ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦នេះ បានសព្វព្រះរាជហឫទ័យ ស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការវិមានសាមគ្គីភាពយ៉ាងស្កឹមស្កៃដ៏ល្អវិចិត្រ នៃព្រឹទ្ធសភា។
ព្រះរាជពិធីសម្ពោធ ដែលប្រព្រឹត្តទៅយ៉ាងមហោឡារិក និងប្រកបដោយអំណររីករាយនេះ ក៏មានការអញ្ជើញដង្ហែព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំ សមាជិកព្រឹទ្ធសភា-រដ្ឋសភា ឯកអគ្គរាជទូត-ឯកអគ្គរដ្ឋទូត នៃបណ្តាប្រទេសជាមិត្ត និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូបផងដែរ។
«វិមានសាមគ្គីភាព» គឺជាសំណង់អគារថ្មីនៃព្រឹទ្ធសភា ដែលត្រូវបានស្ថាបនាឡើងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដើម្បីឆ្លើយតបទៅនឹងការពង្រឹងតួនាទី និងកំណើនការងារ ការលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងចីរភាពនៃស្ថាប័នព្រឹទ្ធសភា ព្រមទាំងឆ្លើយតបទៅនឹងការអនុវត្តអាទិភាពចម្បងទាំង២ របស់ព្រឹទ្ធសភានីតិកាលទី៥ ដែលបានដាក់ចេញដោយសម្តេចតេជោ ប្រធានព្រឹទ្ធសភា គឺ «ការលើកកម្ពស់ការទូតសភា» និង «ការរួមប្រាស្រ័យឱ្យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត ដែលតំណាងឱ្យប្រជាពលរដ្ឋនៅមូលដ្ឋាន»។
«វិមានសាមគ្គីភាព» បានបំពេញតួនាទីជាការិយាល័យធ្វើការរបស់ថ្នាក់ដឹកនាំព្រឹទ្ធសភា និងជាទីកន្លែងទទួលភ្ញៀវ ឥស្សរជនជាន់ខ្ពស់ជាតិ និងបរទេសនានា ខណៈអគារកេរដំណែល «វិមានរដ្ឋចំការមន» ឬហៅថា «អគារក្រហម» ដែលជាកេរមរតក និងស្នាព្រះហស្តដ៏ថ្លៃថ្លាបំផុតរបស់ព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គឺបន្តរក្សាតួនាទីដ៏សំខាន់ជាមជ្ឈមណ្ឌលសម្រាប់ «សម័យប្រជុំពេញអង្គព្រឹទ្ធសភា» ដើម្បីពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ ឬបញ្ហាទាំងពួង ដោយឈរលើមូលដ្ឋានគ្រឹះដ៏រឹងមាំនៃការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងសាមគ្គីភាពជាតិ។
«វិមានសាមគ្គីភាព» ដែលប្រសិទ្ធនាមដោយសម្តេចតេជោ ហ៊ុន សែន ពិតជាមានអត្ថន័យប្រវត្តិសាស្ត្រ និងនយោបាយដ៏ជ្រាលជ្រៅ។ ជាមួយនឹង «វិមានសន្តិភាព» និង «វិមានមិត្តភាព» វិមាននេះនឹងរួមផ្សំជានិមិត្តរូបនៃមុំ «សន្តិភាព មិត្តភាព និងសាមគ្គីភាព» ដែលជាមូលដ្ឋានគ្រឹះចាំបាច់សម្រាប់ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
សូមបញ្ជាក់ថា «វិមានសាមគ្គីភាព» មានវិមាត្របណ្តោយ ៧៩ ម៉ែត្រ x ទទឹង ៤៧ ម៉ែត្រ x កម្ពស់ ៣៥ ម៉ែត្រ និងរៀបចំជា ៤ ជាន់កន្លះ ដោយប្រើដំបូលរាបស្មើ ជាប្រភេទសំណង់បេតុងខ្សែកាប និងបេតុងអារមេ ដែលផ្តល់ភាពរឹងមាំ និងទំនើប ព្រមទាំងបង្ហាញពីស្ថាបត្យកម្ម និងរចនាបថខ្មែរសហសម័យ ហើយបានបញ្ចូលក្បាច់ខ្មែរ ជាទម្រង់ផ្កាចន្ទន៍ និងបាំងខ្លែង ដែលដកស្រង់ពីប្រាសាទបុរាណ ត្រូវបានយកមកលម្អនៅតាមការិយាល័យ និងជញ្ជាំងនៃវិមានសាមគ្គីភាព ដើម្បីលើកកម្ពស់វប្បធម៌ អត្តសញ្ញាណជាតិខ្មែរ និងស្របទៅនឹងតួនាទីនៃវិមានស្ថាប័នកំពូលនីតិប្បញ្ញត្តិនេះ។
«វិមានសាមគ្គីភាព» នេះ ជាសក្ខីភាពនៃកម្លាំងមហាសាមគ្គីក្នុងស្មារតីជាតិខ្មែរតែមួយ សាមគ្គីភាពរវាងរដ្ឋ និងវិស័យឯកជន និងជាសមិទ្ធផលរបស់កូនខ្មែរសុទ្ធសាធ ដែលទាំងអ្នកគូសប្លង់ អ្នកសាងសង់ និងអ្នកជួយឧបត្ថម្ភថវិកា គឺជាខ្មែរទាំងអស់៕






























































