ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានឱ្យដឹងថា ការរៀបចំរចនាសម្ព័ន្ធឡើងវិញ ក្រសួងមុខងារសាធារណៈ និងក្រសួង ស្ថាប័នចំនួន១២ មិនត្រឹមតែមិនមានការពង្រីកនោះទេ តែបានកាត់បន្ថយអគ្គនាយកដ្ឋានចំនួន៣ និងនាយកដ្ឋានចំនួន២៦ទៀតផង។
ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមុខងារសាធារណៈ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា សម្រាប់ការអនុវត្តវិធានការគន្លឹះទី២៖ ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយវិន័យ សីលធម៌វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព ក្នុងនោះការពិនិត្យឡើងវិញ និងវិភាគមុខងារ រចនាសម្ព័ន្ធ បានបន្តជំរុញឱ្យកាន់តែមានលក្ខណៈជាប្រព័ន្ធ ដោយក្រសួងបានធ្វើការសហការជាមួយក្រសួង ស្ថាប័ន ក្នុងការកំណត់មុខងារស្នូល មុខងាររងនៃមុខងារស្នូល និងមុខងារគាំទ្រ ឈានទៅការរៀបចំអនុក្រឹត្យ និងបទប្បញ្ញត្តិពាក់ព័ន្ធ សម្រាប់ការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន។
ឯកឧត្តមបានបន្តថា ការពិនិត្យឡើងវិញនិងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន បានចូលរួមចំណែកក្នុងការពង្រឹងសមត្ថភាពស្ថាប័នសាធារណៈ រក្សាស្ថិរភាព និងនិរន្តរភាពនៃការផ្ដល់សេវាសាធារណៈ, ពង្រឹងសាមគ្គីភាព និងការទទួលខុសត្រូវរបស់គ្រប់ក្រសួង ស្ថាប័ន ស្របតាមអភិក្រម “ពង្រឹងជាជាងពង្រីក” និង “រៀបចំផ្ទះឱ្យរៀបរយ”។
ឯកឧត្តម បានបន្តទៀតថា ចំពោះការរៀបចំរចនាសម្ព័ន្ធឡើងវិញ ក្រសួងមុខងារសាធារណៈ និងក្រសួងស្ថាប័នចំនួន១២ មិនត្រឹមតែមិនមានការពង្រីកនោះទេ តែបានលុបអគ្គនាយកដ្ឋាន ចំនួន៣ និងនាយកដ្ឋាន ចំនួន២៦ និងបន្តពិនិត្យមើលការិយាល័យមួយចំនួនបន្ថែមទៀតផងដែរ។ ជាក់ស្តែង អនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន ចំនួន១១ ត្រូវបានដាក់ឱ្យអនុវត្ត, និងគណៈកម្មាធិការលើកកម្ពស់អភិបាលកិច្ច ត្រូវបានរៀបចំនៅ ២៩ក្រសួង ស្ថាប័ន៕








