អគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ បានរកឃើញភាពមិនប្រក្រតីក្នុងដំណើរការរៀបចំ និងអនុវត្តគម្រោងមូលនិធិរបស់រដ្ឋបាលឃុំចំនួន៥ ក្នុងខេត្តកំពង់ឆ្នាំង ក្នុងនោះមានរដ្ឋបាលឃុំទឹកហូត ស្រុករលាប្អៀរ ដែលកំពុងមានការចាប់អារម្មណ៍ជុំវិញគម្រោងដាក់បង្គោល និងអំពូលសូឡា ដែលមានតម្លៃរហូតដល់ ៨លានរៀលក្នុងមួយដើម។
តាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានរដ្ឋបាល ដែលចេញផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ បានឱ្យដឹងថា ករណីនេះកើតឡើងបន្ទាប់ពីមានការផ្សព្វផ្សាយ និងលើកឡើងតាមបណ្តាញសារព័ត៌មាន និងបណ្តាញសង្គម ពាក់ព័ន្ធនឹងភាពមិនប្រក្រតីក្នុងការរៀបចំ និងអនុវត្តគម្រោងមូលនិធិរបស់រដ្ឋបាលឃុំទឹកហូត។
អគ្គនាយកដ្ឋានរដ្ឋបាល បានចាត់មន្ត្រីជំនាញឱ្យចុះពិនិត្យ ស៊ើបអង្កេត និងស្រាវជ្រាវលើករណីនេះ។ លទ្ធផលនៃការពិនិត្យបានរកឃើញថា មានភាពមិនប្រក្រតីពាក់ព័ន្ធនឹងដំណើរការរៀបចំ និងអនុវត្តគម្រោងមូលនិធិរបស់រដ្ឋបាលឃុំចំនួន៥ ក្នុងខេត្តកំពង់ឆ្នាំង។
ចំពោះករណីឃុំទឹកហូត បញ្ហាដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង គឺតម្លៃបង្គោល និងអំពូលសូឡា ដែលត្រូវបានរាយការណ៍ថាមានតម្លៃដល់ទៅ ៨,០០០,០០០រៀលក្នុងមួយដើម ហើយត្រូវបានចាត់ទុកថាខ្ពស់ជាងតម្លៃទីផ្សារហួសហេតុ។ ករណីនេះក៏ធ្លាប់ធ្វើឱ្យមានប្រតិកម្មពីសាធារណជន និងការចុះពិនិត្យពីមន្ត្រីជំនាញរបស់ខេត្តកំពង់ឆ្នាំងផងដែរ។
ដោយផ្អែកលើលទ្ធផលនៃការស្រាវជ្រាវ ក្រសួងមហាផ្ទៃ បានណែនាំដល់រដ្ឋបាលខេត្តកំពង់ឆ្នាំង ឱ្យចាត់វិធានការជាបន្ទាន់ចំពោះមន្ត្រីទាំងឡាយណា ដែលមានការពាក់ព័ន្ធ ឬគប់គិតគ្នាក្នុងការរៀបចំ និងអនុវត្តគម្រោងមូលនិធិឃុំទាំង៥ ដោយមិនអនុវត្តតាមគោលការណ៍ច្បាប់ និងនីតិវិធីដែលបានកំណត់។
ក្រសួងមហាផ្ទៃ ក៏បានណែនាំឱ្យមានការចាត់វិធានការវិន័យ ឬទណ្ឌកម្មឱ្យបានម៉ឺងម៉ាត់បំផុត ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ប្រសិនបើរកឃើញថាមន្ត្រីណាមានការទទួលខុសត្រូវពាក់ព័ន្ធនឹងភាពមិនប្រក្រតីទាំងនេះ។
អគ្គនាយកដ្ឋានរដ្ឋបាល ក៏បានថ្លែងអំណរគុណចំពោះសាធារណជន ដែលបានយកចិត្តទុកដាក់តាមដាន និងវាយតម្លៃលើកិច្ចការអភិវឌ្ឍនៅមូលដ្ឋាន ដោយចាត់ទុកការចូលរួមរបស់ប្រជាពលរដ្ឋថា ជាកត្តាមួយក្នុងការពង្រឹងតម្លាភាព គណនេយ្យភាព និងសមត្ថភាពឆ្លើយតបរបស់រដ្ឋបាលឃុំ-សង្កាត់ចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ។
ករណីនេះ កំពុងបន្តរង់ចាំការចាត់វិធានការរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ទៅលើមន្ត្រីដែលត្រូវបានរកឃើញថាមានការពាក់ព័ន្ធនឹងការរៀបចំ និងអនុវត្តគម្រោងមូលនិធិឃុំដោយមិនត្រឹមត្រូវតាមច្បាប់ និងនីតិវិធី។



