ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា គុណភាពខ្យល់នៅកម្ពុជា មិនមានការធ្លាក់ចុះទូទាំងប្រទេសនោះទេ ប៉ុន្តែមានការប្រែប្រួលខ្លាំងតែជាបណ្ដោះអាសន្ន នៅតាមតំបន់ខ្លះៗប៉ុណ្ណោះ ហើយស្ថានភាពបានត្រឡប់មកស្ថិតក្នុងកម្រិតធម្មតាវិញយ៉ាងឆាប់រហ័ស ដោយមិនទាន់មានការប្រកាសអាសន្ននៅឡើយ។
ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងនាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ថា នៅរាជធានីភ្នំពេញ ចាប់ពីម៉ោង១ ទៀបភ្លឺ រហូតដល់ម៉ោង១០ ព្រឹក គុណភាពខ្យល់មានការប្រែប្រួលខ្លាំង ដោយកំហាប់ភាគល្អិតនិចល PM2.5 មានចន្លោះពី ៣០ ទៅ ១០០ មីក្រូក្រាម ក្នុងមួយម៉ែត្រគុបខ្យល់ (µg/m³)។ ក្នុងនោះ មានតែតំបន់ក្បែរ វត្តឧណ្ណាលោម នៅម៉ោងប្រហែល ៨ ព្រឹក ប៉ុណ្ណោះ ដែលកំហាប់ភាគល្អិតមានការកើនឡើងខ្លាំង ប៉ុន្តែបន្ទាប់មកបានធ្លាក់ចុះវិញយ៉ាងឆាប់ និងត្រឡប់មកស្ថានភាពល្អធម្មតាវិញ។
អ្នកនាំពាក្យក្រសួងបរិស្ថាន បានបន្ថែមថា នៅតាមបណ្ដាខេត្តមួយចំនួន ក៏មានការកត់សម្គាល់ឃើញការប្រែប្រួលគុណភាពខ្យល់នៅកន្លែងខ្លះដូចគ្នា ប៉ុន្តែមិនមានន័យថា ខេត្តទាំងមូលមានបញ្ហានោះទេ ព្រោះការប្រែប្រួលភាគច្រើនកើតឡើងនៅតំបន់ដែលអាចមានសកម្មភាពឆេះ ឬការដុតផ្សេងៗ។
ទាក់ទងនឹងការផ្សាយរបស់សារព័ត៌មានអន្តរជាតិមួយចំនួន ដែលបានបង្ហាញការព្រួយបារម្ភអំពីការកើនឡើងកំហាប់ភាគល្អិត PM2.5 នៅតំបន់អាស៊ីអាគ្នេយ៍ ឯកឧត្តម ខ្វៃ អាទិត្យា បានលើកឡើងថា កម្ពុជាបាននិងកំពុងពង្រឹងប្រព័ន្ធត្រួតពិនិត្យគុណភាពខ្យល់ ដោយមានស្ថានីយត្រួតពិនិត្យចំនួន ៥៩ កន្លែងនៅទូទាំងប្រទេស រួមជាមួយស្ថានីយផ្កាយរណប ១ គ្រឿង និងរថយន្តចល័ត ៣ គ្រឿង ដើម្បីតាមដាន និងផ្សព្វផ្សាយទិន្នន័យជាក់ស្តែង (Real-time) ជូនសាធារណជន។
ជាមួយគ្នានេះ ក្រសួងបរិស្ថាន បានអំពាវនាវឱ្យសាធារណជន តាមដានព័ត៌មានគុណភាពខ្យល់តាមប្រភពផ្លូវការ ដូចជា គេហទំព័រ www.airquality.moe.gov.kh, កម្មវិធីទូរស័ព្ទដៃ CGS SPA, និងបណ្ដាញហ្វេសប៊ុករបស់ក្រសួងបរិស្ថាន (Ministry of Environment) ដើម្បីទទួលបានព័ត៌មានត្រឹមត្រូវ និងទាន់ពេលវេលា។
បន្ថែមពីនេះ ក្រសួងបរិស្ថាន ក៏បាននិងកំពុងអនុវត្តវិធានការទប់ស្កាត់ការបំពុលខ្យល់ ដោយរួមមានការផ្សព្វផ្សាយអប់រំសាធារណៈ និងការអនុវត្តច្បាប់តឹងរឹងលើសកម្មភាពដុតព្រៃ ដុតសំណល់កសិកម្ម សំរាម និងសំណល់ប្លាស្ទិក ដែលប៉ះពាល់ដល់សុខភាពសាធារណៈ។





