សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញជា អធិប តី សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាស “មរតកតេជោ” នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ។ ស្ពានអាកាសមរតកតេជោ មានទីតាំងភូមិសាស្ត្រស្ថិតនៅចំណុចប្រសព្វរវាងខណ្ឌចំការមន និងខណ្ឌមានជ័យ រាជធានី ភ្នំពេញ ត្រូវបានបើកការដ្ឋាន សាងសង់កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រ។
ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានថ្លែងថា”តាមការគ្រោងទុក ស្ពាននេះ ត្រូវប្រើរយៈពេលសាងសង់ចំនួន ៣៦ខែ ប៉ុន្តែជាក់ស្តែង អាស្រ័យដោយមានការខិតខំប្រឹងប្រែងស្ថាបនាទាំងថ្ងៃទាំងយប់ ធ្វើឱ្យការដ្ឋាននេះប្រើរយៈពេលសាងសង់ត្រឹមតែ ៣០ខែប៉ុណ្ណោះ ក្នុងនោះ ដោយមានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចធិបតីនាយករដ្ឋមន្ត្រី រដ្ឋបាលរាជធានីភ្នំពេញបានដាក់ឱ្យបងប្អូនប្រជាពលរដ្ឋ និងអ្នកដំណើរទាំងឡាយបានប្រើប្រាស់ជាបណ្តោះអាសន្ន នូវសំណង់ហេដ្ឋារចនាសម្ព័ន្ធ រូបវន្តក្នុងគម្រោង ដែលបានស្ថាបនារួចជាបន្តបន្ទាប់ រួមមាន (លើកទី១) ដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន នូវស្ពានអាកាសជាន់ទី២ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ និង (លើកទី២) ស្ពានអាកាសជាន់ទី១ កាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៤ “។
ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា “ស្ពានអាកាសមរតកតេជោ បានចំណាយថវិកាសាងសង់អស់ចំនួន ៣៦.៧៧៥.០០០$ (សាមសិបប្រាំមួយលាន ប្រាំពីររយចិតសិបប្រាំពាន់ ដុល្លាអាមេរិក) ជាកញ្ចប់ថវិកាបានមកពីមូលនិធិអភិវឌ្ឍកោះនរា និងថវិកាមួយផ្នែក ដែលនៅសល់ពីការអនុវត្តគម្រោងសាងសង់ស្ពានអាកាសក្បាលថ្នល់ ដំណាក់កាលទី២ ហើយស្ពាននេះ គឺជាស្ពាន អាកាសទី១ ដែលត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដោយសម្តេចធិបតីនាយករដ្ឋមន្ត្រី និងជាស្ពានអាកាសទី៧ ដែលបានស្ថាបនារួចរាល់ ក្រោមកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលរាជធានីភ្នំពេញ និងវិស័យឯកជន ស្របតាមអនុសាសន៍ និងចំណាត់ការដ៏ម៉ឺងម៉ាត់របស់សម្តេចតេជោ ហ៊ុន សែន នោះគឺ “ការយកទីក្រុងចិញ្ចឹមទីក្រុង ឬ យកស្លឹកត្នោត ខ្ទប់ស្ករត្នោត” ដែលជាអាទិ៍រួមមាន ស្ពានអាកាសក្បាលថ្នល់, ស្ពានអាកាស៧មករា, ស្ពានអាកាសនិងផ្លូវក្រោមដី ស្ទឹងមានជ័យ, ស្ពានអាកាស៥មករា, ស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅ, ស្ពានអាកាសឫស្សីកែវ និងស្ពាន អាកាសមរតកតេជោ យើងនេះ”។
ឯកឧត្តមគណៈអភិបាលរាជធានីភ្នំពេញ បានបន្តថា “ផ្លូវថ្នល់ផ្ទាល់ដី៖ មានរង្វង់មូល នៅត្រង់ចំណុចប្រសព្វដែលបំបែកខ្នែងជាបួនទិសផ្សេងគ្នា ក្នុងនោះបរិមាត្ររង្វង់មូលមានទំហំ ១៧៨ ម៉ែត្រ គុណនឹង ១២,៩០ ម៉ែត្រ មានតួនាទីបែងចែកទិសដៅចរាចរណ៍ ដោយមានគន្លងផ្លូវរត់ទំហំ ៣,៩៥ ម៉ែត្រ ចំនួន ៣ គន្លង និងមានកម្ពស់សុវត្ថិភាព ៥ ម៉ែត្រ សម្រាប់ផ្នែក ឆ្លងកាត់ក្រោមស្ពានអាកាសជាន់ទី១ ។
ជាមួយគ្នានេះក៏មានការស្ថាបនាផ្លូវថ្នល់ផ្ទាល់ដីតាមបណ្តោយស្ពាន និងក្រោមស្ពានដែលតភ្ជាប់ទៅនឹងរង្វង់មូលចែកចេញជាពីរគន្លងផ្លូវ មានទំហំ ៣,៥ ម៉ែត្រ ក្នុង មួយគន្លង ដែលជាប្រភេទផ្លូវឯកទិស តភ្ជាប់រវាងមហាវិថីសម្តេចតេជោហ៊ុនសែន មហាវិថីកងយោធពល ខេមរភូមិន្ទ មហាវិថីព្រះមុនីវង្ស និងផ្លូវជាតិលេខ១ តាមរយៈស្ពានព្រះមុនីវង្ស ។ស្ពានអាកាសជាន់ទី១៖ គឺជាស្ពានរង្វង់មូល នៅត្រង់ចំណុចប្រសព្វដែលបំបែកខ្នែងជាបួនទិសផ្សេងគ្នា រួមមានស្ពានអាកាសរង្វង់មូលចំកណ្តាលចំនួន ១ និងស្ពានអាកាសរណបចំនួន ៦ខ្នែង រួមមាន៖ ស្ពានអាកាសរង្វង់មូលមានបរិមាត្រទំហំ ១៧៨ ម៉ែត្រ គុណនឹង ១២,៩០ ម៉ែត្រ មានតួនាទីបែងចែកទិសដៅចរាចរណ៍ ដោយមានគន្លងផ្លូវរត់ទំហំ ៣,៩៥ ម៉ែត្រ ចំនួន៣គន្លង និងមានកម្ពស់សុវត្ថិភាព ៥ម៉ែត្រ សម្រាប់ផ្នែកឆ្លងកាត់ក្រោមស្ពានអាកាសជាន់ទី២ ។
ស្ពានអាកាសខ្នែងA មានប្រវែង ២០០ម៉ែត្រ និងទទឹង ១១,៥ ម៉ែត្រ ជាប្រភេទផ្លូវទ្វេទិស សម្រាប់ទិសដៅចរាចរណ៍ទៅមកពីផ្លូវជាតិលេខ១ ដោយបែងចែកជា ៤គន្លង (២គន្លងទៅ និង២គន្លងមក) ក្នុងនោះ មួយគន្លងសម្រាប់រថយន្តមានទំហំ ៣,៥ ម៉ែត្រ និងមួយគន្លងទៀតសម្រាប់ទោចក្រយានយន្តមានទំហំ ១,៥ ម៉ែត្រ។ ស្ពានអាកាសខ្នែងB មានប្រវែង ១៩៥ ម៉ែត្រ និងទទឹង ៦ ម៉ែត្រ ជាប្រភេទផ្លូវឯកទិស សម្រាប់ទិសដៅចរាចរណ៍ឆ្ពោះទៅមហាវិថីកងយោធពលខេមរភូមិន្ទ ដោយបែងចែកជា ២គន្លង ក្នុងនោះ មួយគន្លងសម្រាប់រថយន្តមានទំហំ ៣,៥ ម៉ែត្រ និងមួយគន្លងទៀតសម្រាប់ទោចក្រយានយន្តមានទំហំ ១,៥ ម៉ែត្រ។ស្ពានអាកាសខ្នែងC មានប្រវែង ១៤៣ម៉ែត្រ និងទទឹង ៦ម៉ែត្រ ជាប្រភេទផ្លូវឯកទិសសម្រាប់ទិសដៅចរាចរណ៍មកពីមហាវិថីព្រះមុនីវង្ស ដោយបែងចែកជា ២គន្លង ក្នុងនោះមួយគន្លងសម្រាប់រថយន្តមានទំហំ ៣,៥ ម៉ែត្រ និងមួយគន្លងទៀតសម្រាប់ទោចក្រយានយន្តមានទំហំ ១,៥ ម៉ែត្រ។
ស្ពានអាកាសខ្នែងD មានប្រវែង១៦៦ម៉ែត្រ និងទទឹង៦ម៉ែត្រ ជាប្រភេទផ្លូវឯកទិស សម្រាប់ទិសដៅចរាចរណ៍ឆ្ពោះទៅមហាវិថីព្រះមុនីវង្ស ដោយបែងចែកជា ២គន្លង ក្នុងនោះមួយគន្លងសម្រាប់រថយន្តមានទំហំ ៣,៥ ម៉ែត្រ និងមួយគន្លងទៀតសម្រាប់ទោចក្រយានយន្តមានទំហំ ១,៥ ម៉ែត្រ។ ស្ពានអាកាសខ្នែងE មានប្រវែង១៥១ម៉ែត្រ និងទទឹង៦ម៉ែត្រ ជាប្រភេទផ្លូវឯកទិស សម្រាប់ទិសដៅចរាចរណ៍មកពីមហាវិថីសម្តេចតេជោ ហ៊ុន សែន ដោយបែងចែកជា២គន្លង ក្នុងនោះមួយគន្លង សម្រាប់រថយន្តមានទំហំ ៣,៥ម៉ែត្រ និងមួយគន្លងទៀតសម្រាប់ទោចក្រយានយន្តមានទំហំ ១,៥ ម៉ែត្រ។
ស្ពានអាកាសខ្នែងF មានប្រវែង១៣១ម៉ែត្រ និងទទឹង៦ម៉ែត្រ ជាប្រភេទផ្លូវឯកទិស សម្រាប់ទិសដៅចរាចរណ៏ឆ្ពោះទៅមហាវិថីសម្តេចតេជោ ហ៊ុន សែន ដោយបែងចែកជា ២គន្លង ក្នុងនោះមួយគន្លង សម្រាប់រថយន្តមានទំហំ ៣,៥ម៉ែត្រ និងមួយគន្លងទៀតសម្រាប់ទោចក្រយានយន្តមានទំហំ ១,៥ ម៉ែត្រ ។ ស្ពានអាកាសជាន់ទី២៖ គឺជាស្ពានអាកាសទ្វេទិស មានប្រវែង ១.២០០ ម៉ែត្រ និងទទឹងពី ១៤,៧០ ម៉ែត្រ ទៅ ២៧ ម៉ែត្រ សម្រាប់ទិសដៅចរាចរណ៍ទៅមករវាងមហាវិថីសម្តេចតេជោ ហ៊ុនសែន និងមហាវិថីព្រះ មុនីវង្ស ដោយបែងចែកជា ៦ គន្លងផ្លូវដល់ផ្លូវបំបែកទៅផ្លូវខ្នែង (៣គន្លងទៅ និង ៣គន្លងមក) និង ៤ គន្លងផ្លូវកណ្តាល (២គន្លងទៅ និង ២គន្លងមក) “។
សម្រាប់អត្ថប្រយោជន៍ នៃការស្ថាបនាស្ពានអាកាសមរតកតេជោ ឯកឧត្តមគណៈអភិបាលរាជធានីភ្នំពេញបានថ្លែងថា “ស្ពាននេះអាកាសនេះបន្សំគ្នាទៅនឹងសមិទ្ធផលស្ពានអាកាសក្បាលថ្នល់ ដែលជាស្ពានអាកាសទី១ នាពេលនេះ មិនត្រឹមតែអាចដោះស្រាយបានទាំងស្រុងចំពោះបញ្ហាការកកស្ទះចរាចរក្នុងតំបន់ អតីតរង្វង់មូលក្បាលថ្នល់ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាយុទ្ធសាស្ត្រនៃការអភិវឌ្ឍទីក្រុង ដើម្បីតភ្ជាប់របៀងសេដ្ឋកិច្ចរវាង រាជធានីភ្នំពេញ ជាមួយនិងបណ្តាខេត្តជាច្រើន ស្ថិតតាមបណ្តោយផ្លូវជាតិលេខ ១ និងផ្លូវជាតិលេខ ២ ជាពិសេសដើម្បី ផ្សារភ្ជាប់ទៅនឹងប្រព័ន្ធភស្តុភារកម្មឡូជីស្ទិក នៃគម្រោងអាកាសយានដ្ឋានអន្តរជាតិថ្មី និងគម្រោង “ព្រែកជីកហ្វូណន- តេជោ” ឱ្យកាន់តែមានភាពប្រទាក់ក្រឡា ដែលនឹងធ្វើឱ្យរាជធានីភ្នំពេញ កាន់តែមានលក្ខណៈសម្បត្តិល្អប្រសើរសម្រាប់ ការប្រកួតប្រជែង ទាក់ទាញបំផុត និងស្ថិតក្នុងក្រសែភ្នែករបស់វិនិយោគិនទាំងក្នុង និងក្រៅប្រទេស ថែមទៀតផង”៕








