ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៦ វេលាម៉ោង ១១:៣០នាទី មានករណីផ្ទុះគ្រាប់បែកចង្កោមមួយកើតឡើងនៅភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ ចាន់ សារ៉េត ភេទប្រុស អាយុ ៤៤ឆ្នាំ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈជនរងគ្រោះម្នាក់ទៀតឈ្មោះ តា ចាស់ ភេទប្រុស អាយុ ៤៧ឆ្នាំ បានរងរបួស និងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាព កម្ពុជា-ជប៉ុន មង្គលបូរី។
តាមការបញ្ជាក់ពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ហេតុការណ៍នេះបណ្តាលមកពីជនរងគ្រោះឈ្មោះ ចាន់ សារ៉េត បានយកគ្រាប់បែកចង្កោមមកបោកលេងនៅផ្ទះរបស់ឈ្មោះ តា ចាស់ បណ្តាលឲ្យមានការផ្ទុះកើតឡើង។
អាជ្ញាធរមីនបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ នៅពេលប្រទះឃើញមីន គ្រាប់មិនទាន់ផ្ទុះ គ្រាប់បែកចង្កោម ឬវត្ថុសង្ស័យ សូមកុំប៉ះពាល់ កុំកែច្នៃ កុំគប់ ឬផ្លាស់ទីវា ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតគ្រប់ពេល។ សូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមានសមត្ថកិច្ច ឬប្រតិបត្តិករបោសសម្អាតមីន តាមរយៈលេខទូរស័ព្ទ៖ 012 800 473, 011 38 39 37, 097 489 5600, 066 612 613 និង 063 96 34 99។




