ស្ទឹងត្រែង៖ កម្លាំងជំនាញ ក៧ និងក្រុមប្រចាំការទិសឦសាននៃមន្ទីរប្រឆាំងគ្រឿងញៀន កាលពីថ្ងៃ២ ខែមេសា ឆ្នាំ២០២៥ បានសហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង សម្របសម្រួលនីតិវិធីដោយលោក ស៊ិន សុហឹង ព្រះរាជអាជ្ញារង នៃអយ្យការអម្មសាលាដំបូងខេត្តស្ទឹងត្រែង បានស្រាវជ្រាវស៊ើបអង្កេត និងបង្ក្រាបបទល្មើសដឹកជញ្ជូនគ្រឿងញៀននៅចំណុចស្ពានលើមេគង្គ ស្ថិតនៅភូមិប៉ាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ប្រតិបត្តិការនេះ ជាលទ្ធផលកម្លាំងជំនាញចាប់ខ្លួនជនសង្ស័យចំនួន ២នាក់ ឈ្មោះ ធុជ វណ្ណៈ ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ យូ គ្រី ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ ព្រមទាំងរឹបអូសបានសារធាតុញៀន ជាប្រភេទជ័រអាភៀន ទម្ងន់ ៤៧គីឡូក្រាម និង២៣២ក្រាម។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើត្រូវបានសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន កសាងសំណុំរឿង បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង តាមនីតិវិធីច្បាប់៕
