សមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែត បានស្រាវជ្រាវបង្ក្រាបករណីលួចម៉ូតូ និងទទួលផលចោរកម្មមួយករណី ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ១១នាក់ ក្នុងនោះមានស្ត្រីម្នាក់ និងដកហូតម៉ូតូបានសរុបចំនួន ២៥គ្រឿង។
ប្រតិបត្តិការនេះបានចាប់ផ្តើម បន្ទាប់ពីនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ បានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋចំនួន ២នាក់ ពាក់ព័ន្ធនឹងករណីបាត់ម៉ូតូចំនួន ២គ្រឿង ដែលសង្ស័យថាត្រូវបានជនសង្ស័យលួចយក ហើយសមត្ថកិច្ចមានកាមេរ៉ាសុវត្ថិភាពជាភស្តុតាងសម្រាប់ការស្រាវជ្រាវ។
ក្រោយទទួលបានព័ត៌មាន និងតាមការបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះស្រាវជ្រាវ និងស៊ើបអង្កេតជាបន្តបន្ទាប់។
ជាលទ្ធផល រហូតដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ១១នាក់ ក្នុងនោះ ៧នាក់ជាប់ពាក់ព័ន្ធនឹងការលួចម៉ូតូ និង ៤នាក់ទៀតពាក់ព័ន្ធនឹងការទទួលផលចោរកម្ម ឬទិញម៉ូតូដែលគ្មានឯកសារត្រឹមត្រូវ។
ជាមួយគ្នានេះ សមត្ថកិច្ចបានដកហូតម៉ូតូបានចំនួន ២៥គ្រឿង។ ក្នុងចំណោមម៉ូតូទាំងនោះ មាន ៣គ្រឿងត្រូវនឹងម៉ូតូដែលមានក្នុងពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ និងអាចប្រគល់ជូនម្ចាស់វិញតាមនីតិវិធីច្បាប់។
ដោយឡែក ជនសង្ស័យចំនួន ២នាក់ទៀត កំពុងរត់គេចខ្លួន ហើយសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ ដើម្បីស្វែងរក និងចាប់ខ្លួនយកមកអនុវត្តតាមច្បាប់។
បច្ចុប្បន្ន ជនសង្ស័យទាំង ១១នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនតាមនីតិវិធីច្បាប់ ខណៈម៉ូតូដែលសមត្ថកិច្ចរកឃើញ និងកំណត់អត្តសញ្ញាណម្ចាស់បាន នឹងត្រូវប្រគល់ជូនម្ចាស់វិញតាមនីតិវិធី។







