នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២៦ ប្រទេសអ៊ីស្រាអ៊ែល បានបើកការវាយប្រហារទៅលើរដ្ឋធានីតេហ៍រ៉ង់ ប្រទេសអ៊ីរ៉ង់ ដែលបណ្តាលឱ្យមានផ្សែងខ្មៅហុយឡើងពាសពេញអាកាសចេញពីកណ្តាលទីក្រុងនេះ។ ការវាយប្រហារខាងលើ ហាក់ដូចជាមានគោលដៅនៅក្បែរទីស្នាក់ការរបស់មេដឹកនាំកំពូល អ៊ីរ៉ង់ លោក Ayatollah Ali Khamenei។ តាមប្រភពព័ត៌មាន បានឱ្យដឹងថា អាម៉េរិកបានចូលរួមក្នុងប្រតិបត្តិការនេះ ប៉ុន្តែព័ត៌មានលម្អិតអំពីកម្រិតនៃការចូលរួមរបស់អាម៉េរិកនៅមិនទាន់ច្បាស់លាស់នៅឡើយទេ ។
ភ្លាមៗក្រោយការវាយប្រហារ អ៊ីស្រាអ៊ែលបានបិទដែនអាកាសរបស់ខ្លួន និងបានជូនដំណឹងឱ្យប្រជាជនត្រៀមខ្លួនសម្រាប់លទ្ធភាពនៃការវាយប្រហារដោយមីស៊ីលតបតវិញពីសំណាក់ប្រទេសអ៊ីរ៉ង់។ ចំណែកឯនៅទីក្រុងតេហ៍រ៉ង់ឯណោះវិញ អ៊ីរ៉ង់បានកាត់ផ្តាច់សេវាទូរសព្ទ និងបិទដែនអាកាស ខណៈដែលគេនៅមិនទាន់ដឹងច្បាស់ថា តើអ៊ីរ៉ង់នឹងវាយបកវិញភ្លាមៗ ឬយ៉ាងណានោះទេ ប៉ុន្តែអ៊ីរ៉ង់ធ្លាប់បានព្រមានថា មូលដ្ឋានទ័ព និងបុគ្គលិកយោធាអាម៉េរិកក្នុងតំបន់ នឹងក្លាយជាគោលដៅប្រសិនបើខ្លួនត្រូវបានវាយប្រហារ ។
ការវាយប្រហារនេះកើតឡើងចំពេលដែលសហរដ្ឋអាម៉េរិក កំពុងព្យាយាមដាក់សម្ពាធលើអ៊ីរ៉ង់ ឱ្យយល់ព្រមលើកិច្ចព្រមព្រៀងបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដោយអាម៉េរិកបានប្រមូលផ្តុំយន្តហោះចម្បាំង និងនាវាចម្បាំងជាច្រើនគ្រឿងនៅក្នុងតំបន់។ គោលដៅដែលអ៊ីស្រាអ៊ែល-សហរដ្ឋអាម៉េរិក វាយប្រហាររួមមាន ទីតាំងយោធារដ្ឋាភិបាល និងទីតាំងស៊ើបការណ៍របស់អ៊ីរ៉ង់ ។
ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាម៉េរិកបានចាប់ផ្តើម «ប្រតិបត្តិការទ្រង់ទ្រាយធំ» ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។ លោកបានប្រាប់ឱ្យប្រជាជនអ៊ីរ៉ង់ប្រុងប្រយ័ត្ន និងនៅតែក្នុងផ្ទះ ព្រោះនឹងមានការទម្លាក់គ្រាប់បែកនៅគ្រប់ទីកន្លែង។ ការវាយប្រហារនេះ កើតឡើងស្របពេលដែលអ៊ីស្រាអ៊ែល ក៏បានវាយប្រហារផងដែរលើអ៊ីរ៉ង់ ដោយមានសេចក្តីរាយការណ៍ពីការផ្ទុះជាច្រើនកន្លែងនៅក្នុងរដ្ឋធានីតេហ៍រ៉ង់ ។
លោក ត្រាំ បានថ្លែងក្នុងវីដេអូមួយនៅថ្ងៃសៅរ៍នេះថា សកម្មភាពនេះធ្វើឡើងដើម្បីបញ្ឈប់ «ការគំរាមកំហែង» ពីសំណាក់រដ្ឋាភិបាលអ៊ីរ៉ង់ ដោយលោកចោទប្រកាន់ថា អ៊ីរ៉ង់គឺជាអ្នកឧបត្ថម្ភគាំទ្រធំជាងគេដល់ក្រុមភេរវកម្មលើពិភពលោក និងទើបតែបានបង្ក្រាបអ្នកតវ៉ារបស់ខ្លួនយ៉ាងឃោរឃៅ។ លោក ត្រាំ ទទួលស្គាល់ថា សកម្មភាពនេះអាចបណ្តាលឱ្យមានការបាត់បង់អាយុជីវិត ប៉ុន្តែលោកបញ្ជាក់ថា នេះគឺជាការធ្វើដើម្បីអនាគត ។
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអ៊ែល លោក Israel Katz ក៏បានបញ្ជាក់ដែរថា អ៊ីស្រាអ៊ែល បានបើកការវាយប្រហារជាមុន ដើម្បីលុបបំបាត់ការគំរាមកំហែងនានា។ គោលដៅនៃការវាយប្រហារនេះ គឺសំដៅទៅលើទីតាំងយោធា និងទីកន្លែងសំខាន់ៗរបស់រដ្ឋាភិបាលអ៊ីរ៉ង់។ ស្របពេលជាមួយគ្នា សញ្ញាព្រមានពីការវាយប្រហារដោយមីស៊ីល ក៏បានបន្លឺឡើងនៅទូទាំងប្រទេសអ៊ីស្រាអ៊ែលផងដែរ ។
ជុំវិញបញ្ហានេះ គឺស្ថិតក្នុងបរិបទដែលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ចង់ឱ្យមានកិច្ចព្រមព្រៀងកំណត់កម្រិតកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ ម្យ៉ាងទៀត អ៊ីរ៉ង់កំពុងជួបបញ្ហាផ្ទៃក្នុងយ៉ាងធ្ងន់ធ្ងរដោយសារតែការបះបោរពីសំណាក់ប្រជាជនអ៊ីរ៉ង់ខ្លួនឯង។ ទោះបីជាយ៉ាងនេះក្តី អ៊ីរ៉ង់នៅតែអះអាងថា ខ្លួនមានសិទ្ធិផលិតនុយក្លេអ៊ែរ ហើយបដិសេធមិនចរចាលើបញ្ហាផ្សេងទៀតឡើយ ដូចជា កាំជ្រួចមីស៊ីលរយៈចម្ងាយឆ្ងាយ ឬការគាំទ្រក្រុមប្រដាប់អាវុធដូចជា ហាម៉ាស់ (Hamas) និងហេសបូឡាហ៍ (Hezbollah) ៕



