ឯកឧត្តម ឃឹម ហ្វីណង់៖ ថ្មីៗនេះ មានការជជែកវែកញែកយ៉ាងផុលផុសជុំវិញករណី «ត្រីស្ទក់» ដែលលោក ពាក់ មី បានយកមកចម្អិន និងបង្ហោះលើបណ្តាញសង្គម។ ជាជាងការបន្តដេញដោលលើករណីនេះ យើងគួរទាញយកជាបទពិសោធ និងការសន្និដ្ឋានរួមមួយ សម្រាប់ការដើរទៅមុខទាំងអស់គ្នា ដូចខាងក្រោម៖
១. ការចូលរួមបញ្ចេញមតិរបស់មហាជននាពេលនេះ គឺជាសញ្ញាវិជ្ជមានមួយដែលបង្ហាញពីការយល់ដឹង និងការយកចិត្តទុកដាក់ខ្ពស់ជាងមុនទៅលើការអភិរក្សធនធានធម្មជាតិ បើធៀបនឹងពេលកន្លងមក។
២. លោក ពាក់ មី ក៏តែងតែចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយសារអប់រំ និងទប់ស្កាត់បទល្មើសនេសាទ។ ទោះជាយ៉ាងណា ការស្គាល់គ្រប់ប្រភេទត្រីដែលកំពុងរងការគំរាមកំហែងនៅតែជាបញ្ហាប្រឈមសម្រាប់មនុស្សទូទៅ។ ហេតុដូច្នេះ ព្រឹត្តិការណ៍នេះបានក្លាយជាមេរៀនមួយសម្រាប់សាធារណជនក្នុងការបង្កើនការប្រុងប្រយ័ត្ន និងស្វែងយល់ជាមុនថាតើប្រភេទត្រីដែលនឹងត្រូវយកមកបរិភោគ ជាប្រភេទត្រីកម្រ ឬកំពុងរងគ្រោះថ្នាក់ដែរឬទេ។
៣. ដើម្បីឱ្យការចូលរួមការពារកាន់តែមានប្រសិទ្ធភាព ការបន្តជួយផ្សព្វផ្សាយ និងអប់រំគ្នាទៅវិញទៅមក អំពីប្រភេទជលផលដែលកំពុងរងការគំរាមកំហែង គឺជារឿងចាំបាច់បំផុត។
៤. ជំនួសឱ្យការបន្ទោសដាក់គ្នាទៅវិញទៅមក រវាងអ្នកដឹង និងអ្នកមិនដឹង ឬរវាងអ្នកទិញ អ្នកលក់ និងអ្នកនេសាទ លើរឿងដែលបានកើតឡើងរួចហើយនោះ យើងគួរបែរមកចូលរួមស្ថាបនា និងផ្តល់ការគាំទ្រដល់មន្ត្រីជលផល កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរពាក់ព័ន្ធ និងសកម្មជន ដែលកំពុងខិតខំប្រឹងប្រែងការពារ និងស្តារធនធានទាំងនេះវិញ។
សង្ឃឹមថា ព្រឹត្តិការណ៍នេះគឺជាសារក្រើនរំលឹកមួយដល់យើងទាំងអស់គ្នា ឱ្យបន្តសហការគ្នាថែរក្សា និងការពារធនធានជលផលកម្ពុជាឱ្យបានគង់វង្សយូរអង្វែង សម្រាប់កូនចៅច្រើនជំនាន់តទៅមុខទៀត។


