ប្រជាពលរដ្ឋភៀសសឹក ដែលស្នាក់នៅតាមតង់កៅស៊ូ ស្ថិតនៅមជ្ឈមណ្ឌលសុវត្ថិភាពវត្តកណ្ដោល ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានចាប់ផ្តើមរើទៅរស់នៅទីតាំងជម្រកផ្ទះបណ្តោះអាសន្ន ដែលរាជរដ្ឋាភិបាល និងអាជ្ញាធររៀបចំឱ្យនៅទីតាំងសុវត្ថិភាព ខណៈដែលផ្ទះរបស់គេ ត្រូវបានបំផ្លាញ និងហ៊ុមព័ទ្ធ ដោយលួសបន្លា និងទូកុងតឺន័ររបស់យោធាថៃ ក្នុងអំឡុងពេលយោធាថៃ បើកការឈ្លានពានមកលើទឹកដីកម្ពុជា លើកទី២ កាលពីថ្ងៃទី៨ ដល់ថ្ងៃទី២៧ខែធ្នូ ឆ្នាំ២០២៥ និងក្រោយការអនុវត្តបទឈប់បាញ់ជាធរមាន។
ប្រជាពលរដ្ឋដែលនៅមណ្ឌលសុវត្ថិភាពនេះ ប្រដាប់ដោយគោយន្ត រទេះម៉ូតូ រថយន្ត និងមធ្យោបាយផ្សេងៗទៀត បានដឹកជញ្ជូននូវស្បៀង ព្រមទាំងសម្ភារ:ចាំបាច់ផ្សេងៗទៀត ដើម្បីទៅកាន់ផ្ទះដែលជាជម្រកបណ្តោះ ដែលរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលខេត្ត បាននិងកំពុងរៀបចំទីតាំងសុវត្ថិភាពសមស្រប សម្រាប់ជនភៀសសឹកស្នាក់នៅមានសុវត្ថិភាព និងផាសុកភាពប្រសើរជាងការស្នាក់នៅក្នុងតង់នៅតាមមណ្ឌលសុវត្ថិភាព។
អ្នកដែលត្រូវបានអនុញ្ញាតឱ្យទៅរស់នៅទីតាំងថ្មីនេះ បានសម្តែងក្តីសប្បាយរីករាយ ដោយពួកគេលើកឡើងដូចគ្នាថា មានភាពប្រសើរជាងពីកន្លែងបច្ចុប្បន្ន ដែលមានភាពចង្អៀតពិបាករស់នៅ និងបរិស្ថានអនាម័យ។
ប្រជាពលរដ្ឋភៀសសឹកទាំងនេះ មកពីតំបន់បឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ដែលត្រូវបានយោធាថៃហ៊ុមព័ទ្ធដីលំនៅឋានមិនឱ្យចូលទៅរស់នៅ ក្រោយបទឈប់បាញ់ចូលជាធរមាន ត្រឹមវេលាថ្ងៃត្រង់ ថ្ងៃទី២៧ខែធ្នូ ឆ្នាំ២០២៥។
យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ប្រជាពលរដ្ឋភៀសសឹកកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពតាមតង់កៅស៊ូ នៅមណ្ឌលសុវត្ថិភាពវត្តកណ្ដោល មានចំនួនជាង១.១២៥គ្រួសារ ស្មើនឹង៤.១៤៤នាក់ ក្នុងនោះស្រីជាង២ពាន់នាក់ និងកុមារជាង១.៤០០នាក់ ខណៈនៅក្នុងពេលបច្ចុប្បន្ន ប្រជាពលរដ្ឋភៀសសឹកកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពតាមតង់កៅស៊ូតាមវត្តអារាម និងទីតាំងសាធារណៈ ស្ថិតមណ្ឌលសុវត្ថិភាព មាននៅក្នុងស្រុកថ្មពួកចំនួន២កន្លែង និងស្រុកអូរជ្រៅចំនួន២កន្លែងមានចំនួនសរុប២.៩៥០គ្រួសារ ស្មើនឹងជាង១ម៉ឺននាក់ ក្នុងនោះស្រីជាង៥.៥០០នាក់ និងកុមារជាង៣.៥០០នាក់៕










