ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ បានរៀបចំពិធីបើកការដ្ឋានសាងសង់អគារមន្ទីរពេទ្យមិត្តនគរបាល (POLICE FRIENDSHIP HOSPITAL) កម្ពស់ ៣ជាន់ ដែលជាសមិទ្ធផលថ្មីមួយមានសារៈសំខាន់ក្នុងការលើកកម្ពស់សេវាសុខាភិបាល និងសុខុមាលភាពរបស់កងកម្លាំងនគរបាល ព្រមទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
អគារមន្ទីរពេទ្យមិត្តនគរបាលនេះ ត្រូវបានផ្តួចផ្តើមឡើងដោយ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងផ្នែកសុខាភិបាល និងជួយសម្រួលដល់ការផ្តល់សេវាពិនិត្យ ព្យាបាល និងថែទាំសុខភាពជូនដល់មន្ត្រីនគរបាល ក្រុមគ្រួសារកងកម្លាំង និងប្រជាពលរដ្ឋ។
តាមប្លង់ អគារមន្ទីរពេទ្យថ្មីនេះមានទទឹង ១៣,៥០ម៉ែត្រ និងប្រវែង ២៨ម៉ែត្រ កម្ពស់ ៣ជាន់ និងមានចំនួន ៣០បន្ទប់ ដែលត្រូវរៀបចំឡើងតាមស្តង់ដារបច្ចេកទេស សម្រាប់បម្រើការងារផ្នែកសុខាភិបាល និងការថែទាំអ្នកជំងឺ។
ការចាប់ផ្តើមសាងសង់អគារមន្ទីរពេទ្យនេះ ត្រូវបានចាត់ទុកថាជាជំហានដ៏សំខាន់មួយរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្នុងការពង្រឹងសមត្ថភាពផ្តល់សេវាសុខាភិបាល ជាពិសេសការសង្គ្រោះបឋម ការពិនិត្យ និងព្យាបាលជំងឺឱ្យកាន់តែមានភាពជិតស្និទ្ធ ឆាប់រហ័ស និងមានប្រសិទ្ធភាព។
គម្រោងនេះក៏នឹងចូលរួមចំណែកកាត់បន្ថយការលំបាកក្នុងការធ្វើដំណើររបស់មន្ត្រីនគរបាល និងប្រជាពលរដ្ឋដែលត្រូវការសេវាព្យាបាល ព្រមទាំងជួយលើកកម្ពស់គុណភាពជីវិត និងសុខុមាលភាពរបស់កងកម្លាំងនគរបាល និងប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យ។
ពិធីបើកការដ្ឋានសាងសង់នេះ មានការអញ្ជើញចូលរួមពី លោក លៀម សុដា អភិបាលរងខេត្តបន្ទាយមានជ័យ ព្រមទាំងលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យជំនាញ លោកអធិការនគរបាលក្រុង-ស្រុក មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក មន្ត្រីរាជការ អាជីវករ ពាណិជ្ជករ និងប្រជាពលរដ្ឋជាច្រើននាក់។
ការបុកគ្រឹះសាងសង់អគារមន្ទីរពេទ្យមិត្តនគរបាលនៅពេលនេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់លើសុខុមាលភាពរបស់កងកម្លាំង និងប្រជាពលរដ្ឋ ព្រមទាំងជាការរួមចំណែកបង្កើតហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលថ្មីមួយបន្ថែមទៀត សម្រាប់បម្រើផលប្រយោជន៍សាធារណៈនៅក្នុងខេត្តបន្ទាយមានជ័យ៕







