ថ្លែងក្នុងឱកាស អញ្ជើញជាអធិបតី ពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី លើកទី៤ ឆ្នាំ២០២៥-២០៣០» នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ នៅក្នុងនីតិកាលទី៧នេះ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តយកចិត្តទុកដាក់ជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ។
ពីវេទិកាអធិបតី នៅសណ្ឋាគារសាន់អែនមូន រាជធានីភ្នំពេញ ឯកឧត្តមអភិសន្តិបណ្ឌិត ប្រមុខក្រសួងមហាផ្ទៃ បានរំលេចវឌ្ឍនភាពនៃកំណើន និងការបន្តពង្រឹងតួនាទីយ៉ាងសកម្មរបស់ស្ត្រីក្នុងមុខតំណែង តាមក្រសួងស្ថាប័ននានា ជាពិសេសគឺភាពរីកចម្រើនមួយក្នុងវិស័យមហាផ្ទៃផ្ទាល់ ដែលបានកំពុងយកចិត្តទុកដាក់ធ្វើឱ្យសម្រេចបានផែនការរៀបចំស្រ្តីឱ្យទទួលបានមុខតំណែងដឹកនាំ និងថ្នាក់ដឹងនាំ យ៉ាងហោចណាស់ មានស្រ្តីម្នាក់កាន់មុខតំណែងរង ឬអនុប្រធាន គ្រប់អង្គភាពចំណុះតាមឋានានុក្រម។
បើតាមប្រមុខក្រសួងមហាផ្ទៃ គឺវត្តមានស្រ្តីក្នុងមុខតំណែងនេះហើយដែលជាផ្នែកមួយសំខាន់មិនអាចខ្វះបាន សម្រាប់ការឈានទៅពង្រឹងឱ្យបានបេសកកម្ម ការទប់ស្កាត់អំពើហិង្សាលើស្ត្រី និងកុមារ។ ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានអំពាវនាវគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ បន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់ឱកាស តួនាទី និងការវាយតម្លៃឱ្យតម្លៃខ្ពស់ចំពោះសមត្ថភាពស្ត្រី ព្រមទាំងការបង្កើតលក្ខខណ្ឌអំណោយផលនានា ដើម្បីជំរុញទឹកចិត្តឱ្យពួកគាត់កាន់តែមានទំនុកចិត្តក្នុងការបម្រើការងារ និងចូលរួមកសាងអភិវឌ្ឍន៍សង្គមជាតិឱ្យកាន់តែរីកចម្រើនថែមទៀត។
ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានផ្តល់អនុសាសន៍ណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តបង្កើនការផ្សព្វផ្សាយអប់រំ និងពង្រឹងការអនុវត្តក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយ សម្រាប់ការរាយការណ៍ព័ត៌មានទាក់ទងនឹងអំពើហិង្សាលើស្ត្រីឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមក៏បានក្រើនរំលឹកឱ្យយកចិត្តទុកដាក់ទប់ស្កាត់ និងបង្ការឱ្យបានហ្មត់ចត់ចំពោះរាល់ឧបាយកលអូសទាញ ឬបោកបញ្ឆោតផ្សេងៗ ដូចជា ការបោកបញ្ឆោតរៀបការ ឬការសន្យាផ្តល់ការងារធ្វើដែលមានប្រាក់កម្រៃខ្ពស់ខុសពីធម្មតា ដែលជាល្បិចកលនាំឱ្យស្ត្រីធ្លាក់ក្នុងអន្ទាក់នៃការជួញដូរមនុស្ស និងការបញ្ជូនទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់។
យោងតាមលោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី លើកទី៤ ឆ្នាំ២០២៥-២០៣០» ក្រោមអធិបតីភាពប្រមុខក្រសួងមហាផ្ទៃ នាឱកាសនេះ មានគោលបំណងផ្សព្វផ្សាយជាផ្លូវការ ជូនដៃគូពាក់ព័ន្ធ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វប្បធម៌អហិង្សា និងភាពសុខដុមរមនាក្នុងសង្គមជាតិ តាមរយៈការបង្ការទប់ស្កាត់ និងធ្វើកិច្ចអន្តរាគមន៍លើករណីអំពើហិង្សាលើស្រ្តីនិងក្មេងស្រី ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា។
លោកជំទាវបានបញ្ជាក់ថា ផែនការសកម្មភាពជាតិលើកទី៤ បានផ្តល់អភិក្រមនិងមូលដ្ឋានច្បាស់លាស់ដើម្បីបង្កើនកិច្ចអន្តរាគមន៍បង្ការ ទប់ស្កាត់ បង្កើនការឆ្លើយតប បង្កើនការទទួលបានសេវាប្រកបដោយគុណភាពនិងប្រសិទ្ធភាព នៃការសម្របសម្រួលពហុវិស័យ ដោយក្នុងនោះ យុទ្ធសាស្រ្តចំនួន៤ រួមមាន ទី១.ការបង្ការទប់ស្កាត់ ទី២.កិច្ចការពារផ្លូវច្បាប់ និងសេវាពហុវិស័យ ទី៣.ការបង្កើតនិងការអនុវត្តច្បាប់និងគោលនយោបាយ និងទី៤ការតាមដានត្រួតពិនិត្យ និងការវាយតម្លៃ៕





















