ក្រសួងមហាផ្ទៃបានចេញសេចក្តីសម្រេច បង្កើតភូមិរង់ចាំ១ ភូមិរង់ចាំ២ ភូមិរង់ចាំ៣ ភូមិរង់ចាំ៤ ភូមិរង់ចាំ៥ និងភូមិរង់ចាំ៦ ដោយបំបែកចេញពីភូមិស្លក្រាម នៃឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ក្នុងសេចក្តីសម្រេចដែលចុះហត្ថលេ ខាដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៅថ្ងៃទី២ ខែកក្កដា បញ្ជាក់ថា ការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងភូមិបង្កើតថ្មីនេះ អនុលោមទៅតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ នីតិវិធីនៃការជ្រើសរើសមេភូមិ ការចូលកាន់តំណែង ការផ្លាស់ប្តូរ មេភូមិ ការតែងតាំងជំនួយការមេភូមិ និងតួនាទី ភារកិច្ច របៀបរបបធ្វើការងាររបស់ភូមិ។

សូមបញ្ជាក់ថា ក្នុងជំនួបសំណេះសំណាលជាមួយជនភៀសសឹក កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន បានសម្រេចដាក់ឈ្មោះ មជ្ឈមណ្ឌលជនភៀសសឹកបណ្តោះអាសន្នស្លក្រាម ស្ថិតក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ថាជា “ភូមិរង់ចាំ” ។
បើតាមប្រសាសន៍របស់សម្តេចតេជោ ក្នុងជំនួបនាពេលនោះ សម្តេចបានបញ្ជាក់អំពីអត្ថន័យ និងគោលបំណងសំខាន់ៗនៃការបង្កើតឈ្មោះនេះថា គឺសំដៅលើអត្ថន័យនយោបាយ និងអធិបតេយ្យភាព ។ ការបង្កើតភូមិនេះ ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅបណ្តោះអាសន្ន និងបង្កើតមុខរបរ ។ ទំហំ និងការរៀបចំ ដោយសារទីតាំងមណ្ឌលភៀសសឹកនេះមានទំហំធំទូលាយ សម្រាប់អំណោយផលដល់ការរស់នៅរបស់ពលរដ្ឋភៀសសឹកជាង ៣,០០០ គ្រួសារ។
សម្តេចតេជោមានប្រសាសន៍ថា ចំពោះ ពាក្យថា “រង់ចាំ” នេះ មិនមែនមានន័យថា បោះបង់ចោល ឬចុះចាញ់នោះទេ ប៉ុន្តែជាសារបញ្ជាក់ថា កម្ពុជានឹងបន្តទាមទារដីធ្លី និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋដែលបានបាត់បង់ដោយសារសង្គ្រាមឈ្លានពានថៃមកវិញឱ្យទាល់តែបាន ។
សម្រាប់យុទ្ធសាស្ត្រដោះស្រាយវិញត្រូវបាន សម្តេចតេជោគូសបញ្ជាក់ច្បាស់ៗថា នឹងត្រូវធ្វើឡើងតាមមធ្យោបាយសន្តិវិធី និងច្បាប់អន្តរជាតិ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ និងអនាគតជាតិ៕





