ភ្នំពេញ៖ មហាជនកំពុងមានប្រតិកម្មយ៉ាងខ្លាំងចំពោះករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបានកើតឡើងនៅយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បណ្ដាលឲ្យក្មេងប្រុសម្នាក់រងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តមួយគ្រឿងម៉ាក FORTHING ពាក់ស្លាកលេខ កម្ពុជា P.YEAN.7 បានបើកបុកម៉ូតូម៉ាក HONDA TODAY ពាក់ស្លាកលេខ ភ្នំពេញ 1J-4604 បណ្ដាលឲ្យជនរងគ្រោះរងរបួសធ្ងន់។
ក្រោយកើតហេតុ ប្រជាពលរដ្ឋនៅទីតាំងបាននាំគ្នាហាមឃាត់មិនឲ្យសមត្ថកិច្ចនាំខ្លួនម្ចាស់រថយន្តចេញពីកន្លែងកើតហេតុភ្លាមៗទេ ដោយទាមទារឲ្យរង់ចាំខាងគ្រួសារជនរងគ្រោះមកដល់សិន។
អ្វីដែលធ្វើឲ្យមហាជនផ្ទុះការខឹងសម្បារខ្លាំង គឺបន្ទាប់ពីកើតហេតុ បុរសជាជនបង្កបាននិយាយថា «បើស្លាប់ សង ២ម៉ឺនដុល្លារ» ត្រូវបានគេមើលថា ជាពាក្យសម្ដីមិនគោរពតម្លៃជីវិតមនុស្ស។ ប្រភពបន្តថា ជនបង្កត្រូវបានស្គាល់ថា ឈ្មោះ សាមីន វុត្ថារិទ្ធ ជាមន្ត្រីរដ្ឋបាលស្រុកកងមាស ត្រូវកូនប្រុសលោក ភោគ សាវុធ អភិបាលស្រុកកងមាស ខេត្តកំពង់ចាម ។
ក្រោយមក កម្លាំងសមត្ថកិច្ចជំនាញខណ្ឌឫស្សីកែវ បានចុះទៅដល់កន្លែងកើតហេតុ និងបានរាយការណ៍ទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការវាស់វែង និងយករថយន្តនិងម៉ូតូទៅរក្សាទុក រង់ចាំដោះស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ។
យ៉ាងណាមិញ មហាជនកំពុងរង់ចាំមើលចំណាត់ការរបស់អាជ្ញាធរ ដើម្បីធានាថា ករណីនេះនឹងត្រូវដោះស្រាយដោយត្រឹមត្រូវ និងយុត្តិធម៌សម្រាប់ភាគីរងគ្រោះ។


