ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានកោតសរសើរពីសមត្ថភាពយោធាដ៏ខ្លាំងក្លារបស់សហរដ្ឋអាម៉េរិក ក្នុងការដោះស្រាយវិបត្តិជម្លោះជាមួយអ៊ីរ៉ង់ ដោយលោកបានចាត់ទុកថាវាជាប្រតិបត្តិការដ៏ចាំបាច់ ដើម្បីទប់ស្កាត់ការគំរាមកំហែងដែលអ៊ីរ៉ង់បានបង្កឡើងអស់រយៈពេល ៤៧ឆ្នាំមកហើយ ។
លោកត្រាំ បានស៊កសៀតពាក្យសម្ដីថា គោលដៅចម្បងរបស់លោក គឺការពារមិនឱ្យមនុស្សឆ្កួត ឬអ្នកដែលមានសតិមិនប្រក្រតីកាន់កាប់អាវុធនុយក្លេអ៊ែរឡើយ។ លោកបានសន្យាថា នឹងបន្តប្រើប្រាស់កម្លាំងយោធាដែលលោកបានកសាងឡើង ដើម្បីការពារសហរដ្ឋអាម៉េរិកឱ្យបានរឹងមាំ ។
បន្ថែមពីនេះ លោកត្រាំ បានធ្វើការរិះគន់កិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលអតីតប្រធានាធិបតីបារ៉ាក់ អូបាម៉ា (Barack Obama) ថាជាកំហុសដ៏ធំមួយ ដែលបានបើកផ្លូវឱ្យអ៊ីរ៉ង់ឈានទៅរកការបង្កើតអាវុធនុយក្លេអ៊ែរ។ លោកអះអាងថា ការលុបចោលកិច្ចព្រមព្រៀងនេះ និងការបញ្ជាឱ្យវាយប្រហារតាមអាកាសដោយយន្តហោះ B-2 គឺជាគន្លឹះដ៏សំខាន់ដែលបានកម្ទេចសមត្ថភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់មិនឱ្យកើតឡើងជាផ្លូវការ។
លោកបានចង្អុលបង្ហាញពីអស្ថិរភាពនៅក្នុងជួរថ្នាក់ដឹកនាំអ៊ីរ៉ង់ ដោយលោកចំអកថា អ្នកដែលចង់ឡើងមកកាន់អំណាច តែងតែជួបជោគវាសនាមិនល្អ។ លោកក៏បានរំឭកពីការសម្លាប់លោក កាសេម សូឡៃម៉ានី (Qasem Soleimani) ថាជាកត្តាដ៏សំខាន់មួយក្នុងការទប់ស្កាត់មិនឱ្យអ៊ីរ៉ង់បង្កបញ្ហាកាន់តែខ្លាំង ៕


