ឯកឧត្តម កែវ រតនៈ បានអំពាវនាវទៅដល់ប្រជាពលរដ្ឋកុំមានការព្រួយបារម្ភចំពោះការកង្វះឧស្ម័នហ្គាស ក្រោយក្រុមហ៊ុនសូគីមិច ប្រកាសបិទទ្វារចាប់ពីដើមខែមេសាលែងនាំចូលឧស្ម័នហ្គាសប្រភេទ LPG នេះ ។ អ្នកយកព័ត៍មានយើងធ្វើសេចក្តីរាយការណ៍
បន្ទាប់ពីក្រុមហ៊ុនសូគីមិចដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនចំនួន៧ដែលនាំចូលឧស្ម័នហ្គាស LPG ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានពន្យល់ថា ប្រភេទឧស្ម័ន LPG ត្រូវបានប្រើប្រាស់សម្រាប់ឧស្សាហកម្ម ដូចជា ៖ ការផលិតជាកំប៉ុងហ្គាសសម្រាប់ចំអិនអាហារតាមផ្ទះ , ការយកចំអិនម្ហូបអាហារតាមភោជនីយដ្ឋានធំៗ , ការយកទៅចាក់តាមរថយន្តតាក់ស៊ី និងតុក តុកជាដើម ។
បើតាមឯកឧត្តមរដ្ឋមន្រ្តី ទីផ្សារឧស្ម័នហ្គាស LPGនេះ មានលក្ខណៈតូចចង្អៀតជាងគេ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ក៏រាជរដ្ឋាភិបាលកម្ពុជាកំពុងធ្វើសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាដៃគូនៅតំបន់អាស៊ាន ដើម្បីរកប្រភពមកផ្គត់ផ្គង់ជាមួយបណ្តាក្រុមហ៊ុននៅកម្ពុជាដែលនាំចូលនិងចែកចាយនូវឧស្ម័ន LPG នេះ។
ឯកឧត្តម កែវ រតនៈ គូសបញ្ជាក់ថា សព្វថ្ងៃកម្ពុជាមានក្រុមហ៊ុនចំនួន៧នាំចូលឧស្ម័នហ្គាស LPG ដែលក្នុងចំណោមក្រុមហ៊ុនទាំង៧នេះ នៅតែបន្តនាំចូលដដែលសម្រាប់ផ្គត់ផ្គង់ខែមីនា និងខែមេសាខាងមុខ ដោយក្រុមហ៊ុនខ្លះបានបញ្ជាទិញ និងបានដឹកមកដាក់ក្នុងស្តុកនៅកម្ពុជារួចរាល់ និងខ្លះទៀតកំពុងបញ្ជាទិញ និងបន្តទំនាក់ទំនងដើម្បីទុកទិញនៅពេលខាងមុខជាបន្តបន្ទាប់ ។
ឯកឧត្តម សង្កត់ធ្ងន់ថា ទោះបីជាក្រុមហ៊ុនសូគីមិចបិទដំណើរការនៅខែមេសាក៏ដោយ ប៉ុន្តែកម្ពុជា នឹងមិនខ្វះឧស្ម័នផ្គត់ផ្គង់នោះទេ ព្រោះក្រុមហ៊ុនសូគីមិចមានការផ្គត់ផ្គង់នៅទូទាំងប្រទេសតែ៣%ប៉ុណ្ណោះ ។ ដូច្នេះ ឯកឧត្តមបានស្នើទៅកាន់ប្រជាពលរដ្ឋ កុំមានការភ័យព្រួយបារម្ភ ។
ឯកឧត្តម គូសបញ្ជាក់ថា ប្រសិនបើក្រុមហ៊ុនសូគីមិចមិនអាចផ្គត់ផ្គង់បានចាប់ពីខែ៤ទៅ ហើយមិនអាចរកប្រភពបន្ថែម យើងក៏នៅមានប្រភពដែលយើងអាចផ្គត់ផ្គង់ជូនប្រទេសយើងបាន។ សូមបងប្អូនកុំទាន់អាលមានការព្រួយបារម្ភ ភ័យស្លន់ស្លោនៅក្នុងស្ថានភាពនេះ ។ ឯកឧត្តម សូមអំពាវនាវឱ្យមានការចូលរួមទាំងអស់គ្នា ក្នុងការជួយប្រើប្រាស់ និងសន្សំចៃប្រេងឥន្ទនៈគ្រប់ប្រភេទ ជាពិសេសឧស្ម័ន LPGនេះតែម្តង” ។ការចូលរួមសន្សំចៃប្រើប្រាស់ឧស្ម័ននេះ ធ្វើឡើងតាមរយៈងាកមកប្រើប្រាស់ជាចង្ក្រាន្តអគ្គិសនីវិញ ដែលនេះជាការចូលរួមចំណែកសន្សំចៃឧស្ម័ន LPG មួយកម្រិតផងដែរ ៕




