កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យចំនួន ១៦នាក់ ទៅកាន់សាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីអនុវត្តតាមនីតិវិធី ចំពោះករណីជួញដូរ រក្សាទុក សម្រួលឲ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ព្រមទាំងកាន់កាប់ និងដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត។
ការបញ្ជូននេះ កើតឡើងបន្ទាប់ពីកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើប្រតិបត្តិការបង្រ្កាប កាលពីវេលាម៉ោង ១២ និង១៥នាទី ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចផ្លូវឡើងសកលវិទ្យាល័យ UME ស្ថិតក្នុងភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ក្នុងប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់សរុបចំនួន ១៦នាក់ ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន និងអាវុធខុសច្បាប់ ក្នុងនោះមានទាំងអ្នកជួញដូរ អ្នករក្សាទុក អ្នកសម្រួលឲ្យប្រើប្រាស់ និងអ្នកប្រើប្រាស់សារធាតុញៀន។
ជាមួយគ្នានេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន គ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លា (ICE) ចំនួន ១២កូនថង់ ទម្ងន់ ២០,៧៤ក្រាម, គ្រឿងញៀនប្រភេទថ្នាំគ្រាប់ (WY) ចំនួន ០៦គ្រាប់ ទម្ងន់ ១ក្រាម, ម៉ូតូ ០៦គ្រឿង, ទូរស័ព្ទ ០៩គ្រឿង, ផ្លាកលេខម៉ូតូ ០២សន្លឹក, កាំភ្លើងស្នប់កែច្នៃ ០៣ដើម, កាំបិតស្នៀត ០១ដើម និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
លោកវរសេនីយ៍ត្រី សុខ ឡេង បានឱ្យដឹងថា ក្រោយការឃាត់ខ្លួន និងសួរនាំ ជនសង្ស័យទាំងអស់បានឆ្លើយសារភាពថា ពួកគេពិតជាបានប្រព្រឹត្តអំពើជួញដូរ រក្សាទុក សម្រួលឲ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ព្រមទាំងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ពិតប្រាកដមែន។
ដោយផ្អែកលើចម្លើយសារភាព និងវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបខាងលើ បានទទួលការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យផងដែរ។
បច្ចុប្បន្ន ជនសង្ស័យទាំង ១៦នាក់ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕






