លោក ចូ ខេន (Joe Kent) នាយកមជ្ឈមណ្ឌលប្រឆាំងភេរវកម្មជាតិសហរដ្ឋអាម៉េរិក បានប្រកាសនៅលើបណ្តាញសង្គមថា លោកបានសម្រេចចិត្តលាលែងពីតំណែងរបស់លោក ដោយបានកត់សម្គាល់ថា លោក “មិនអាចគាំទ្រដោយមនសិការល្អចំពោះសង្គ្រាមដែលកំពុងបន្តនៅក្នុងប្រទេសអ៊ីរ៉ង់បានទេ”។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។
លោក ខេន បានសរសេរនៅក្នុងសារមួយនៅលើបណ្តាញសង្គម X ថា “អ៊ីរ៉ង់ មិនបានបង្កការគំរាមកំហែងដល់ប្រទេសជាតិរបស់យើងទេ ហើយវាច្បាស់ណាស់ថា យើងបានចាប់ផ្តើមសង្គ្រាមនេះដោយសារតែសម្ពាធពីអ៊ីស្រាអែល និងក្រុមអ្នកតំណាងដ៏មានឥទ្ធិពលរបស់អាម៉េរិក”។
នៅក្នុងលិខិតរបស់លោកទៅកាន់ប្រធានាធិបតី ដូណាល់ ត្រាំ លោក ខេន បាននិយាយថា នៅដើមដំបូងនៃរដ្ឋបាលនេះ មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែល និងសមាជិកដែលមានឥទ្ធិពលនៃប្រព័ន្ធផ្សព្វផ្សាយអាម៉េរិក “បានដាក់ពង្រាយយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលបានធ្វើឱ្យប៉ះពាល់ដល់វេទិកា America First ទាំងស្រុង និងការគាំទ្រសង្គ្រាម ដើម្បីលើកទឹកចិត្តឱ្យមានសង្គ្រាមជាមួយអ៊ីរ៉ង់”។
លោក ខេន បាននិយាយថា លោកមិនអាចគាំទ្រការបញ្ជូនមនុស្សជំនាន់ក្រោយទៅ “ប្រយុទ្ធ និងស្លាប់ក្នុងសង្គ្រាមដែលមិនផ្តល់ផលប្រយោជន៍ដល់ប្រជាជនអាម៉េរិក នោះទេ”។
គួរបញ្ជាក់ថា ចាប់តាំងពីសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារលើប្រទេសអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ យ៉ាងហោចណាស់សមាជិកយោធាអាមេរ៉េកចំនួន ១៣នាក់ត្រូវបានសម្លាប់។ មនុស្ស ១០នាក់ផ្សេងទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរ និងប្រហែល ២០០នាក់បានរងរបួស៕




