ថ្មីៗនេះមានការរាយកាណ៍ និងសំណូមពរ ពីប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែត បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង និងបានរិះគន់ចំៗទៅលើអាជ្ញាធរមានសមត្ថកិច្ច បន្ទាប់ពីសង្កេតឃើញថា ការលក់ដូរភេសជ្ជៈចម្រាញ់ចេញពីស្លឹកក្រាធំ បានត្រឡប់មកមានសកម្មភាពយ៉ាងគគ្រឹកគគ្រេងឡើងវិញ ហាក់បីដូចជាគ្មានការខ្លាចញញើតច្បាប់ទាល់តែសោះ។
គួររំលឹកផងដែរ សារធាតុស្លឹកកា្រធំ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពត្រូវបានគេយកមកផលិតបំលែងជាភេសជ្ជៈមួយចំនួនដែល ប្រឈមហានិភ័យខ្ពស់ដល់អ្នកប្រើប្រាស់វា ។ អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចនៅខេត្តបន្ទាយមានជ័យបានធ្វើការបង្ក្រាបទប់ស្កាត់ និងបានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ពិសេស សិស្សានុសិស្ស និងយុវវ័យមិនត្រូវផឹកឬ ប្រើប្រាស់ភេសជ្ជៈដែលចម្រាញ់ចេញពីស្លឹកកា្រធំ ។
បើតាមលោក ណង វុទ្ធី នាយករដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ អ្នកនាំពាក្យសាលាខេត្ត បានបង្ហាញនូវឯកសាររូបភាពស្លឹកកា្រធំស្រដៀងស្លឹកថ្កូវ និងមួយទៀតស្រដៀងស្លឹកខ្ទុំ គ្រាន់តែស្លឹកវាធំហើយមានទងវែង។ ដើមក្រាធំកម្រមាននៅក្នុងស្រុកយើង ភាគច្រើនគេទិញស្លឹកនេះពីប្រទេសថៃ។
លោកនាយករដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ បានបញ្ជាក់បន្ថែមជុំវិញផលិតផលសម្រេចជាទឹកភេសជ្ជៈដែលត្រូវបានគេចម្រាញ់ពីស្លឹកកា្រធំ ឬកាធំនេះ វានាំឲ្យប៉ះពាល់សុខភាពអ្នកផឹក ក្នុងនោះមានយុវជន កម្មករហើយក្នុងពេលថ្មីៗនេះវាបាន រាលដាលទៅដល់សិស្សានុសិស្ស ៕






