ប៉ោយប៉ែត៖ នៅព្រឹកថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលក្រុង ប៉ោយប៉ែត ដឹកនាំដោយ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត រួមជាមួយក្រុមការងារ បានចុះពិនិត្យ និងណែនាំដល់អាជីវករ នៅក្នុងផ្សារអគ្គៈ (ផ្សារត្រី) ឱ្យបញ្ឈប់ជាបន្ទាន់នូវការនាំចូល តាំងលក់ និងចែកចាយផលិតផលគ្រប់ប្រភេទដែលនាំចូលពីប្រទេសថៃ។
ក្នុងឱកាសនោះ ក្រុមការងារបានធ្វើការផ្សព្វផ្សាយ និងណែនាំដល់អាជីវករឱ្យអនុវត្តតាមការណែនាំរបស់អាជ្ញាធរឱ្យបានខ្ជាប់ខ្ជួន ដោយមិនអនុញ្ញាតឱ្យមានការនាំចូល ឬដាក់តាំងលក់ទំនិញ សាច់បង្កក និងផលិតផលផ្សេងៗដែលមានប្រភពពីប្រទេសថៃ ដើម្បីចែកចាយ និងប្រើប្រាស់ក្នុងមូលដ្ឋានឡើយ។
ជាមួយគ្នានេះ អាជ្ញាធរក៏បានណែនាំដល់អាជីវករ និងម្ចាស់អាជីវកម្មពាក់ព័ន្ធ ឱ្យបញ្ឈប់ការដាក់តាំងបង្ហាញអត្រាប្តូរប្រាក់បាតនៅតាមទីតាំងអាជីវកម្មនានាក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតផងដែរ។ រដ្ឋបាលក្រុងប៉ោយប៉ែត អំពាវនាវដល់អាជីវករ និងប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការអនុវត្តតាមការណែនាំនេះឱ្យមានប្រសិទ្ធភាព ស្របតាមបទបញ្ជា និងវិធានការរបស់អាជ្ញាធរមានសមត្ថកិច្ច។
គួរំលឹកផងក្នុងឱកាសអញ្ជើញពិនិត្យរោងចក្រផលិតសម្លៀកបំពាក់យោធា ក្នុងខេត្តបាត់ដំបង នៅល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីរកឱ្យឃើញ និងបើកការស៊ើបអង្កេតឱ្យអស់ ចំពោះអ្នកពាក់ព័ន្ធនឹងការនាំចូលទំនិញ និងសាច់បង្កករបស់ថៃចូលមកកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ក៏បានផ្ដាំផ្ញើអភិបាលរាជធានីភ្នំពេញ អគ្គស្នងការនគរបាលជាតិ ត្រូវបើកការស៊ើបអង្កេត ចំពោះអ្នកនាំទំនិញថៃមកកម្ពុជា។ សម្ដេច អត់ឱ្យមានទំនិញថៃចូលមកកម្ពុជាឡើយ។
សម្ដេចតេជោ បន្ថែមថា ចំពោះជនណាដែលបាននាំទំនិញខុសច្បាប់មកពីថៃ ជាពិសេសគឺប្រភេទសាច់បង្កកតែម្តង។
សម្ដេចតេជោ មានប្រសាសន៍ថា «ប្រមូលទាំងអស់ តាំងពីអ្នកបើកឡាន ហើយទុកថៅកែខ្លះ ឱ្យខ្ញុំ សួរចម្លើយផ្ទាល់ ជួបម្នាក់ម្ដងៗ។ និយាយឱ្យត្រង់ហើយ ឱ្យលុយអាណាខ្លះ ធ្វើយ៉ាងមិចនាំចូលទំនិញមកស្រុកខ្មែរបាន?»។
សម្ដេច ឱ្យបញ្ឈប់ជាជាបន្ទាន់ ដកខ្លួនចេញជាបន្ទាន់ ហើយរកមុខរបបផ្សេងវិញ។ កម្ពុជា មិនត្រូវការទំនិញពីប្រទេសថៃនោះទេ សម្ដេច ក៏បានបញ្ជាក់ទៅ គយ ត្រូវពិនិត្យឱ្យបានម៉ត់ច់ត់ផងដែរ ៕









