ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានជំរុញឱ្យមន្ត្រីគ្រប់គ្រងគេហទំព័ររបស់មន្ទីរព័ត៌មានរាជធានី-ខេត្តទាំង២៥ ពង្រឹងតួនាទីជាច្រកផ្តល់ព័ត៌មានផ្លូវការដ៏មានសក្តានុពល ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងសាធារណមតិ និងធានាការផ្តល់ព័ត៌មានពិតប្រាកដដល់សាធារណជន។
ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី «ការគ្រប់គ្រងគេហទំព័រព័ត៌មានមន្ទីរព័ត៌មានរាជធានី-ខេត្ត» នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន ដោយមានការចូលរួមផ្ទាល់ និងតាមរយៈប្រព័ន្ធ Zoom ពីមន្ត្រីបច្ចេកទេសនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធមកពីមន្ទីរព័ត៌មានរាជធានី-ខេត្តទាំង២៥ ឯកឧត្តម ទេព អស្នារិទ្ធ បានណែនាំដល់មន្ត្រីមន្ទីរព័ត៌មានទាំងអស់ ឱ្យប្រកាសជាផ្លូវការ និងជូនដំណឹងដល់ថ្នាក់ដឹកនាំរាជធានី-ខេត្ត ព្រមទាំងអ្នកសារព័ត៌មាន អំពីដំណើរការគេហទំព័ររបស់មន្ទីរព័ត៌មាន ដែលបានដាក់ឱ្យដំណើរការរយៈពេល២ខែមកហើយ។
ការណ៍នេះមានគោលបំណងឱ្យសាធារណជន និងអ្នកសារព័ត៌មានទទួលបានប្រភពព័ត៌មានផ្លូវការច្បាស់លាស់ ស្តីពីសកម្មភាពរបស់ថ្នាក់ដឹកនាំខេត្ត សមិទ្ធផលការងារក្នុងមូលដ្ឋាន ព្រមទាំងការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងការដោះស្រាយបញ្ហានានានៅតាមសហគមន៍មូលដ្ឋាន។ ជាក់ស្តែង ក្នុងរយៈពេល២សប្តាហ៍ចុងក្រោយ គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្តទាំងអស់ បានផ្សព្វផ្សាយព័ត៌មានសរុបជាង ៧ ០០០ អត្ថបទរួចហើយ។
ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ថា គេហទំព័រមន្ទីរព័ត៌មាន គឺជាប្រភពព័ត៌មានផ្លូវការដែលអាចរក្សាទុកទិន្នន័យ អត្ថបទព័ត៌មាន រូបភាព និងវីដេអូបានយ៉ាងមានប្រសិទ្ធភាព ងាយស្រួលស្វែងរកនៅពេលចាំបាច់ និងកាត់បន្ថយហានិភ័យនៃការបាត់បង់ព័ត៌មាន ដូចបណ្តាញសង្គមមួយចំនួន។
ឯកឧត្តមបានបន្ថែមថា ដើម្បីឱ្យគេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្តទទួលបានការគាំទ្រកាន់តែច្រើន មន្ត្រីព័ត៌មានត្រូវរៀបចំផែនការ និងកិច្ចប្រជុំជាប្រចាំ ដើម្បីកំណត់ប្រធានបទដែលឆ្លើយតបនឹងតម្រូវការ និងក្តីកង្វល់របស់ប្រជាពលរដ្ឋ។ មន្ត្រីព័ត៌មានមិនត្រូវរង់ចាំឱ្យបញ្ហាផ្ទុះឡើង និងបង្កផលប៉ះពាល់អវិជ្ជមានក្នុងសង្គមឡើយ ប៉ុន្តែត្រូវផលិត និងផ្សព្វផ្សាយព័ត៌មានក្នុងលក្ខណៈបុរេសកម្ម ដើម្បីពង្រឹងការគ្រប់គ្រងព័ត៌មាន និងសាធារណមតិ ព្រមទាំងរួមចំណែកថែរក្សាសុខសន្តិភាព និងស្ថិរភាពសង្គមជាតិ។
ជាមួយគ្នានេះ មន្ទីរព័ត៌មានត្រូវផលិតព័ត៌មានផ្ទាល់ខ្លួនឱ្យបានច្រើន ដោយផ្តោតលើគុណភាព តាមរយៈការសម្ភាសន៍មន្ត្រីជំនាញក្នុងខេត្ត ពាក់ព័ន្ធនឹងវិស័យអាទិភាព ដូចជា កសិកម្ម តម្លៃកសិផល សុខាភិបាល ទេសចរណ៍ ការងាររបស់ពលករ និងបញ្ហាដីធ្លីជាដើម។
ក្រៅពីនេះ ត្រូវបង្កើនការផ្សព្វផ្សាយព័ត៌មានពិតជាប្រចាំ អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តនីមួយៗ ក្នុងការអភិវឌ្ឍមូលដ្ឋាន ព្រមទាំងការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។
រាល់មាតិកាព័ត៌មានត្រូវផ្សព្វផ្សាយតាមគេហទំព័រផ្លូវការរបស់មន្ទីរ និងចែករំលែកបន្តតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ដូចជា Facebook, Telegram និង TikTok។ ជាមួយគ្នានេះ ក៏ត្រូវពង្រឹងការផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី ដូចជា វិទ្យុ និងទូរទស្សន៍របស់មន្ទីរព័ត៌មាន ដើម្បីពង្រីកការផ្សព្វផ្សាយព័ត៌មានឱ្យកាន់តែទូលំទូលាយ។
ក្នុងកិច្ចប្រជុំនេះ មន្ត្រីជំនាញបានធ្វើបទបង្ហាញអំពីវឌ្ឍនភាពនៃការកែសម្រួលគេហទំព័រព័ត៌មានរបស់មន្ទីរព័ត៌មាន និងមានការពិភាក្សា សួរ-ឆ្លើយយ៉ាងផុលផុស ដើម្បីជំរុញការផ្សព្វផ្សាយព័ត៌មានតាមគេហទំព័រឱ្យកាន់តែមានប្រសិទ្ធភាព និងក្លាយជាច្រកព័ត៌មានផ្លូវការសម្រាប់រាជធានី-ខេត្តនីមួយៗ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្រេចបង្កើត «ក្រុមការងារគ្រប់គ្រងគេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត» ដែលមានឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ជាប្រធាន។
ការបង្កើតក្រុមការងារនេះ មានគោលបំណងលើកកម្ពស់គុណភាព និងស្តង់ដារនៃការផ្សព្វផ្សាយព័ត៌មានតាមប្រព័ន្ធឌីជីថល ឱ្យក្លាយជាច្រកព័ត៌មានផ្លូវការដែលឆ្លុះបញ្ចាំងពីសមិទ្ធផល និងសកម្មភាពអភិវឌ្ឍន៍នៅតាមមូលដ្ឋាន ព្រមទាំងរួមចំណែកផ្សព្វផ្សាយព័ត៌មានថ្នាក់ជាតិ។
ក្រុមការងារនេះ មានភារកិច្ចរៀបចំផែនការ និងទិសដៅអភិវឌ្ឍគេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្តទាំងអស់ ឱ្យមានសណ្តាប់ធ្នាប់ សង្គតិភាព ស្របតាមនិយាម និងបទដ្ឋានសម្រាប់ការគ្រប់គ្រងព័ត៌មាន៕









