នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅមណ្ឌលបណ្តោះអាសន្នស្លរក្រាម ស្ថិតក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
យោងតាមរបាយការណ៍រដ្ឋបាលខេត្តបន្ទាយមានជ័យ បច្ចុប្បន្នមានប្រជាពលរដ្ឋភៀសសឹកចំនួន ៣,៣១៨គ្រួសារ ស្មើនឹង ១១,២១៧នាក់ កំពុងរស់នៅក្នុងមណ្ឌលសុវត្ថិភាពបណ្តោះអាសន្ននេះ។ រាជរដ្ឋាភិបាលបានរៀបចំដីលំនៅដ្ឋាន ផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា រួមមាន ផ្លូវថ្នល់ ប្រព័ន្ធទឹកស្អាត អគ្គិសនី សាលារៀន និងមណ្ឌលសុខភាព ដើម្បីធានាការរស់នៅប្រកបដោយសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។
គិតមកដល់ពេលនេះ ការសាងសង់ផ្ទះជូនប្រជាពលរដ្ឋបានសម្រេចរួចរាល់ចំនួន ២,៨០៥ខ្នង ខណៈគ្រួសារនីមួយៗទទួលបានដីទំហំ ២០ម៉ែត្រ គុណ ៣០ម៉ែត្រ និងផ្ទះទំហំ ៥ម៉ែត្រ គុណ ៧ម៉ែត្រ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បានផ្តល់ការឧបត្ថម្ភជាបន្តបន្ទាប់លើការប្រើប្រាស់ទឹក ភ្លើង និងប្រាក់ឧបត្ថម្ភសង្គមជូនដល់គ្រួសាររងគ្រោះផងដែរ។
ក្នុងឱកាសនោះ សម្តេចតេជោ បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋភៀសសឹកបានយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព។
សម្តេចតេជោ ក៏បានប្រសិទ្ធនាមឱ្យមណ្ឌលបណ្តោះអាសន្នស្លរក្រាមថា «ភូមិរង់ចាំ» និងបានបញ្ជាក់ថា កម្ពុជានៅតែប្រកាន់ជំហរមិនបោះបង់ការទាមទារដីដែលជាកម្មសិទ្ធិរបស់ខ្លួននោះឡើយ ខណៈការរៀបចំទីលំនៅថ្មីនេះ គឺដើម្បីធានាសុវត្ថិភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងដំណាក់កាលបច្ចុប្បន្ន។
ក្នុងឱកាសដដែលនេះ សម្តេចតេជោ ក៏បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋដោយផ្ទាល់តាមខ្នងផ្ទះមួយចំនួន និងបាននាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅក្នុងមណ្ឌលបណ្តោះអាសន្នផងដែរ៕








