អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានឱ្យដឹងថា សមត្ថកិច្ចកម្ពុជាបានរកឃើញយុវតីជនជាតិសិង្ហបុរី ដែលក្រុមគ្រួសារបានដាក់ពាក្យសុំអន្តរាគមន៍ឱ្យជួយស្វែងរក បន្ទាប់ពីនាងបានបាត់ការទំនាក់ទំនងជាមួយគ្រួសារ។
លោក ទូច សុឃៈ បញ្ជាក់ថា ក្រោយទទួលបានបណ្ដឹងពីឪពុកម្តាយរបស់នាង ក្រសួងមហាផ្ទៃ តាមរយៈអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការបើកប្រតិបត្តិការស្វែងរកភ្លាមៗ។
ជាលទ្ធផល មន្ត្រីនគរបាលបានរកឃើញយុវតីរូបនេះកំពុងស្នាក់នៅក្នុងអគារខុនដូមួយក្នុងរាជធានីភ្នំពេញ។ តាមការបញ្ជាក់របស់នាង នាងមិនបានរងគ្រោះដោយអំពើជួញដូរមនុស្ស ឬការធ្វើទារុណកម្មណាមួយឡើយ។
យុវតីរូបនេះបានអះអាងថា ការធ្វើដំណើរមកប្រទេសកម្ពុជាគឺដោយសារបញ្ហាគ្រួសារផ្ទាល់ខ្លួន ហើយនាងបានសម្រេចចិត្តផ្តាច់ការទំនាក់ទំនងជាមួយសមាជិកគ្រួសារទាំងអស់។
បច្ចុប្បន្ន នាងមានសុវត្ថិភាព និងកំពុងស្ថិតក្រោមការយកចិត្តទុកដាក់ពីមន្ត្រីជំនាញរបស់កម្ពុជា។



