អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា យោធិនកម្ពុជាចំនួន ៤នាក់ បានរងរបួសដោយសារអម្បែងគ្រាប់បែក ក្នុងហេតុការណ៍ផ្ទុះមួយ ដែលបានកើតឡើងកាលពីវេលាម៉ោង ១២:៣៥ នាទីរសៀល ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ នៅតំបន់ចំការស្វាយចន្ទី ភូមិសាស្ត្រចូកគ្រួស ភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
តាមសេចក្តីប្រកាសព័ត៌មាន កងកម្លាំងកម្ពុជាកំពុងបំពេញបេសកកម្មដើរល្បាតនៅតំបន់ខាងលើ ហើយបានជួបក្រុមល្បាតរបស់យោធាថៃ ដែលកំពុងដើរល្បាតនៅម្ខាងទៀតនៃលួសបន្លា។ បន្ទាប់ពីកងល្បាតកម្ពុជាធ្វើដំណើរហួសផុតពីទីតាំងនោះបន្តិច ក៏មានការផ្ទុះគ្រាប់បែកមួយគ្រាប់នៅពីក្រោយកងល្បាត បណ្តាលឱ្យយោធិនកម្ពុជារងរបួសចំនួន ៤នាក់។
ក្រសួងការពារជាតិបានបញ្ជាក់ថា យោធិនដែលរងរបួសកំពុងទទួលការព្យាបាលដោយយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ និងក្រុមការងារពាក់ព័ន្ធ។
ជាមួយគ្នានេះ គណៈបញ្ជាការនៅជួរមុខ និងក្រុមអ្នកជំនាញកំពុងបន្តស៊ើបអង្កេតលើឧបទ្ទវហេតុនេះ ដើម្បីស្វែងរកការពិត និងជម្រាបជូនកងកម្លាំង ក៏ដូចជាសាធារណជន។
ក្នុងសេចក្តីប្រកាសដដែល ក្រសួងការពារជាតិបានអះអាងជាថ្មីពីការប្តេជ្ញាគោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្តីប្រកាសរួម និងកិច្ចព្រមព្រៀងពាក់ព័ន្ធរវាងកម្ពុជា និងថៃ ដើម្បីរួមចំណែករក្សាសន្តិភាព ស្ថិរភាព និងជំរុញការវិលត្រឡប់ទៅរកប្រក្រតីភាពនៅតាមតំបន់ព្រំដែន។





