សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជាបាន ប្រកាសឱ្យប្រើច្បាប់ ស្ដីពី កាតព្វកិច្ចយោធា ។
ព្រះរាជក្រមចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦បានឱ្យដឹងថា ការប្រកាសឱ្យប្រើច្បាប់ស្តីពីកាតព្វកិច្ចយោធាដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នាសម័យ ប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់និងគតិច្បាប់នេះ ទាំងស្រុងកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នាសម័យប្រជុំព្រឹទ្ធសភាលើកទី៥ នីតិកាលទី៥។
បើតាមព្រះរាជក្រម ច្បាប់នេះ កំណត់អំពីវិធាននៃការអនុវត្តកាតព្វកិច្ចយោធា ដើម្បីរួមចំណែកកសាងប្រទេសជាតិនិងការពារ មាតុភូមិ ដែលជាកាតព្វកិច្ចចាំបាច់និងជាកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋខ្មែរ និងជាមូលដ្ឋានគ្រឹះនៃ ប្រភពកសាងកម្លាំងសម្រាប់វិស័យការពារជាតិនិងការអភិវឌ្ឍកាយសម្បទា ព្រមទាំងការបណ្តុះស្មារតីស្នេហាជាតិ ការអប់រំផ្នត់គំនិត និងវិន័យដែលជាតម្រូវការរបស់ប្រទេសជាតិ។
ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូបមានអាយុចាប់ពី ១៨ ដល់ ២៥ ឆ្នាំ ដែលត្រូវបំពេញកាតព្វកិច្ចយោធា តាមការកំណត់នៃច្បាប់នេះ។ ការបំពេញកាតព្វកិច្ចយោធារបស់ប្រជាពលរដ្ឋខ្មែរជាស្ត្រី ត្រូវផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត។
សម្រាប់ប្រជាពលរដ្ឋខ្មែរដែលមានសញ្ជាតិច្រើន ហើយដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបំពេញកាតព្វកិច្ច យោធាក្នុងព្រះរាជាណាចក្រកម្ពុជា។ ចំពោះប្រជាពលរដ្ឋខ្មែរដែលត្រូវចូលបំពេញកាតព្វកិច្ចយោធា ត្រូវមានលក្ខណសម្បត្តិដូចយោធិនអាជីព ដូចមានចែងក្នុងច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ។
ព្រះរាជក្រម បន្ថែមថា ការបំពេញកាតព្វកិច្ចយោធា មានរយៈពេលកំណត់ ២៤ ខែ គិតពីថ្ងៃចូលបំពេញកាតព្វកិច្ច។ ក្នុងករណីចាំបាច់ កាតព្វកិច្ចយោធាអាចបន្តបានដោយមិនឱ្យលើសពី ៦ខែ តាមការកំណត់របស់ រាជរដ្ឋាភិបាល។ ចំនួនប្រជាពលរដ្ឋនិងលក្ខខណ្ឌទាំងឡាយក្នុងការចូលបំពេញកាតព្វកិច្ចយោធា សម្រាប់វគ្គនីមួយៗ រៀងរាល់ឆ្នាំ ត្រូវកំណត់ដោយអនុក្រឹត្យ តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ៕
















