បើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters បានផ្សាយថា សហរដ្ឋអាម៉េរិកមានបំណងបញ្ជូនកងទ័ពបន្ថែម រាប់ពាន់នាក់ ទៅកាន់មជ្ឈិមបូព៌ាជាផ្នែកមួយនៃប្រតិបត្តិការប្រឆាំងនឹងអ៊ីរ៉ង់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។
ដោយដកស្រង់សម្តីមន្ត្រីអាម៉េរិក ៣នាក់ដែលមិនបញ្ចេញឈ្មោះបាននិយាយថា “យោធាសហរដ្ឋអាម៉េរិក កំពុងដាក់ពង្រាយកងម៉ារីនអាម៉េរិក និងនាវិកបន្ថែមរាប់ពាន់នាក់ទៅកាន់មជ្ឈិមបូព៌ា”។ ចំនួនពិតប្រាកដនៃកងពលនេះ និងភារកិច្ចដែលបានចាត់តាំងឱ្យពួកគេ មិនត្រូវបានបញ្ជាក់ លម្អិតនោះទេ។
យោងតាមទីភ្នាក់ងារ នាវាចម្បាំង USS Boxer និងអង្គភាពកងម៉ារីនដែលឈរជើងនៅលើនាវា កំពុងត្រូវបានដាក់ពង្រាយឡើងវិញនៅតំបន់ ឈូងសមុទ្រពែរ្ស ពីទីក្រុងសាន់ឌីអាហ្គោ រដ្ឋកាលីហ្វ័រញ៉ា ប្រហែលបីសប្តាហ៍មុនពេលវេលាដែលបានកំណត់កាលពីមុន។
គួរបញ្ជាក់ថា សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលបានចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ ទីក្រុងធំៗរបស់អ៊ីរ៉ង់ រួមទាំងទីក្រុងតេហេរ៉ង់ ក៏ត្រូវបានវាយប្រហារផងដែរ។ សេតវិមានបានចាត់ទុកការវាយប្រហារនេះថាសុចរិត ដោយលើកឡើងពីការគំរាមកំហែង ដោយមីស៊ីល និងនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ កងឆ្មាំបដិវត្តន៍អ៊ីស្លាមបានប្រកាសពីប្រតិបត្តិការសងសឹក ដោយកំណត់គោលដៅទីតាំងនានា នៅក្នុង ប្រទេសអ៊ីស្រាអែល។ ចំណែកមូលដ្ឋានយោធាអាម៉េរិកនៅបារ៉ែន ហ្ស៊កដានី គុយវ៉ែត កាតា អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួមក៏ត្រូវបានវាយប្រហារ ផងដែរ។ មេដឹកនាំកំពូល អាយ៉ាតូឡា អាលី ខាមេនី និងមេដឹកនាំអ៊ីរ៉ង់សំខាន់ៗមួយចំនួនទៀត ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ រួមគ្នា រវាងសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល៕



