មានការភ្ញាក់ផ្អើល និងរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន បន្ទាប់ពីមានការបែកធ្លាយវីដេអូ និងប្រភពព័ត៌មានបង្ហាញពីសកម្មភាពក្រុមមេខ្យល់ ធ្វើសកម្មភាពដឹកជញ្ជូនពលករខ្មែរឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់ យ៉ាងគគ្លើន កាលពីវេលាម៉ោង ១០:៤៨ នាទីព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ។
យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា នៅក្នុងសកម្មភាពនោះ ក្រុមមេខ្យល់បានប្រើប្រាស់ម៉ូតូចំនួន ០៣ គ្រឿង ដឹកពលករខ្មែរប្រុសស្រីចំនួន ០៨ នាក់ មកទម្លាក់នៅទល់មុខខ្លោងទ្វារវត្តគីឡូ ៩ រួចឱ្យរត់តម្រង់ទៅអូរព្រំដែនខាងលិចផ្លូវ ដើម្បីឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់យ៉ាងអាណាធិបតេយ្យ។
ហេតុការណ៍នេះបានកើតឡើងស្ថិតនៅចំណុចភូមិសាស្ត្រគីឡូ៩ ភូមិគីចំបក់ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ចំណុចភូមិសាស្ត្រខាងលើនេះ ត្រូវបានដឹងថា ជាតំបន់គ្រប់គ្រង និងទទួលខុសត្រូវផ្ទាល់របស់កម្លាំងនគរបាលប៉ុស្តិ៍គីឡូ ៩ នៃវរៈការពារព្រំដែនគោកលេខ ៨១៧។
ជុំវិញករណីបែកធ្លាយនេះ សាធារណជនបានសម្តែងការមិនពេញចិត្ត និងបានដាក់សំណួរជាច្រើនចំពោះតួនាទី និងការទទួលខុសត្រូវរបស់កងកម្លាំងសហការ ជាពិសេសកម្លាំងយោធាផ្នែកសឹករងស្រុកសំពៅលូន និងកម្លាំងយោធាសឹករងស្រុកភ្នំព្រឹក ដែលជាកម្លាំងអន្តរាគមន៍ និងមានភារកិច្ចស្នូលក្នុងការសហការការពារសន្តិសុខ ស្ថិរភាព តាមខ្សែបន្ទាត់ព្រំដែន ថាហេតុអ្វីបានជាបណ្តោយឱ្យមានបទល្មើសឆ្លងដែនខុសច្បាប់កើតឡើងក្នុងភូមិសាស្ត្រខ្លួនយ៉ាងដូច្នេះ?
មហាជនបានអំពាវនាវដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេត្តាជួយពិនិត្យ និងមានវិធានការក្តៅក្នុងការរឹតបន្តឹងសន្តិសុខតាមព្រំដែនឡើងវិញ ដើម្បីទប់ស្កាត់ក្រុមកលយុគមេខ្យល់បំផ្លាញសណ្តាប់ធ្នាប់ និងឆ្លៀតឱកាសរកស៊ីខុសច្បាប់លើខ្នងរាស្ត្របែបនេះ។
បើតាមរបាយការណ៍របស់សមត្ថកិច្ច នៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន សហការជាមួយកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៧ បានបង្ក្រាបករណីនាំពលករឆ្លងដែនខុសច្បាប់ពីប្រទេសកម្ពុជាចូលទៅក្នុងប្រទេសថៃ នៅចំណុចភូមិស្រឡៅជ្រុំ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ រិត ផលរ៉ា ខណៈបក្ខពួកម្នាក់ទៀតឈ្មោះ ជឿន បានរត់គេចខ្លួន។ ជនសង្ស័យទាំងពីរត្រូវបានចោទថា បាននាំពលករចំនួន ០៥ នាក់ ឆ្លងដែនខុសច្បាប់ ដោយទទួលបានកម្រៃពី ១០០.០០០ រៀល ដល់ ៣០០.០០០ រៀល ក្នុងមួយជើង។ ក្រោយការសាកសួរ ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនបានសារភាពថា ធ្លាប់បានធ្វើសកម្មភាពនាំពលករឆ្លងដែនខុសច្បាប់ចំនួន ០៤ លើករួចមកហើយ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ និងបន្តស្វែងរកជនសង្ស័យដែលកំពុងរត់គេចខ្លួន៕


ក្រោយផ្ទុះការរិះគន់ទើបសមត្ថកិច្ចក្របួចបានម្នាក់

