត្រីក្លាសសេទាំងនេះគ្មានលិខិតអនុញ្ញាតនាំចូល ត្រូវសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ឃាត់ឆែកឆេរនៅចំណុចភូមិវាលវង់ ឃុំសន្តិភាព ស្រុកសំពៅលូន ។
នេះបើតាមការផ្សព្វផ្សាយផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលក្រុមការងារប្រចាំខេត្តខេត្តបាត់ដំបង ទទួលបានព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ នេះ ។
តាមប្រភពព័ត៌មានដដែលបានបញ្ជាក់ឱ្យដឹងទៀតថា ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក យី យក់សាន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានដឹកនាំកម្លាំងរបស់ខ្លួន ដោយមានកិច្ចសហការជាមួយមន្រ្តីរដ្ឋបាលជលផលខេត្តបាត់ដំបង បានធ្វើការឃាត់រថយន្ត០១គ្រឿង ម៉ាកសាំយ៉ុង ពណ៌ស ផលិតឆ្នាំ២០០០ ពាក់ផ្លាកលេខ ភ្នំពេញ 2AJ-9946 ដែលបានដឹកជញ្ជូនត្រីក្លាសសេ ដោយមិនមានលិខិតអនុញ្ញាតនាំចូល នៅចំណុចភូមិវាលវង់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានរកឃើញត្រីអណ្តែងក្លាសសេទម្ងន់ ១,០០០ គីឡូក្រាម និងត្រីឆ្ពិនក្លាសសេទម្ងន់៥០០គីឡូក្រាម ដែលវត្ថុទាំងនេះត្រូវបានមន្រ្តីខ័ណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង យកទៅអនុវត្តតាមនីតិវិធីនៃច្បាប់ ៕





